Connect with us

សេចក្ដីជូនដំណឹង

ធនាគារ ABA ក្លាយជាអ្នកវិនិយោគចម្បង លើសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា

បានផុស

នៅ

ធនាគារ ABA បានក្លាយជាអ្នកវិនិយោគធំជាងគេ នៃសញ្ញាបណ្ណកសិកម្មដំបូងគេបង្អស់របស់កម្ពុជា ដែលបោះផ្សាយដោយក្រុមហ៊ុនដូនពេញ អាហ្គ្រីកូ (Daun Penh Agrico)។ ការវិនិយោគនេះ ជាសក្ខីភាពបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់ធនាគារក្នុងការគាំទ្រវិស័យយុទ្ធសាស្ដ្រសំខាន់ៗដែលចាំបាច់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការវិនិយោគនេះ នឹងផ្តល់ហិរញ្ញប្បទានដល់ការពង្រីកផ្ទៃដីដាំដុះ និងហេដ្ឋារចនាសម្ពន្ធកែច្នៃ សម្រាប់ដំណាំហូបផ្លែរួមមាន ផ្លែចេក ម្នាស់ និងស្វាយ ក្នុងខេត្តរតនគីរី ដែលជាតំបន់សក្ដានុពលផ្នែកកសិកម្មដ៏សំខាន់មួយរបស់កម្ពុជានៅភាគឦសាន។ គម្រោងនេះ ត្រូវបានរំពឹងថានឹងពង្រឹងសមត្ថភាពនាំចេញ ពង្រឹងខ្សែសង្វាក់កសិកម្មជាតិ និងបង្កើតឱកាសការងារជូនប្រជាសហ​គមន៍ក្នុងមូលដ្ឋាន។

តាមរយៈការចូលរួមនេះ ធនាគារ ABA គូសបញ្ជាក់ពីឆន្ទៈមោះមុតរបស់ខ្លួន ដើម្បីក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញប្បទានមានរចនាសម្ពន្ធច្បាស់លាស់ និងដំណោះស្រាយទីផ្សារ មូលធន ដោយផ្តល់មូលនិធិរយៈពេលវែងដល់គម្រោងដែលបង្កើតផលចំណេញប្រកបដោយចីរភាព ស្របជាមួយនឹងវិស័យអាទិភាពសម្រាប់វឌ្ឍនភាពជាតិ។

ដូនពេញ អាហ្គ្រីកូ គឺជាបុត្រសម្ពន្ធគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Truong Hai Agriculture Joint Stock Company (THACO AGRI) ដែលជាក្រុមហ៊ុនកសិកម្មរបស់ Truong Hai Group Corporation (THACO) ជាក្រុមហ៊ុនចម្រុះឈានមុខគេមួយនៅក្នុងតំបន់។ ការបោះផ្សាយសញ្ញាបណ្ណដោយជោគជ័យ នេះ ឆ្លុះបញ្ចាំងពីដំណើរវឌ្ឍនភាពជាបន្ដបន្ទាប់នៃវិស័យកសិកម្មកម្ពុជា ឆ្ពោះទៅកាន់ឧស្សាហកម្មដែលមានរចនាសម្ពន្ធច្បាស់លាស់ ទំនើបកម្ម អាចពង្រីកវិសាលភាព និងត្រៀមរួចរាល់សម្រាប់ការវិនិយោគ ដែលអាចទាក់ទាញមូលធនពីស្ថាប័ននានា។

លោក Zhiger Atchabarov នាយកប្រតិបត្តិការ និងជានាយករងប្រតិបត្តិនៃធនាគារ ABA មានប្រសាសន៍ថា “ការវិនិយោគនេះ ឆ្លុះបញ្ចាំងពីចក្ខុវិស័យយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តយូរអង្វែងរបស់ ធនាគារ ABA ក្នុងការគាំទ្រវិស័យនានាដែលបង្កើតផលចំណេញ និងគុណតម្លៃដល់សង្គម-សេដ្ឋកិច្ច។ តាមរយៈការពង្រីកវិសាលភាពចូលទៅក្នុងហិរញ្ញប្បទានគម្រោងមានរចនាសម្ពន្ធច្បាស់លាស់ យើងខ្ញុំ មានគោលបំណង ជំរុញសក្តានុពលនាំចេញរបស់កម្ពុជា ជួយបង្កើតការងារ និងរួមចំណែកដល់ការអភិវឌ្ឍទីផ្សារមូលធន។”

ឈរលើសមិទ្ធផលដ៏សំខាន់នេះ ធនាគារ ABA នឹងនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំជានិច្ច ក្នុងការគាំទ្រដល់គម្រោងបោះផ្សាយសញ្ញាបណ្ណផ្សេងៗទៀតនាពេលខាងមុខ និងគំនិតផ្ដួចផ្ដើមហិរញ្ញប្បទានមានរចនាសម្ពន្ធរាប់លានដុល្លារ ទៅកាន់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា។

ធនាគារ ABA ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់ដៃគូសហការជាមួយអាជីវកម្មដែលកំពុងស្វែងរកការពង្រីក ស្ថិរភាព និងវិនិយោគរយៈពេលវែង ដោយពង្រឹងតួនាទីរបស់ខ្លួនជាស្ថាប័នហិរញ្ញវត្ថុជាទីទុកចិត្ត ដែលគាំទ្រវិស័យសេដ្ឋកិច្ចពិត និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។

អំពី ABA៖ 

ABA គឺជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា គិតលើទ្រព្យសកម្ម ប្រាក់បញ្ញើ ប្រាក់កម្ចី និងប្រាក់ចំណេញ យោងតាមរបាយការណ៍ត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជាឆ្នាំ 2021-2024។

ធនាគារ ABA បច្ចុប្បន្ន មាន 105 សាខា, ទីតាំងស្វ័យសេវា ABA 24/7 ចំនួន 46 កន្លែង, ម៉ាស៊ីនស្វ័យសេវាជាង 1,900 នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប អនុញ្ញាតឲ្យអតិថិជនប្រមាណជា 6 លាននាក់ ប្រើប្រាស់សេវាហិរញ្ញវត្ថុដ៏ទំនើបសម្បូរបែបនេះ។

អំពី ដូនពេញ អាហ្រ្គីកូ៖ 

ដូនពេញ អាហ្រ្គីកូ គឺជាសមាជិកសំខាន់មួយនៃ THACO AGRI នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបច្ចុប្បន្នកំពុងដំណើរការគម្រោងកសិកម្មគំរូមួយនៅខេត្តរតនគិរី ដែលមានផ្ទៃដីសរុបចំនួន ៧,៣៧៦ ហិកតា។ បច្ចុប្បន្ន ដូនពេញ អាហ្រ្គីកូ កំពុងអភិវឌ្ឍប្រព័ន្ធអេកូស៊ីស្ទឹមកសិកម្មទំនើបដែលដំណើរសង្វាក់ផលិតកម្មមានវិសាលធំពេញលេញ និងមានលក្ខណៈវដ្ដសន្ធិ ដោយផ្អែកលើគោលការណ៍កសិកម្មសរីរាង្គ និងមានការអនុវត្តយ៉ាងទូលំទូលាយនៃយន្តកម្ម និងឌីជីថលូបនីយកម្ម ដើម្បីផ្គត់ផ្គង់ផលិតផលផ្លែឈើស្រស់ និងផលិតផលកែច្នៃ ទាំងសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម