Connect with us

ព័ត៌មានជាតិ

សមយុទ្ធទ្វេភាគីកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា CINBAX II បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃនេះ

បានផុស

នៅ

នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កងទ័ពជើងគោកកម្ពុជាបានចាប់ផ្ដើមសមយុទ្ធយោធារួមគ្នា CINBAX II ជាមួយកងទ័ពជើងគោកឥណ្ឌា នៅមូលដ្ឋានកងយោធពលខេមរភូមិន្ទ តេជោសែន ភ្នំធំម្រះព្រៅ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពិធីបើកជាផ្លូវការនេះ បានធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក និងវរសេនីយ៍ឯក ABHISHEK ARORA នាយការិយាល័យអនុព័ន្ធយោធាឥណ្ឌាប្រចាំកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធ CINBAX II នេះនឹងត្រូវប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើភេរវកម្ម និងសង្គ្រោះគ្រោះមហន្តរាយ” ក្នុងគោលបំណងពង្រឹងសសមត្ថភាពប្រតិបត្តិការរួមគ្នារវាងកងទ័ពជើងគោកកម្ពុជា និងឥណ្ឌា។

បើតាមកងទ័ពជើងគោក សមយុទ្ធទ្វេភាគីនេះ គឺផ្ដោតលើសកម្មភាពហ្វឹកហ្វឺនលើជំនាញជាច្រើន ទាំងនៅក្នុងទីបញ្ជាការ និងលើទីលានអនុវត្តជាក់ស្តែង ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សមត្ថភាពត្រៀមប្រតិបត្តិការ ការយល់ដឹងគ្នាទៅវិញទៅមក ស្របតាមស្មារតីមិត្តភាព កិច្ចសហប្រតិបត្តិការ និងការទទួលខុសត្រូវរួមក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ។

លោកឧត្តមសេនីយ៍ឯក អ៊ួន សារឿន និងលោកវរសេនីយ៍ឯក ABHISHEK ARORA បានសម្តែងការពេញចិត្តចំពោះការរីកចម្រើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ឥណ្ឌា ដែលបានបន្តពង្រឹងឥតឈប់ឈរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការបណ្តុះបណ្តាល និងសមយុទ្ធរួមនានា។

គួរឱ្យដឹងថា នេះគឺជាសមយុទ្ធលើកទី២រវាងកងទ័ពទាំងពីរ បន្ទាប់ពីលើកទី១ ត្រូវបានរៀបចំឡើងនៅប្រទេសឥណ្ឌា ក្នុងឆ្នាំ២០២៤។ សម្រាប់លើកទី២ដែលធ្វើឡើងនៅកម្ពុជានេះ មានកងទ័ពជើងគោកឥណ្ឌាចូលរួមសមយុទ្ធចំនួន១២០នាក់ ជាមួយកងទ័ពជើងគោកកម្ពុជា ដើម្បីលើកកម្ពស់ទំនាក់ទំនងយោធា និងភាពជាដៃគូរវាងប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម