Connect with us

ព័ត៌មានជាតិ

ឥណ្ឌាពង្រីកកិច្ចសហការលើវិស័យព័ត៌មានជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌

បានផុស

នៅ

ឥណ្ឌានឹងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា លើវិស័យព័ត៌មាន ដើម្បីឈានទៅផ្សព្វផ្សាយលើផ្នែកផ្សេងៗទៀតជាច្រើនជាមួយកម្ពុជា ជាពិសេសវិស័យទេសចរណ៍ វប្បធម៌ និងការវិនិយោគ។ នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោក វណ្ណឡាលវ៉ូណា បយធ្លង់ (Vanlalvawana Bawitlung)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោក Bawitlung បានធ្វើឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា ក្នុងឱកាសដែលលោក ត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។

លោក ពុយ គា បានជម្រាបលោកឯកអគ្គរដ្ឋទូតថា ក្លិបអ្នកកាសែតកម្ពុជា មានអាយុកាលជាង២៥ឆ្នាំ ហើយបច្ចុប្បន្នក្លិបអ្នកកាសែតកម្ពុជាមានសមាជិកសកម្មជាង៦០០នាក់ដែលកំពុងបំពេញវិជ្ជាជីវៈសារព័ត៌មាននៅស្ថាប័នចំនួនជិត២០០នៅទូទាំងប្រទេស។

លោក ពុយ គា បានថ្លែងថា ក្លិបអ្នកកាសែតកម្ពុជាបាននិងកំពុងដើរតួនាទីក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងក្រមសីលធម៌ដល់អ្នកសារព័ត៌មាន ព្រមទាំងបានរៀបចំនូវវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់ផ្សេងៗទៀត ជាពិសេសលើវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា។ ជាមួយគ្នានេះ ក្លិបអ្នកកាសែតកម្ពុជា ក៏តែងរៀបចំវេទិកាសារព័ត៌មានជាមួយស្ថាប័នរដ្ឋ វិស័យឯកជន អង្គការសង្គមស៊ីវិល និងបណ្តាស្ថានទូតនានា ព្រមទាំងរៀបចំនូវដំណើរទស្សនកិច្ចអ្នកសារព័ត៌មានទៅកាន់តំបន់សក្តានុពលនានានៅទូទាំងប្រទេសកម្ពុជា។

ដើម្បីពង្រីកសកម្មភាពបន្ថែមទៀត លោក ពុយ គា បានស្នើដល់ស្ថានទូតឥណ្ឌា ឱ្យពិនិត្យលទ្ធភាពក្នុងការជួយបណ្តុះបណ្តាលជំនាញចាំបាច់មួយចំនួនដល់អ្នកសារព័ត៌មានកម្ពុជា ជាពិសេសលើជំនាញបច្ចេកវិទ្យាព័ត៌មាន។

ថ្លែងក្នុងជំនួបនោះ លោក វណ្ណឡាលវ៉ូណា បយធ្លង់ បានជម្រាបជូនលោក ពុយ គា ថា រយៈពេល ៧ខែដែលលោកបានមកបំពេញការងារនៅកម្ពុជា លោកបានឃើញពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាលើគ្រប់វិស័យ បើធៀបទៅនឹងឆ្នាំ២០០៩ ដែលលោកបានមកកម្ពុជា ជាលើកដំបូង។

លោក ថា ឥណ្ឌា និងកម្ពុជា មានវប្បធម៌ និងប្រពៃណីស្រដៀងគ្នា ពិសេសការប្រើប្រាស់ភាសាសំស្ក្រឹត ហើយពលរដ្ឋឥណ្ឌាដែលបានមកកម្ពុជា សុទ្ធតែបង្ហាញការពេញចិត្តចំពោះការរស់នៅទីនេះ ជាពិសេសនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែលោកឯកអគ្គរដ្ឋទូត លើកឡើងថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកម្ពុជានៅមានកម្រិត បើធៀបទៅនឹងប្រទេសនានាក្នុងតំបន់។

ក្នុងន័យនេះ លោកសង្ឃឹមថា ស្ថានទូតឥណ្ឌា និងក្លិបអ្នកកាសែតកម្ពុជា អាចសហការគ្នាលើការងារផ្សព្វផ្សាយពីវិស័យទេសចរណ៍ និងវប្បធម៌នៃប្រទេសទាំងពីរ ដើម្បីទាក់ទាញភ្ញៀវទេសចរពីឥណ្ឌាឱ្យបានកាន់តែច្រើនបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម