Connect with us

សេដ្ឋកិច្ច

​កម្ពុជា​ដាក់​ទិស​ដៅ ​ដឹក​អ្នកដំណើរ​តាម​ផ្លូវ​អាកាស ​ឱ្យ​បាន ៨ ​លាន​នាក់​ឆ្នាំនេះ

បានផុស

នៅ

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​ ជំរុញការអនុវត្តគោលនយោបាយ​ជាតិ ២០២៥-២០៣៥ ដើម្បីដឹកអ្នកដំណើរតាមផ្លូវអាកាស​ឱ្យបាន ៨ ​លាននាក់​ និងទំនិញចំនួន ​១១២ ​ពាន់តោន ​នៅឆ្នាំ ២០២៦ ​ដោយ​សារមានតម្រូវការពាណិជ្ជកម្ម ទេសចរណ៍។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោកបណ្ឌិត ​ម៉ៅ ​ហាវណ្ណាល់ ​រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនៅថ្ងៃទី ១៩ ឧសភា នេះបាន​ដាក់​ចេញនូវយុទ្ធសាស្ត្រ​ចំនួន ៦ ដែលមានទិសដៅការងារអាទិភាពមួយចំនួន ដើម្បីអនុវត្តនៅ​ឆ្នាំ ២០២៦។ ​បន្ទាប់​ពីច្បាប់ឆ្នាំ ២០២៦ ​ដាក់ឱ្យប្រើប្រាស់នឹងផ្ដល់អំណាចសម្រាប់​ជំរុញវិស័យ​អាកាស​ចរណ៍​កម្ពុជាឱ្យងើបឡើងវិញ ក្លាយជា​សរសរស្ដម្ភសេដ្ឋកិច្ច និងប្រភពការងារ ដែលជំរុញ​ឱ្យមាន​ការ​កែ​ទម្រង់។

​លោកបានថ្លែងបន្ថែមថា ​ឆ្នាំ ២០២៥ គឺជាឆ្នាំដែលជោគជ័យ លើការកែទម្រង់ច្បាប់ និងការ​ពង្រឹង​សុវត្ថិភាពក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយក៏ជាកាតាលីករមួយ អាចជំរុញ និងផ្លាស់ប្ដូរ មុខ​មាត់​វិស័យអាកាសចរណ៍កម្ពុជាឱ្យកាន់តែរីកចម្រើន។​

​ទោះជាយ៉ាងណា​ កម្ពុជា​នៅមានបញ្ហាប្រឈម​ ដោយចំនួនអ្នកដំណើរមិនទាន់វិល​ត្រឡប់មក​ស្ថាន​ភាព​មុនកូវីដ​នៅឡើយ​ ខណៈបញ្ហាភូមិសាស្ត្រនយោបាយ ​សង្គ្រាមនៅអ៊ុយក្រែន ​និង​មជ្ឈិមបូព៌ា បង្ក​ផលប៉ះពាល់ដល់ស្ថិរភាពដឹកជញ្ជូនសាកល និងបញ្ហានៅតាមព្រំដែនកម្ពុជា-ថៃ។​

​លោកបានលើកឡើងថា៖ «​ដើម្បីធានានិរន្តរភាព​នៃការអនុវត្តការងារបន្ទាប់​ អាកាស​ចរ​ណ៍​ស៊ីវិល​ជំរុញការអនុវត្តគោលនយោបាយ​ជាតិ ២០២៥-២០៣៥ ​ដើម្បីសម្រេចឱ្យបាន​អ្នកដំណើរ​ ៨ លាននាក់ ​និងទំនិញ ១១២ ​ពាន់តោន ក្នុងឆ្នាំ ២០២៦ ​និងអាច​ឱ្យវិល​ត្រឡប់​ទៅរកស្ថាន​ភាព​មុន​កូវីដ១៩ ​នៅឆ្នាំបន្ទាប់»។​

​បើតាមលោក ​ម៉ៅ ហាវណ្ណាល់ ​ទិសដៅឆ្នាំ ២០២៦ ​នឹងក្លាយជា «របត់ថ្មីនៃទំនើបកម្មឌីជីថល ​និងការពង្រឹងច្បាប់​» តាមរយៈការ​បើក​ចំហ​កិច្ចសហការកាន់តែជិតស្និទ្ធ ​ជាមួយវិស័យឯកជន ​ដើម្បីឈានទៅសម្រេចបាននូវការតភ្ជាប់​ និង​ភាពប្រកួតប្រជែងកម្រិតអន្តរជាតិ។

​យោង​តាម​អាកាសចរណ៍ស៊ីវិល​ គិតចាប់ពីខែមករា ​ដល់ខែមេសា ២០២៦​ អ្នកដំណើរជាង ២,៤ លាននាក់​ ចេញ-ចូលតាមផ្លូវអាកាសកម្ពុជា​ ធ្លាក់ចុះ៤% ​ធៀបនឹងរយៈពេលដូចគ្នា ​កាលពីឆ្នាំមុន ​ខណៈជើង​ហោះហើរ​មាន​ចំនួន​ជាង​ ២ ​ម៉ឺនជើង​ (២៣ ២០៤) កើន​ឡើង​ ២% ​និងទំនិញចេញ-ចូលចំនួនជាង ៣០ ពាន់តោន កើនឡើង ៣៦%។​

​នៅ​ក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបាន​ជើង​ហោះហើរចេញ-ចូល (ទ្វេទិស) ​ចំនួន ​៦៤ ៨២១ ជើង កើន​ឡើង​ ១១%, អ្នកដំណើរចេញ-ចូល (ទ្វេទិស) ចំនួនជិត ៧ លាននាក់ (៦៩៨៨២៥៩) កើនឡើង ១២%​ និងទំនិញតាមផ្លូវអាកាសមានចំនួន ​៩៣ ៨៨៩ តោន ​កើន ២១% ប្រៀបធៀបនឹងឆ្នាំ ២០២៤​៕

អត្ថបទ៖ ឡេង ដេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម