ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ធនាគារជាតិពន្យល់ពីដំណើរការឈានទៅដកអាជ្ញាបណ្ណធនាគារព្រីនស៍
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានឆ្លើយតបសំនួររបស់ក្រុមអ្នកសារព័ត៌មានពីដំណើរការឈានទៅដកអាជ្ញាបណ្ណធនាគារព្រីនស៍ ក្រោយម្ចាស់ស្ថាបនិករងការចោទប្រកាន់ជាប់ពាក់ព័ន្ធបទល្មើស Online Scam។
នៅក្នុងវេទិកាកិច្ចពិភាក្សារបស់អ្នកសារព័ត៌មាន និងអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ អ្នកស្រី ម៉ក់ រស្ម៊ី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជាបានពន្យល់ពីដំណើរការ ក្នុងការឈានទៅដកអាជ្ញាប័ណ្ណរបស់ធនាគារព្រីនស៍ ក្រោយស្ថាបនិកធនាគារព្រីសន៍ លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅប្រទេសចិនដោយរងការចោទប្រកាន់ជាប់ពាក់ព័ន្ធបទល្មើស Online Scam។

ក្នុងករណីធនាគារព្រីសន៍ មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាបានធ្វើការពន្យល់ពីនីតិវិធីក្នុងការអនុវត្តការដកហូតអាជ្ញាបណ្ណសាជីវកម្មធនគារ ដោយយោងតាមទិដ្ឋភាពច្បាប់ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ជាធរមាន។
អ្នកស្រី ម៉ក់ រស្ម៊ី បានគូសបញ្ជាក់ថា យោងតាមច្បាប់ត្រូវបែងចែករវាងទ្រព្យសម្បត្តិធនាគារ និងទ្រព្យសម្បត្តិឯកជនរបស់ភាគទុនិកដាច់ដោយឡែកពីគ្នា។ ករណីធនាគារព្រីនស៍ដែលត្រូវបានដកអាជ្ញាប័ណ្ណ គឺមានបញ្ហាពាក់ព័ន្ធនឹង «ម្ចាស់ធនាគារ» ជាភាគទុនិក មិនមែនពាក់ព័ន្ធនឹងប្រតិបត្តិការរបស់ធនាគារឡើយ។
ធនាគារនៅតែរកស៊ីមានចំណេញ និងអនុវត្តស្របតាមការណែនាំគ្រប់យ៉ាង ព្រោះមានរចនាសម្ព័ន្ធគ្រប់គ្រងដាច់ដោយឡែក។ ប៉ុន្តែនៅពេលដែលម្ចាស់ធនាគារមានបញ្ហាឬបាត់បង់ ធនាគារនោះត្រូវតែបញ្ចូលទៅក្នុងនីតិវិធីមួយដែលហៅថា «ការជម្រះបញ្ជីដោយបង្ខំ»។

អ្នកស្រី ម៉ក់ រស្ម៊ី បានអះអាងថា ដោយសារតែទ្រព្យសកម្មរបស់ធនាគារនៅមានគ្រប់គ្រាន់ អាជីវកម្មនៅល្អ និងអាចបំប្លែងជាសាច់ប្រាក់បាន ដូច្នេះទើបធនាគារជាតិអំពាវនាវឱ្យអតិថិជនទៅដកប្រាក់របស់ពួកគេវិញក្នុងនាមជាម្ចាស់បំណុល។
ពាក់ព័ន្ធនីតិវិធីនៃការត្រួតពិនិត្យនិងការដកអាជ្ញាប័ណ្ណ មន្រ្តីជាន់ខ្ពស់ធនាគារជាតិរូបនេះបានបញ្ជាក់ថា ធនាគារជាតិមាននីតិវិធីត្រួតពិនិត្យច្បាស់លាស់ មិនមែននឹកឃើញដកតាមចិត្តនោះទេ។
ធនាគារជាតិបានធ្វើការចម្រាញ់យ៉ាងហ្មត់ចត់តាំងពីដំណាក់កាលស្នើសុំអាជ្ញាប័ណ្ណ ដើម្បីធានាថាអ្នកស្នើសុំមានភាពសុចរិតភាព ទ្រព្យសម្បត្តិ និងប្រភពទុនដែលយកមកវិនិយោគជាប្រភពទុនស្អាតស្អំ ព្រមទាំងពិនិត្យលើរចនាសម្ព័ន្ធគ្រប់គ្រង និងបុគ្គលិក។
ក្នុងដំណាក់កាលប្រតិបត្តិការ ក៏មានការចុះត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ ខណៈបើមានការសង្ស័យ ធនាគារជាតិនឹងចាត់តាំង «អភិបាលបណ្តោះអាសន្ន» ដើម្បីគ្រប់គ្រងនិងវាយតម្លៃបន្ថែម។
ការឈានដល់ដំណាក់កាលដកអាជ្ញាប័ណ្ណនិងជម្រះបញ្ជីគឺជាជម្រើសចុងក្រោយបង្អស់។ នេះបើការបញ្ជាក់របស់អ្នកស្រី ម៉ក់ រស្ម៊ី។ គោលបំណងពិតប្រាកដរបស់ធនាគារជាតិ គឺចង់ផ្តល់អាជ្ញាប័ណ្ណដើម្បីឱ្យគ្រឹះស្ថានទាំងនោះផ្តល់សេវាបម្រើដល់សេដ្ឋកិច្ច និងសង្គម មិនមែនចង់ដកហូតវិញឡើយ។ អ្នកស្រី ម៉ក់ រស្ម៊ី បានបន្ថែម។
យ៉ាងណាមិញ ពាក់ព័ន្ធហេតុការណ៍ដែលកើនឡើងផ្ទួនៗ រហូតឈានទៅដកហួតអាជ្ញាបណ្ណគ្រឹះស្ថានធនាគារជាបន្តបន្ទាប់ ដែលនាំឲ្យពលរដ្ឋមានការព្រួយបារម្ភពីស្ថានភាពវិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា អ្នកស្រី ម៉ក់ រស្ម៊ី ទទួលស្គាល់ថា ពិតជាអាចប៉ះពាល់លើសតិអារម្មណ៍សាធារណជនមួយចំនួន។
អ្នកស្រីបានគូសរំលេចថា ប្រព័ន្ធធនាគារអាចឈរជើងទៅបានគឺអាស្រ័យទាំងស្រុងលើសតិអារម្មណ៍ និងទំនុកចិត្តរបស់អតិថិជន។ បន្ទាប់ពីមានករណីធនាគារមួយចំនួនចូលក្នុងដំណាក់កាលជម្រះបញ្ជី មានសាធារណជនខ្លះមានគំនិតអវិជ្ជមានដោយយល់ថាឱ្យតែធនាគារមានម្ចាស់ជាជនជាតិចិនគឺសុទ្ធតែមានបញ្ហា។ ការគិតបែបនេះ និងការផ្សព្វផ្សាយព័ត៌មានមិនពិតអាចបង្កើតជាសតិអារម្មណ៍ភ័យខ្លាច នាំគ្នាទៅដកប្រាក់ពីធនាគារចិនផ្សេងទៀត ដែលអាចបង្កជាផលប៉ះពាល់ខ្សែសង្វាក់ដល់សង្គម សេដ្ឋកិច្ច វិស័យធនាគារទាំងមូល និងប៉ះពាល់ដល់អ្នកខ្ចីប្រាក់ផងដែរ។
ធនាគារជាតិនៃកម្ពុជា (NBC) បានចេញសេចក្តីជូនដំណឹងពីការផ្អាកមិនឱ្យធនាគារព្រីនស៍ផ្តល់សេវាធនាគារថ្មី និងត្រូវបានដាក់ឱ្យជម្រះបញ្ជីស្របតាមច្បាប់ បន្ទាប់ពីស្ថាបនិកធនាគារ គឺលោក លោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន និងធ្វើបត្យាប័នទៅកាន់ប្រទេសចិន។
ធនាគារជាតិនៃកម្ពុជាក៏បានចាត់តាំងក្រុមហ៊ុនក្រុមម៉ូរីសុនកាក់ អិមខេអេ ចុះជម្រះបញ្ជីដើម្បីដោះស្រាយបំណុលទៅអតិថិជន៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


