វប្បធម៌ ជំនឿ
លោកស្រី ឱម យុវណ្ណឌី ដឹកនាំក្រុមរបាំ រកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ១សំបុត្រ ៥០០ដុល្លារ
ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយ អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ ដ៏អស្ចារ្យមួយ ដែលមានសិល្បៈចម្រុះមួយចំនួនសម្ដែង នៅល្ងាចថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅ បរិវេណប្រាសាទបាយ័ន ដើម្បីស្វែងរកថវិកាឧបត្ថម្ភគាំទ្រដល់ មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសុខភាពកុមារកម្ពុជា ដោយសំបុត្រ ១ សន្លឹក តម្លៃ ៥០០ ដុល្លារ។ ក្នុងនោះ ក៏មានការសម្ដែងសិល្បៈល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ដែលទទួលការគាំទ្រ និងសរសើរពីមហាជនគ្រប់ស្រទាប់។

លោកស្រី ឱម យុវណ្ណឌី ប្រធានក្លិបសិល្បៈវប្បធម៌ យុវណ្ណឌី និងជាអ្នកដឹកនាំរឿង និងដឹកនាំក្រុមសម្តែង ល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា សាច់រឿងនឹងសង្ខេបពីរយៈពេល ១ម៉ោងកន្លះ យកតែឈុតពិសេសសល់ជាង ៤០ នាទី។ ចំពោះសំបុត្រ ១ សន្លឹក តម្លៃ ៥០០ ដុល្លារ បើយក ១ តុ មានគ្នា ៨នាក់ តម្លៃ ៣ ០០០ ដុល្លារ ដែលនេះជាយុទ្ធសាស្ត្ររបស់គណៈកម្មាការរៀបចំ ដើម្បីកៀងគរថវិការឱ្យបានច្រើន ជួយដល់ពេទ្យគន្ធបុប្ផា ទាំងស្រុង។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “អ៊ីចឹងយើងខ្ញុំ ក៏សុទ្ធតែមិនទាមទារថវិកាអ្វីទាំងអស់ ស្ម័គ្រចិត្តចូលរួមបន្តទៀត។ លក់សំបុត្រពេលនេះ គឺជួយមន្ទីរពេទ្យគន្ធបុប្ផា ឯការចំណាយការដឹកជញ្ជូន ស្នាក់នៅផ្សេងៗរបស់ក្រុមសិល្បៈ គឺក្រសួងវប្បធម៌ ឧបត្ថម្ភទាំងអស់។ នេះជាលក្ខណៈពិសេសមួយកម្រមានអ្នកធ្វើ គឺគេតែងរកចំណូល តែនេះគាត់យកដើមទន់ផ្ទាល់ខ្លួន ឯពួកខ្ញុំក៏យកសមត្ថភាពផ្ទាល់ខ្លួនទៅបរិច្ចាគ ដើម្បីរកថវិការជួយមន្ទីរពេទ្យ គន្ធបុប្ផា ដោយសុទ្ធតែចិត្ត”។

អតីតប្រធានការិយាល័យបណ្ដុះបណ្ដាលរបាំនៃនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានបញ្ជាក់ថា លោកស្រីបានប៉ងប្រាថ្នាចង់ឱ្យមានការសម្ដែងល្ខោនព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រេទេវី” នៅមុខប្រាសាទបាយ័ន យូរណាស់មកហើយ ព្រោះទីតាំងនេះគឺជា ទីបរមរាជស្ថានរបស់មហាវីរក្សត្រទាំងបីអង្គ។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍បន្តថា៖ “ប្រាសទបាយន្តជាស្នាព្រះហស្ថទាំង៣អង្គ។ តាមសិលាចារិក គឺព្រះនាងឥន្ទ្រទេវី ព្រះនាងជ័យរាជទេវី បានកសាង រៀនសូត្រ បង្រៀន បង្កើតសាកលវិទ្យាល័យ នៅក្រុងអង្គរធំ បាយ័ននេះឯង។ ខ្ញុំរំភើប រំភើបមែនទែន ឥតឧបមា”។

លោកស្រី ឱម យុវណ្ណឌី មានប្រសាសន៍ថា កាលពេលពីមុន លោកស្រី បានដឹកនាំការសម្ដែង ល្ខោនក្បាច់បុរាណនេះ ថ្វាយព្រះមហាក្សត្រ នៅលានជល់ដំរី ដែលជាទីកន្លែងបង្ហាត់បង្រៀនរបស់ព្រះនាងទាំងពីរអង្គ ស្របតាមបំណងប្រាថ្នាលោកស្រីរួចមកហើយ។ បំណងប្រាថ្នាជាបន្ត គឺលោកស្រី ចង់យកល្ខោនក្បាច់បុរាណនេះទៅបង្ហាញពិភពលោក ដែលឥឡូវក៏មានអង្គការ និងក្រុមជាច្រើនប្រទេស បានទាក់ទងលោកស្រី ដោយគេចង់ឱ្យ ពិភពលោកបាន ឃើញ ទម្រង់របាំព្រះរាជទ្រព្យរឿង “ព្រះបាទជ័យវរ្ម័នទី៧” នេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ រាត្រីសមោសរសប្បុរសធម៌ នេះមានការសម្ដែងសិល្បៈចម្រុះជាច្រើនក្រុមដូចជា របាំផ្សាយព្រហ្មវិហារធម៌ របាំអប្សរា សូឡូឧបករណ៍ របាំទន្សោង ចម្រៀងបទ ព្រៃប្រសិទ្ធិ និង សែនស្រឡាញ់, របាំក្ងោកសិល្បិ៍, របាំកិន្នរ, ការសម្ដែងឧបករណ៍តន្រ្តីខ្មែរ, របាំគ្រុឌ, ការប្រគំព្យាណូទោលជាមួយរបាំ និង ល្ខោនក្បាច់បុរាណរឿង ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី។

កន្លងមក លោកស្រី ឱម យុវណ្ណឌី ធ្លាប់ដំឡើង និងដឹកនាំ ទស្សនីយភាពខ្នាតធំជាច្រើន មានដូចជារឿង ហ្លួងព្រះស្ដេចកន រឿង ប្រវត្តភ្នំដូនពេញ បង្ហាញស្នាដៃកសាងរាជធានីភ្នំពេញ របស់ដូនពេញ និងព្រះបាទពញាយ៉ាត របាំ ទេវៈស្រីសួគ៌ របាំ ទេពនិករកន្សែង ក៏ដូចជារបាំក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិធំៗ ក្នុងទទួលភ្ញៀវអន្តរជាតិធំៗ បុណ្យឯករាជ្យជាតិ បុណ្យចូលទីវង្គត់របស់ព្រះករុណា បុណ្យឡើងគ្រងរាជព្រះមហាក្សត្រ បុណ្យថ្វាយព្រះពរចម្រើនព្រះជន្មជាដើម៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


