វប្បធម៌ ជំនឿ
បណ្ឌិត ឈត ប៊ុនថង ៖អ្នកជឿអបិយជំនឿខ្លាំងពេក នឹងវង្វេងក្នុងជំនឿ កែមិនឡើងឡើយ
លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងកិច្ចការសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បុគ្គលមួយចំនួនដែលជឿលើអបិយជំនឿខ្លាំងហួសហេតុពេក គឺនឹងធ្វើឱ្យពួកគេងប់ងុលជ្រុល វង្វេងនឹងជំនឿកែមិនឡើងនោះទេ។ លោកបានលើកឡើងបែបនេះកាលពីចុងសប្តាហ៍កន្លងទៅនេះ។

ការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង គឺបន្ទាប់ពីមួយរយៈចុងក្រោយនេះ ឃើញមានផ្ទុះរឿងជំនឿលើព្រះសង្ឃមួយអង្គពាសពេញបណ្តាញសង្គម ដល់ថ្នាក់មានពលរដ្ឋមួយចំនួនជឿខ្លាំង បានប្រៀបធៀបការគោរពរបស់ពលរដ្ឋកម្ពុជាចំពោះព្រះអង្គ មិនស្មើការគោរពរបស់ប្រជាជនថៃចំពោះព្រះអង្គ ព្រោះជនជាតិថៃគោរពដល់ព្រះអង្គខ្លាំង។ ក្រៅពីមានអ្នកជឿខ្លាំង ក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនទៀត បានរិះគន់ចំពោះការជឿជំនឿហួសហេតុ មិនសមហេតុផលដែលមាននៅលើបណ្តាញសង្គមនេះ។

ទាក់ទិននឹងបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើង៣ចំណុច ជុំវិញនឹងការជឿនេះ។ លោកសរសេរថា៖ “ចំណុចទី១ បើមនុស្សធម្មតាកូរសង្គម សង្គមនោះមិនសូវរង្គើទេ ប៉ុន្តែ បើយក្សកូរសង្គមវិញ សង្គមនោះ នឹងរង្គោះរង្គើខ្លាំងណាស់។ ទី២ មនុស្សទោះបីមានឋានៈខ្ពស់ ទ្រព្យច្រើន កេរ្តិ៍ឈ្មោះល្បីល្បាញ និងមានចំនួនច្រើនយ៉ាងណាក៏ដោយ ក៏នៅតែវង្វេងដែរ ឱ្យតែពួកគេមិនស្គាល់ផ្លូវត្រូវ។ ទី៣ មនុស្សល្ងង់ហើយជឿលើអបិយជំនឿ នៅពេលពួកគេកាន់តែមានវ័យចាស់ កាន់តែមានទ្រព្យច្រើន ឬ កាន់តែមានឥទ្ធិពល ពួកគេកាន់តែចចេស និងកាន់តែជឿផ្កាប់មុខ កែមិនឡើង”។

បន្ថែមពីនេះទៀត កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកបណ្ឌិត ឈត ប៊ុនថង ក៏បានលើកឡើង៥ចំណុច ជុំវិញនឹងការជឿជំនឿនេះដូចគ្នា។ ក្នុងនោះ ចំណុចសំខាន់ចំនួន២របស់លោកបានលើកឡើងថា សច្ចភាព ឬការពិត មិនអាស្រ័យលើទ្រព្យសម្បត្តិ តួនាទី ឬ បុគ្គលដែលត្រូវជឿនោះ ជាជនល្បីល្បាញ ឬ ត្រូវបានគេគោរពជឿច្រើននោះទេ ប៉ុន្តែ អាស្រ័យលើទំនាក់ទំនងរវាងហេតុ និងផល។ ហេតុ និងផលនេះ លោកបណ្ឌិតចង់សំដៅដល់ភាពសមហេតុផល ត្រឹមត្រូវ និងការស្របគ្នារវាងការអះអាង និងតថភាព ឬ បាតុភូតជាក់ស្តែង។ ចំណុចមួយទៀត លោកបណ្ឌិតលើកឡើងថា ប្រសិនបើនៅតែមានអ្នកជឿជំនឿផ្តេសផ្តាស ឬ អបិយជំនឿ នោះ នឹងនាំឱ្យនៅតែមានអ្នកបង្កើតជំនឿបែបនោះ ព្រមទាំងសម្តែងជាតួអង្គបែបនោះទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


