សេដ្ឋកិច្ច
គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រជីកឆាប់ៗនេះ
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្ដើមដាក់គ្រឿងចក្រចុះជីកជាផ្លូវការ នៅពេលទឹកស្រក នាចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ ២០២៥ ខាងមុខនេះ។

មន្ត្រីក្រសួងសាធារណៈការ នឹងចុះពិនិត្យវឌ្ឍនភាពគម្រោងព្រែកជីកហ្វូណនតេជោ និងពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន CRBC នៅតាមតម្រាយព្រែក នៅដំណាច់ខែវិច្ឆិកានេះ។
លោក ផន រឹម បន្ថែមថា៖ «ដំណើរការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ យើងចាប់ផ្ដើមនៅចុងខែនេះ ឬដើមខែ ១២ វាអាស្រ័យទៅលើស្ថានភាពទឹក ទឹកនៅបន្តឡើងនៅតំបន់មួយចំនួន ហើយភ្លៀងនៅតែបន្ត អញ្ចឹងទាល់តែទឹកស្រកបានយើងអាចជីកបាន»។
បច្ចុប្បន្ន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាស់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន, អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ។

ពេលនេះក្រុមការងារដោះស្រាយផលប៉ះពាល់កំពុងធ្វើសកម្មភាពនៅកំណាត់ទី២ (ក្នុងខេត្តកណ្តាល) ដោយបានអង្កេត វាស់វែង និងចងក្រងទិន្នន័យផលប៉ះពាល់លម្អិតលើសំណង់ លំនៅដ្ឋាន និងដីស្រែ នៅស្រុកកោះធំ។
ក្រុមការងារបានសម្ភាសន៍ និងផ្ដិតមេដៃប្រជាពលរដ្ឋរងផលប៉ះពាល់ព្រមទាំងបានរៀបចំវេទិកាពិភាក្សា និងការសម្របសម្រួលជាមួយប្រជាពលរដ្ឋជាបន្តបន្ទាប់។
បើតាមលោក ផន រឹម គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវតិ្តសាស្រ្តរបស់កម្ពុជា ក្នុងការកែប្រែមុខមាត់កម្ពុជា ក្នុងវិស័យនាវាចរណ៍ និងការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ។

ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។
គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បានគ្រប់ជ្រុងជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយចំនួននៅក្នុងប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និងតម្លៃដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូនតាមប្រព័ន្ធផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។

នៅពេលគម្រោងនេះបញ្ចប់ នឹងចូលរួមលើកកម្ពស់ការតភ្ជាប់បណ្តាញផ្លូវទឹកក្នុងប្រទេសទៅសមុទ្រជាតិនិងអន្តរជាតិ, ពន្លឿនការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, ជំរុញការធ្វើពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាពនិងភាពងាយស្រួល រវាងកម្ពុជាទៅកាន់តំបន់នានាដែលជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់ខ្លួន ជាពិសេសធានាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
គម្រោងព្រែកជីហ្វូណនតេជោ ត្រូវប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធីបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលគម្រោងព្រែកជីកនេះត្រូវបានរំពឹងទុកថានឹងត្រូវបានស្ថាបនារួចរាល់នៅអំឡុង ឆ្នាំ២០២៨ខាងមុខ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


