Connect with us

ព័ត៌មានជាតិ

កម្ពុជា ជួបព្យុះទី៧ ឈ្មោះ មេខឡា ខណៈមន្ត្រីជំនាញប្រកាសឲ្យប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់

បានផុស

នៅ

ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ព្រះរាជាណាចក្រកម្ពុជា នឹងជួបព្យុះមួយទៀតជាព្យុះទី៧ ឈ្មោះ មេខឡា (Mekkhala) T2607 ដែលនឹងធ្វើឲ្យតំបន់ និងតាមបណ្ដាខេត្តមួយចំនួនមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដីចន្លោះពី២០ ទៅ៤០% ខណៈមន្ត្រីជំនាញប្រកាសឲ្យមានប្រុងប្រយ័ត្នខ្ពស់ពីបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ ព្យុះទី៧នេះ បានកើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតនៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ ទោះបីយ៉ាងណា បើតាមការប្រកាសរបស់ក្រសួងធនធានទឹក ព្រះរាជាណាចក្រកម្ពុជា ពុំស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះមេខឡានេះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាសនៅតំបន់វាលទំនាបមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៣០%។

តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ២០%។

តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករខាងលើ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូត ភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម