Connect with us

ព័ត៌មានជាតិ

អូស្ត្រាលី ប្តេជ្ញាជួយ កម្ពុជា ឲ្យសម្រេចបានចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០

បានផុស

នៅ

រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាជួយប្រទេសកម្ពុជាឲ្យឈានឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និង កម្រិតខ្ពស់នៅឆ្នាំ ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្តេជ្ញានេះបានធ្វើឡើងកាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦ ក្នុងឱកាស លោក Derek Yip ឯកអគ្គរដ្ឋទូតប្រទេសអូស្ត្រាលីប្រចាំកម្ពុជា បានជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីចំណាប់អារម្មណ៍ស្វែងយល់លម្អិតអំពីបេសកកម្មអាទិភាពថ្មីៗ របស់ក្រសួងសម្រាប់ឆ្នាំបន្តបន្ទាប់ ដើម្បីបន្តពង្រឹង និង ពង្រីកកិច្ចសហការលើវិស័យអប់រំបន្ថែមទៀត ដោយរំលេចពីទិសដៅថ្មីៗ នៃកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់គន្លងអប់រំថ្មី ជំរុញការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យប្រទេសទាំងពីរ និង ជំរុញការចូលរួមរបស់និស្សិតកម្ពុជាក្នុងកម្មវិធីអាហារូបករណ៍អូស្ត្រាលីឆ្លើយតបនឹងតម្រូវការជំនាញខ្ពស់ សំដៅជួយកម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០។

ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញមោទនភាពចំពោះកំណើនកិច្ចសហប្រតិបត្តិការថ្មីៗ រវាងសាកលវិទ្យាល័យអូស្ត្រាលី និង កម្ពុជា ដែលបានបង្កើតនូវកម្មវិធីសិក្សារួមគ្នាជាច្រើន ដូចជា បរិញ្ញាបត្រទ្វេ (Dual Degree) និង កម្មវិធីសិក្សា ២ ឆ្នាំ នៅកម្ពុជា និង ២ ឆ្នាំ នៅអូស្ត្រាលី (Sandwich Program/Degree) និងកិច្ចសហការផ្លាស់ប្ដូរកម្មវិធីសិក្សាជាច្រើនទៀត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលអូស្ត្រាលី តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ជាពិសេសការផ្ដល់នូវអាហារូបករណ៍ ការសហការផ្លាស់ប្ដូរបទពិសោធ Dual Degree និង Sandwich Program ដែលពិតជាផ្ដល់ឱកាសសម្បូរបែបដល់សិស្សនិស្សិតកម្ពុជាក្នុងការបន្តពង្រឹងសមត្ថភាព និង ជំនាញ។

ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចគំនិតផ្ដួចផ្ដើមបង្កើតកិច្ចសហប្រតិបត្តិការបន្ថែមលើការបណ្ដុះបណ្ដាលគ្រូ នាយកសាលា និង ការគ្រប់គ្រងសាលារៀន និង កម្មវិធីផ្លាស់ប្ដូរនានារវាងសាលារៀនកម្ពុជា និង អូស្ត្រាលី និង ការរៀបចំពិព័រណ៍អប់រំរបស់អូស្ត្រាលីបន្ថែមទៀតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក្រសួងអប់រំ យុវជន និង កីឡា និង រាជរដ្ឋាភិបាលអូស្ត្រាលី គឺជាដៃគូយុទ្ធសាស្ត្រដ៏យូរអង្វែង និង មានវិសាលភាពធំធេង ក្នុងការគាំទ្រដល់កំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជា ចាប់តាំងពីកម្រិតមូលដ្ឋាន រហូតដល់ការអភិវឌ្ឍធនធានមនុស្សកម្រិតខ្ពស់ និង ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ដោយផ្ដោតទិសដៅលើជំនាញដែលឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ជាតិ ដូចជា គោលនយោបាយអប់រំ , STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) , សេដ្ឋកិច្ច និង កសិកម្ម៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម