Connect with us

ព័ត៌មានជាតិ

កម្ពុជាតវ៉ាទៅសហគមន៍អន្តរជាតិចំពោះការបំពានរបស់ថៃលើបទឈប់បាញ់  

បានផុស

នៅ

កម្ពុជាបានប្រាប់ទៅកាន់អង្គការសហប្រជាជាតិចំពោះទង្វើរបស់ភាគីថៃ ដែលបានកំពុងបន្តរំលោភបំពានកាន់តែធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងដោយភាគីទាំងពីរពាក់ព័ន្ធនឹងបទឈប់បាញ់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានលើកឡើងក្នុងសន្និសីទសារព័ត៌មាននាវេលាថ្ងៃត្រង់ទី១២ ខែសីហានេះ ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតទៅប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីប្រាប់អំពីហានិភ័យដែលកំពុងកើនឡើង និងការគំរាមកំហែងចំពោះបទឈប់បាញ់ដ៏ផុយស្រួយខ្លាំងរវាងកម្ពុជា-ថៃ។

តាមការលើកឡើងរបស់លោក ជុំ សុន្ទរី លិខិតរបស់ប្រមុខការទូតកម្ពុជា ចុះនៅថ្ងៃទី១១ ខែសីហា បានគូសបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ថា បច្ចុប្បន្នការគំរាមកំហែងចំពោះបទឈប់បាញ់កាន់តែធ្ងន់ធ្ងរឡើង ដោយសារ តែភាគីថៃបានរំលោភបំពានលើដែនអធិបតេយ្យកម្ពុជាជាបន្តបន្ទាប់ ដោយមានទាំងរាយបន្លាលួស។

តាមខ្លឹមសារលិខិតដដែលនេះ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន ក៏បានលើកឡើងអំពីសេចក្ដីថ្លែងការណ៍របស់មេបញ្ជាការយោធភូមិភាគទី២ថៃ ដែលចង់វាយដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំ ដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាផងដែរ។

ចំពោះមុខការប្រកាសឈ្លានពានរបស់មេយោធាភូមិភាគទី២ថៃលើកម្ពុជាជាថ្មីទៀតនេះ បើតាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា គឺលិខិតរបស់លោក ប្រាក់ សុខុន បានចាត់ទុកសកម្មភាពទាំងនេះ គឺជាការបន្តរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលភាគីកម្ពុជា និងថៃ សម្រេចបានក្នុងកិច្ចប្រជុំពិសេសនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។

ន័យនេះ កម្ពុជាបានទាមទារឱ្យថៃបញ្ឈប់ការឈ្លានពានលើដែនអធិបតេយ្យរបស់ខ្លួន ព្រមទាំងដកកម្លាំងយោធាចេញពីទឹកដីកម្ពុជា និងអនុវត្តឱ្យបានពេញលេញ និងគ្មានលក្ខខណ្ឌចំពោះកាតព្វកិច្ចជាទ្វេភាគី និងអន្តរជាតិ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម