Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងជួបព្យុះមួយទៀត ខណៈព្យុះទី១៨ និងទី១៩ នៅមានឥទ្ធិពលនៅឡើយ

បានផុស

នៅ

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា កម្ពុជា នឹងជួបព្យុះមួយទៀតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ខណៈព្យុះទី១៨ និងព្យុះទី១៩ នៅមានឥទ្ធិពលនៅឡើយ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។ នេះបើតាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅរសៀលថ្ងៃទី២៤កញ្ញានេះ។

តាមការប្រកាសរបស់ក្រសួងធនធានទឹក ព្យុះដែលនឹងជះលើកម្ពុជានេះ គឺជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi) T2520 ដែលបានវិវដ្ដពីសម្ពាធទាបកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដែលនឹងដើរចូលសមុទ្រចិនខាងត្បូង ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (Ragasa) T2518។ ដោយឡែក ព្យុះទី១៩ ឈ្មោះ នេហ្គោរី (Neoguri) T2519 កំពុងស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

តាមការប្រកាសដដែល ព្យុះទាំងនេះ ពិសេស ព្យុះទី១៨ និងព្យុះទី២០ នឹងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រសួងធនធានទឹក ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ នឹងធ្វើឱ្យ តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំង ជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៨០%។

តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រមានកម្ពស់ ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

ក្រសួងធនធានទឹក ក៏បានណែនាំឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម