ព័ត៌មានជាតិ
ការធ្វើដំណើរតាមផ្លូវអាកាសនៅកម្ពុជា បើកជើងហោះហើរជាធម្មតា ពុំមានការបិទដូចពាក្យចចាមអារ៉ាមទេ
កម្ពុជា តាមរយៈក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញមកប្រកាសថា ការធ្វើដំណើរតាមផ្លូវអាកាសចូលមកប្រទេសកម្ពុជាកំពុងបើកដំណើរការជើងហោះហើរជាធម្មតា ពុំមានការបិទជើងហោះហើរដូចការផ្សាយនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់ចិនឡើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ មានការផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គម We Chat ថា អាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជា បានបិទការចូលប្រទេសទាំងស្រុងបណ្តោះអាសន្ន និងរឹតបន្តឹងច្រកព្រំដែនគោក ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ព្រមទាំងហាមឃាត់អ្នកដំណើរបរទេស ដែលមានអាយុក្រោម៤០ឆ្នាំទាំងអស់ មិនថាប្រុស ឬស្រី ទោះមានទិដ្ឋាការ ឬឯកសារអាជីវកម្មក៏ដោយ។

ជុំវិញព័ត៌មានចចាមអារ៉ាមនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបដិសេធទាំងស្រុង និងចាត់ទុកការផ្សព្វផ្សាយទាំងនេះ ជាការមួលបង្កាច់ បំភ្លៃការពិត នាំឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណមតិអន្តរជាតិ ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា ជារដ្ឋមួយពុំដែលរើសអើងជាតិសាសន៍នានាក្នុងទំនាក់ទំនងអន្តរជាតិ។
សេចក្ដីបំភ្លឺក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នគរបាលអន្តោប្រវេសន៍កម្ពុជា គឺគ្មានគោលការណ៍រឹតបន្តឹងហាមឃាត់ជនបរទេសស្របច្បាប់ដែលមានអាយុក្រោម៤០ឆ្នាំ មិនឱ្យចូលមកកម្ពុជានោះឡើយ។ ក្រសួង ថា គ្រប់សមាសភាពនៃជនបរទេសដែលបំពេញលក្ខខណ្ឌត្រឹមត្រូវទាំងអស់ សុទ្ធតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីកម្ពុជា ជាពិសេសភ្ញៀវទេសចរបរទេស អ្នកវិនិយោគ អាជីវករ ពាណិជ្ជករ និងពលករបរទេសដទៃទៀត។

តាមការបញ្ជាក់របស់ក្រសួងមហាផ្ទៃ នៅតាមបណ្តាច្រកទ្វារអន្តរជាតិសំខាន់ៗនៅកម្ពុជា ទាំងផ្លូវអាកាស និងផ្លូវគោក កំពុងដំណើរការបំពេញបែបបទចេញ-ចូលប្រទេសជាប្រក្រតី ពោលពុំមានការផ្លាស់ប្តូរណាមួយដែលធ្វើឱ្យរាំងស្ទះដល់ការធ្វើដំណើរចេញ-ចូលរបស់ជនបរទេសមកកម្ពុជាដូចការប្រឌិតឡើយ។
បន្ថែមពីការបំភ្លឺខាងលើនេះ ក្រសួងមហាផ្ទៃក៏បានលើកឡើងពីការលើកលែងទិដ្ឋាការសាកល្បងដល់ពលរដ្ឋចិនផងដែរ ដោយកម្ពុជាផ្តល់រយៈពេលស្នាក់នៅចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ ដែលនឹងត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


