សេដ្ឋកិច្ច
ការរុះរើព្រលានយន្តហោះភ្នំពេញជិតបញ្ចប់ មុនពេល អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការនៅសប្ដាហ៍ក្រោយ
ការរុះរើផ្ទេរប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោហៀបនឹងបញ្ចប់ មុនពេលអាកាសយានដ្ឋានថ្មីបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ ទី០២ ខែកញ្ញាថា ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញកំពុងរុះរើបណ្ដើរៗ ក្នុងការផ្ទេរទៅអាកាសយានដ្ឋានអន្តរជាតិតេជោដែលនឹងបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីការធ្វើតេស្តសាកល្បងហោះហើរច្រើនដងទទួលបានជោគជ័យរួចមកហើយ។
លោកបញ្ជាក់ថា៖ «សម្ភារណាដែលមានការឯកភាពនៅក្នុងកិច្ចសន្យា ដែលអាចយកទៅប្រើប្រាស់នៅព្រលានថ្មីបានគេយកទៅ ប៉ុន្តែភាគច្រើនឥវ៉ាន់គេអត់យកទៅច្រើនទេ ដោយសារឧបករណ៍សម្ភារដែលបំពាក់នៅព្រលានថ្មី គឺជាឧបករណ៍ថ្មីទាំងអស់ ការផ្ទេរប្រតិបត្តិការសំដៅទៅលើមនុស្ស ការហាត់រៀន ដែលបុគ្គលិកកំពុងហ្វឹកហ្វឺននៅព្រលានថ្មី»។

បន្ទាប់ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មី រដ្ឋាភិបាលបានសម្រេចផ្ទេរការគ្រប់គ្រងព្រលានភ្នំពេញ ទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានកងកម្លាំងការពារសន្តិសុខ ការពារទ្រព្យសម្បត្តិរបស់រដ្ឋ រួមទាំងការការពារល្បាតជុំវិញ និងទីតាំង ដីនៅកន្លែងនេះ នៅតែជារបស់រដ្ឋដដែល។
លោកបានថ្លែងបន្ថែមថា៖ «អាកាសយានដ្ឋានហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកទទួលបន្ទុក ថែទាំបន្ត ហើយថ្ងៃក្រោយទៀត រដ្ឋចង់ដាក់ឱ្យដំណើរការ ឬធ្វើអាជីវកម្មអ្វី ជាគោលការណ៍របស់រដ្ឋ យើងអត់ទាន់ដឹងថា នៅពេលខាងមុខយើងយកប្រើប្រាស់សម្រាប់អ្វីទេ ប៉ុន្តែមិនមែនសម្រាប់ព្រលានយន្តហោះទេ សម្រាប់អ្វីទៀតយើងអត់ទាន់ដឹងទេ យើងរង់ចាំមើលការសម្រេចចិត្តរបស់រដ្ឋាភិបាល»។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិបាលកម្ពុជា មិនដែលមានគម្រោងលក់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញទៅឱ្យឯកជននោះទេ បើទោះបីជាផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មីហើយក៏ដោយ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «គោលការណ៍ដែលយើងគ្រោង បច្ចុប្បន្ន គឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតបន្ទាន់ (Emergency Landing) ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ពិតណាស់យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលាននេះទេ ទី២ ក៏ពាក់ព័ន្ធនឹងកិច្ចសន្យាក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧត្ថម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្ន ទោះបីមិនមានកន្លែងបញ្ជា ក៏អ្នកបើកដែលឆែកជាមួយបច្ចេកទេសអាចប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកដែលមើលបានអាចុះបណ្ដោះអាសន្នកន្លែងនេះ»។
គោលការណ៍ដែលគ្រោងមាន ៣ ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនអោយបាត់ដែលជាអតីតព្រលានយន្តហោះ ស្នាមព្រះហស្ដ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំ។ ទី២ គឺជម្រើសផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា គឺនឹងប្រែក្លាយទៅជាកន្លែងមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់។ ទី៣ ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនមានផ្ដល់ឱ្យឯកជនទេ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥កម្ពុជាទទួលបានអ្នកដំណើរជាតិ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៤។
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសនឹងកើនដល់ចំនួន ៧,៥លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


