ព័ត៌មានជាតិ
រដ្ឋមន្រ្តីអប់រំ៖ ការវិភាគលទ្ធផល សិស្សថ្នាក់វិទ្យាសាស្រ្ត ជាសិស្សសុទ្ធតែមានគុណភាពបាននិទ្ទេស A ច្រើន
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា តាមការវិភាគកន្លងមក សិស្សថ្នាក់វិទ្យាសាស្រ្តសុទ្ធតែជាសិស្សដែលមានគុណភាព ខណៈការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សថ្នាក់វិទ្យាសាស្រ្តទទួលបាននិទ្ទេស A មានចំនួនច្រើនជាងសិស្សថ្នាក់វិទ្យាសាស្រ្តសង្គម។

នាសន្និសីទសារព័ត៌មានស្ដីពី “ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ២២ ខែសីហា លោក ហង់ជួន ណារ៉ុន បានថ្លែងថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានសិស្សប្រមាណ ៣០ ភាគរយ ចាប់យកថ្នាក់វិទ្យាសាស្រ្ត និង៧០ ភាគរយ ចាប់យកវិទ្យាសាស្រ្តសង្គម ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រឡងជាង ១៤ម៉ឺននាក់ទូទាំងប្រទេស។ ទោះបីចំនួនសិស្សចាប់យកវិទ្យាសាស្រ្តមានចំនួនតិច ប៉ុន្តែលោកវាយតម្លៃថា៖«យើងបានវិភាគលទ្ធផល នៅក្នុងចំណោមសិស្សនិទ្ទេស A ចំនួន ២ ២២៥ នាក់ សិស្សដែលមកពីថ្នាក់វិទ្យាសាស្រ្តដែលជាប់និទ្ទេស A មានជាង៧០ភាគរយ ដូច្នេះសិស្សថ្នាក់វិទ្យាសាស្រ្តជាសិស្សដែលមានគុណភាព ហើយអាចបន្តការសិក្សាជ្រើសរើសជំនាញផ្នែកវិទ្យាសាស្រ្ត»។
ចំណែកសិស្សដែលចាប់យកវិទ្យាសាស្រ្តសង្គម លោកបញ្ជាក់ថា ក៏មានសិស្សពូកែដែរ ប៉ុន្តែអត្រាសិស្សពូកែទាបជាងសិស្សថ្នាក់វិទ្យាសាស្រ្ត។ ដើម្បីសម្រិតសម្រាំងសិស្សទៅតាមមុខជំនាញ លោកឧបនាយករដ្ឋមន្រ្តី បង្ហើបឱ្យដឹងថា នៅឆ្នាំសិក្សាថ្មីខាងមុខនេះ ក្រសួងនឹងសាកល្បងបែងចែកថ្នាក់សិក្សាទៅជាបីជំនាញ។ លោកថ្លែងថា៖«ឆ្នាំសិក្សាថ្មីនេះ តាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យើងនឹងរៀបចំនូវយន្តការថ្មីមួយទៀត គឺគន្លងអប់រំ ដែលញែកពីកម្រិតថ្នាក់ទី១០ ដល់ ១២ គឺកន្លងថ្នាក់វិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងគន្លងវិជ្ជាជីវៈ ហើយនឹងអនុវត្តសាកល្បងនៅតាមសាលាមួយចំនួន»។

លោកអះអាងថា ការញែកថ្នាក់រៀននេះ ដើម្បីឱ្យសិស្សានុសិស្សស្គាល់អំពីខ្លួនឯងកាន់តែច្បាស់ ដឹងពីសមត្ថភាព ក្នុងការជ្រើសរើសយកជំនាញ។ លោកបន្តថា៖«យើងនឹងជ្រើសរើសថ្នាក់វិទ្យាសាស្រ្ត វិទ្យាសាស្រ្តសង្គម និងថ្នាក់អប់រំបច្ចេកទេស ចឹងសិស្សណាដែលពូកែវិទ្យាសាស្រ្ត នឹងរុញឱ្យគាត់ទៅរៀនវិទ្យាសាស្រ្ត សិស្សណាពូកែវិទ្យាសាស្រ្តសង្គម ទៅរៀនថ្នាក់វិទ្យាសាស្រ្តសង្គម ហើយសិស្សផ្សេងទៀតរៀនការអប់រំបច្ចេកទេស»។
លោកបានគូសបញ្ជាក់ពីភាពចាំបាច់ថា៖« នេះគឺជាបន្តសម្រិតសម្រាំងបេក្ខជន ដើម្បីឱ្យអត្រាសិស្សដែលរៀនវិទ្យាសាស្រ្ត មានការកើនឡើង និងដាក់ចេញវិធានការផ្សេងទៀត ដើម្បីពង្រឹងសិស្សថ្នាក់វិទ្យាសាស្រ្ត។ សិស្សថ្នាក់វិទ្យាសាស្រ្ត ៣០ភាគរយ តែសុទ្ធសឹងតែជាសិស្សពូកែ ដែលជាធនធានសម្រាប់កម្ពុជានៅពេលអនាគត»។
គួរជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២ នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤០ ៦៧៨ នាក់ ស្រី ២៤ ៥១៩ នាក់ បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១០៦ ០៤២ នាក់ ស្រី ៥៦ ៩២៣ នាក់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


