Connect with us

កីឡា

ស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង

បានផុស

នៅ

អ្នកគាំទ្របាល់ទះនៅក្នុងប្រទេស តៃវ៉ាន់ បានបង្ហាញការសារទរជាខ្លាំង បន្ទាប់ពីទទួលដំណឹងអំពីការបន្តកិច្ចសន្យាថ្មី ១ រដូវកាលទៀតរវាងកីឡាករជម្រើសជាតិ កម្ពុជា វឿន វាសនា និងក្លិបបាល់ទះ Win Streak។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៦ នេះ ក្លិបបាល់ទះ Win Streak បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីជាមួយស្មាត់ស្តាំ វឿន វាសនា នៅរដូវកាល ២០២៦-២០២៧ ខាងមុខមួយរដូវកាលទៀត ដើម្បីចូលរួមការប្រកួតលីគបាល់ទះអាជីពតៃវ៉ាន់ (TPVL)។

ក្រោយការបន្តកិច្ចសន្យានេះ កីឡាករវឿន វាសនា បាននិយាយដូច្នេះ ថា៖ « ខ្ញុំមិនអាចរង់ចាំបានទៀតទេ​ ក្នុងការវិលត្រឡប់មកប្រកួតនៅចំពោះមុខអ្នកទាំងអស់គ្នាម្តងទៀត…។ […] គោលដៅរបស់ខ្ញុំសម្រាប់រដូវកាលក្រោយគឺនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុមឈ្នះជើងឯក និងបន្តអភិវឌ្ឍជាមួយមិត្តរួមក្រុមគ្រប់ការប្រកួតនៅលើទីលាន»

ដោយឡែក អ្នកគាំទ្រ តៃវ៉ាន់ វិញ ក៏បានបង្ហាញការអបអរសាទរ និងបង្ហាញក្តីរំភើបផងដែរនៅលើបណ្តាញសង្គម IG របស់ក្លិប បន្ទាប់ពីក្លិប Win Streak ដែលជាក្លិបពួកគេគាំទ្រ បានប្រកាសបន្តកិច្ចសន្យាថ្មីជាមួយកីឡាករឆ្នើមរបស់ កម្ពុជា វឿន វាសនា។

គួរបញ្ជាក់ ថា វឿន វាសនា បានលេងនៅក្លិប Win Streak ៣ រដូវកាលហើយ ពោលគឺនៅរដូវកាល ២០២៣-២០២៤, ២០២៤-២០២៥ និង ២០២៥-២០២៦ ខណៈនៅរដូវកាល ២០២៦-២០២៧ ខាងមុខមួយទៀត គឺជារដូវកាលទី ៤។

អំឡុងពេលលេងនៅ តៃវ៉ាន់ ៣ រដូវកាលកន្លងមក ស្មាត់វ័យ ២៥ ឆ្នាំកម្ពស់ ១.៩៦ ម៉ែត្រ បានបង្ហាញគុណផលយ៉ាងអស្ចារ្យ ដោយបានជួយឱ្យក្លិប Win Streak ឈ្នះពានលីគ ២ រដូវកាលជាប់គ្នា នៅរដូវកាល ២០២៣-២០២៤ និង ២០២៤-២០២៥។

ដោយឡែក រដូវកាលមុន ២០២៥-២០២៦ រូបគេបានជួយឱ្យក្រុមឈ្នះពានលីគវគ្គរដូវកាលដំបូង ប៉ុន្តែឈានចូលការប្រកួតជុំផ្តាច់ព្រ័ត្រដណ្តើមជើងឯក កីឡាករមិនបានលេងនោះទេ ដោយសារបទបញ្ញត្តិរបស់ FIVB បានកំណត់មិនឱ្យកីឡាករជាប់ជម្រើសជាតិលេង។

ទោះបីជាយ៉ាងណា នៅរដូវកាល ២០២៥-២០២៦ នោះ វាសនា បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលមែនទែន បន្ទាប់ពីរូបគេបំបែកកំណត់ត្រាក្លាយជាកីឡាករក្នុងលីគបាល់ទះតៃវ៉ាន់ដំបូងគេ ដែលអាចរកបានលើស ១ ពាន់ពិន្ទុក្នុងមួយរដូវកាល ពោលគឺចំនួន ១,០២៨ ពិន្ទុ។ ជាមួយគ្នានេះ កីឡាករបានឈ្នះពានឯត្តជន ២ គឺពានកីឡាកររកបានពិន្ទុច្រើនបំផុត និងអ្នកលេងស្មាត់ស្តាំល្អបំផុត៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម