Connect with us

ព័ត៌មានជាតិ

ទឹកទន្លេមេគង្គចាប់ផ្ដើមឡើងជាបន្តបន្ទាប់ កសិករដាំដំណាំពោតត្រូវបង្ខំចិត្តប្រមូលផលទាំងមិនទាន់ទុំល្អ

បានផុស

នៅ

កសិករចំនួន៣ភូមិ ក្នុងឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចាប់ផ្ដើមចុះប្រមូលផលពោតចំណីសត្វ ខណ:ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើងធ្វើឲ្យកសិករមានការព្រួយបារម្ភអំពីផលដំណាំរបស់គាត់ ដោយពោតមិនទាន់ទុំល្អនៅឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ជាកសិករនៅក្នុងភូមិជីរោទ៍កណ្ដាល ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ទឹកទន្លេបានឡើងមកដល់ចុងចម្កាពោតរបស់គាត់ហើយ ដូច្នេះទាំងគាត់ ក៏ដូចជាកសិករទាំងអស់គ្នាត្រូវតែស្រូតប្រមូលផលឲ្យហើយ ទើបបានផលខ្លះ កុំឲ្យទឹកលិចបណ្តាលឲ្យខូចខាតទាំងស្រុងនោះ។ បើតាមលោក ពៅ នៅពាក់កណ្ដាលខែមិថុនានេះ ដំណាំកសិកម្មមួយចំនួនកំពុងឲ្យផល រួមមាន ពោតស ពោតក្រហម ត្រសក់ និងល្ង ជាដើម។

លោក ទួន ឆៃលីម មេឃុំជីរោទ៍ទី១ បានឲ្យដឹងថា ឃុំមានផ្ទៃដីដាំពោតក្រហមទំហំ ៥០០ហិកតា។ លោកថា ប៉ុន្មានថ្ងៃនេះ ទឹកទន្លេមេគង្គបានឡើងជាបន្តបន្ទាប់ធ្វើឲ្យលិចផ្ទៃដីដាំពោតចំនួន៤០ហិកតា ក្នុងភូមិចំនួន៣ មានភូមិជីរោទិ៍ក្រោម ភូមិជីរោទ៍ទី១ និងភូមិជីរោទ៍ទី២ ។ ទន្ទឹមនេះ កសិករក៏បានខិតខំប្រមូលផលទាំងបង្ខំ ខណៈពោតមិនទាន់ទុំល្អនោះ។ ការងារនេះ អាជ្ញាធរក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងឃុំ ឲ្យមានការប្រុងប្រយ័ត្ន និងប្រមូលផលដំណាំកសិកម្មឲ្យទាន់ពេលវេលាផងដែរ។

បើយោងតាមរបាយការណ៍កម្ពស់ទឹកពីលោក សុខ ឡេងម៉េង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ទឹកទន្លេមេគង្គខេត្តត្បូងឃ្មុំ មានកម្ពស់ ៨,៨០ម៉ែត្រ បើធៀបនឹងថ្ងៃម្សិលមិញ ទឹកឡើង ០,៥០ ម៉ែត្រ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម