ព័ត៌មានជាតិ
គិតត្រឹមខែកក្កដា ខេត្តសៀមរាបមានសណ្ឋាគារតូចធំប្រមាណ ១៩០ កន្លែង បើកផ្តល់សេវាស្នាក់នៅដល់ភ្ញៀវទេសចរ
សណ្ឋាគារតូចធំប្រមាណ ១៩០ កន្លែង កំពុងបើកដំណើរការអាជីវកម្មផ្តល់សេវាកម្មស្នាក់នៅដល់ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប។ នេះបើតាមលោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាប។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីនៃមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា ខេត្តសៀមរាបមានសណ្ឋាគារសរុបចំនួន ២៣២ កន្លែង ប៉ុន្តែសណ្ឋាគារដែលកំពុងធ្វើប្រតិបត្តិការអាជីវកម្មមានចំនួន ១៩១ កន្លែង ខណៈសណ្ឋាគារចំនួន ១៩ កន្លែងបានផ្អាកអាជីវកម្ម និងសណ្ឋាគារដែលបានបិទមានចំនួន ២២ កន្លែង។

ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងបន្តថា សម្រាប់រយៈពេល ០៧ ខែ ឆ្នាំ ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណ ៣ ០០៦ ៦០៦ នាក់ កើនឡើង ៤៨.៥ ៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២ ៣៨៧ ៨៣៥ នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ៦១៨ ៧៧១ នាក់។
សារព័ត៌មានដ៏ធំមួយមានមូលដ្ឋាននៅអាមេរិក New York Times ធ្លាប់បានចុះផ្សាយ ខេត្តសៀមរាបជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្តនៅរដូវកាលបៃតង។


លោក ហ្វីលីព កៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបបានឲ្យកម្ពុជាថ្មីដឹងថា នៅរដូវកាលបៃតងនេះរមណីយដ្ឋានអង្គរនៅក្នុងខេត្តសៀមរាបមានភាពទាក់ទាញដោយសារជារដូវមានភ្លៀងធ្លាក់ជោគជាំ ដែលនាំឲ្យតំបន់រមណីយដ្ឋានអង្គរបានរំលេចសម្រស់ធម្មជាតិស្រស់បំព្រង ដែលបង្កើតផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ទេសចរដើរកម្សាន្ត។
ខណៈតំបន់ប្រាសាទបុរាណជាផលិតផលទេសចរណ៍ដ៏សំខាន់ ដែលទាក់ទាញទេសចរជាតិនិងអន្តរជាតិមកកម្សាន្តក្នុងខេត្តសៀមរាប ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប ស្នើឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់រៀបចំតំបន់សក្តានុពលផ្សេងទៀត ដើម្បីទាក់ទាញទេសចរមកដើរកម្សាន្តនិងស្នាក់នៅខេត្តសៀមរាបកាន់តែយូរ។
លោក ហ្វីលីព កៅ បានលើកឡើងពីសក្តានុពលតំបន់ទេសចរណ៍ភ្នំគូលែន និងកំពង់ភ្លុក។ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបរូបនេះបានអះអាងថា សក្ដានុពលទេសចរណ៍នៅតំបន់ភ្នំគូលែន និងកំពង់ភ្លុកដែលនៅជាប់មាត់បឹងទន្លេសាប បើសិនមានការរៀបចំកែលម្អបន្ថែម នឹងក្លាយជាគោលដៅទេសចរដ៍ទាក់ទាញក្រៅពីតំបន់រមណីយដ្ឋានអង្គរ ខណៈដែលលោកមើលឃើញថាបច្ចុប្បន្ននៅមិនទាន់រៀបចំបានល្អប្រសើរនៅឡើយទេ។
ទេសចរបរទេសដែលមកកម្សាន្តខេត្តសៀមរាបជាធម្មតាស្នាក់នៅជាមធ្យមត្រឹម ២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។ នេះបើតាមលោក ហ្វីលីព កៅ។
បើសិនទីតាំងគោលដៅទេសចរណ៍ទាំងពីរត្រូវបានអាជ្ញាធរយកចិត្តទុកដាក់រៀបចំកែលម្អថែមទៀត នឹងអាចជំរុញឲ្យទេសចរអាចស្នាក់នៅខេត្តសៀមរាបកាន់តែយូរ ដែលនឹងនាំឲ្យអាជីវកម្មក្នុងខេត្តរីកចម្រើន បង្កើនប្រភពចំណូលដល់ពលរដ្ឋក្នុងមូលដ្ឋាន។ លោក ហ្វីលីព កៅ បញ្ជាក់បន្ថែម។
បើតាមមន្រ្តីអាជ្ញាធរអប្សរា សម្រាប់រយៈពេល ០៧ ខែ ឆ្នាំ២០២៥ ចំណូលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានចំនួន ២៨ ៦៤៣ ៤០៧ ដុល្លារ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៤ មានការកើនឡើង ៥.៣៩%៕
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


