ព័ត៌មានជាតិ
ក្រុមហ៊ុនចិនធំៗ បោះទុនវិនិយោគខ្ទង់ពាន់លានដុល្លារ កំពុងមានវត្តមាននៅកម្ពុជា
ប្រទេសចិនជាប្រភពវិនិយោគដ៏ធំក្នុងប្រទេសកម្ពុជា ដែលបានបោះទុនវិនិយោគស្ទើរគ្រប់វិស័យ។ ក្រុមហ៊ុនចិនកាន់តែមានទំនុកចិត្តក្នុងការបោះទុនពង្រីកការវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលការណ៍លើកទឹកចិត្តដល់វិនិយោគិន ដែលនាំឲ្យមានការបង្កើនទំហំទុនវិនិយោគដល់រាប់រយរាប់ពាន់លានដុល្លារ។
ក្រុមហ៊ុនចិនធំៗចំនួន ៦ នេះ កំពុងវិនិយោគលើវិស័យសំខាន់ៗមានដូចជា ឧស្សាហកម្ម អចលទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ និងបដិសណ្ឋារកិច្ចក្រោមទុនវិនិយោគខ្ទង់ពាន់លានដុល្លារ។
ក្រុមហ៊ុន“សាជីវកម្មថ្នល់ និងស្ពានចិន (CRBC)
ក្រុមហ៊ុន “សាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន China Communications Construction Company ដែលមានការិយាល័យកណ្ដាលនៅទីក្រុងបេកាំង ប្រទេសចិន។


ប្រតិបត្ដិការអាជីវកម្មចម្បងរបស់ក្រុមហ៊ុន ផ្តោតលើការសាងសង់ផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងស្ពាន។ បច្ចុប្បន្នក្រុមហ៊ុនបានអភិវឌ្ឍផ្លូវល្បឿនលឿនចំនួនពីរខ្សែនៅក្នុងប្រទេសកម្ពុជាក្នុងនោះមាន ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណ ២ ប៊ីលានដុល្លារ ដែលបានបញ្ចប់ដាក់ឲ្យដំណើរការកាលពីឆ្នាំ២០២២ និងផ្លូវល្បឿនលឿនទីពីរភ្នំពេញ-បាវិត ក្រោមទុនវិនិយោគប្រមាណ ១,៣៥ ប៊ីលានដុល្លារ ដែលកំពុងដំណើរការសាងសង់តាមផែនការគ្រោងបញ្ចប់នៅក្នុងឆ្នាំ ២០២៧។
បន្ថែមពីនេះ ក្រុមហ៊ុនក៏កំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី ៣ ភ្នំពេញ-សៀមរាបផងដែរ។
ក្រុមហ៊ុនអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ)
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ត្រូវបានប្រសិទ្ធិនាមថាជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្ដែងរវាងរដ្ឋាភិបាលកម្ពុជា-ចិន។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានសម្ពោធដាក់ឲ្យដំណើរការនៅឆ្នាំ២០០៨ និងនៅឆ្នាំ២០០៩ បានក្លាយជាតំបន់សហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្រៅប្រទេសដំបូងគេ ដែលឆ្លងកាត់ការវាយតម្លៃរបស់ក្រសួងពាណិជ្ជកម្មចិន។


តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុជាសួនឧស្សាហកម្មដែលមានបណ្តុំរោងចក្រឧស្សាហកម្មដ៏ធំនៅខេត្តជាប់មាត់សមុទ្រប៉ែកនិរតីនៃប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានរោងចក្រចំនួន ២០២ កំពុងដំណើរការ ដែលបង្កើតឱកាសការងារបានប្រមាណ ៣ ម៉ឺន ២ ពាន់កន្លែង។
នៅក្នុងឆ្នាំ ២០២៤ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានការនាំចេញនាំចូល គិតជាទំហំទឹកប្រាក់ប្រមាណ ៤,៧៨ ប៊ីលានដុល្លារកើនឡើង ២១,៣% ធៀបឆ្នាំ ២០២៣។
ក្រុមហ៊ុនអភិវឌ្ឍន៍ Peninsula Bay Investment
ក្រុមហ៊ុន ផឹនីនស៊្យូឡឺ បេ អ៊ិនវេសម៉ិន (Peninsula Bay Investment) កំពុងអភិវឌ្ឍសណ្ឋាគារលំដាប់ផ្កាយប្រាំ និងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅលើផ្ទៃដីទំហំ ១៦ ហិកតា នៅជិតទីលានតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលចាយទុនប្រមាណ ១ ប៊ីលានដុល្លារ។


Peninsula Bay Investment ជាគម្រោងអភិវឌ្ឍដ៏សំខាន់មួយនៅខេត្តព្រះសីហនុ ដែលជាខេត្តតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។ ការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបែងចែកជា ២ តំបន់៖
-តំបន់ A: មានសណ្ឋាគារលំដាប់ផ្កាយ ៥ (កម្ពស់ ៣៧ ជាន់), ផ្សារទំនើប និងសួនកម្សាន្តផ្សេងៗដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៨
-តំបន់ B: អគារខុនដូរ និងអគារពាណិជ្ជកម្ម ដែលគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦
ចាយទុនជាង ១ ប៊ីលានដុល្លារ គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន Peninsula Bay Investment នឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់ពាណិជ្ជកម្ម និងទេសចរណ៍លំដាប់អន្តរជាតិ។
ក្រុមហ៊ុនផលិតសំបកកង់ Sailun
ក្រុមហ៊ុន Sailun បានបោះទុនវិនិយោគប្រមាណ ១ ប៊ីលានដុល្លារ ដើម្បីដំណើរការរោងចក្រផលិតសំបកកង់យានយន្តក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅខេត្ដស្វាយរៀង។
ដំណើរការខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ក្នុងមួយថ្ងៃប្រើប្រាស់ជ័រកៅស៊ូអស់ជាង ៥០០ តោន ជាមួយសមត្ថភាពផលិតបានប្រមាណ ៣០ លានគ្រាប់ក្នុងមួយឆ្នាំ។


ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី ៨ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បានលើកអំពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ដោយផ្ដោតលើការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញជាផលិតផលផ្សេងៗ រួមទាំងការបង្កើតសួនឧស្សាហកម្មសម្រាប់ខ្សែច្រវាក់ផលិតកម្មនៃឧស្សាហកម្មកែច្នៃកៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុននៅក្នុងតំបន់។
ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់វិស្សមកាលឆ្នេរមាស ឆ្នេរប្រាក់
លោក ហ្វូ ហាង អគ្គនាយកក្រុមហ៊ុន យិះ ចៀ ដែលវិនិយោគនៅតំបន់ឆ្នេរមាសឆ្នេរប្រាក់ក្នុងខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងរយៈពេលជិត ១០ ឆ្នាំ ក្រុមហ៊ុនបានចាយទុនវិនិយោគអស់ប្រមាណ ៦០០ លានដុល្លារ ក្នុងទុនបម្រុងគ្រោងចំណាយសរុបប្រមាណ ៥ ០០០ លានដុល្លារ ខណៈការវិនិយោគទាំងមូលខ្ទង់ប្រើប្រាស់ពេលប្រហែល ២០ ឆ្នាំ។
លោកថា គម្រោងអភិវឌ្ឍន៍ឆ្នេរមាស ឆ្នេរប្រាក់ជាគម្រោងខ្នាតយក្សនៅខេត្តព្រះសីហនុ ដែលត្រូវបានអភិវឌ្ឍតាមដំណាក់កាលផ្ដោតលើវិស័យទេសចរណ៍។
នៅតំបន់វិស្សមកាលឆ្នេរមាសឆ្នេរប្រាក់ ក្រុមហ៊ុនកំពុងអភិវឌ្ឍនៅលើផ្ទៃដីទំហំជាង ៣ ០០០ ហិកតា។ ក្រៅពីការសាងសង់ហេដ្ឋារចនាសម្ពន្ធនានាដែលមានខ្សែផ្លូវប្រវែងជាង ១០០ គីឡូម៉ែត្រ ប្រព័ន្ធភ្លើងអគ្គិសនី ទឹកស្អាត ក្រុមហ៊ុនបានសាងសង់សណ្ឋាគារជាច្រើនកន្លែង រៀបចំតំបន់ទេសចរនៅកោះសំពោច (កោះរាជបុត្រ) បង្កើតសួនផ្កា បូករួមទីលានបាញ់ព្រួយ ហើយទៅថ្ងៃមុខនឹងរៀបចំឲ្យមានតំបន់ទេសចរណ៍ជាច្រើនថែមទៀត។


គម្រោង Bay Of Light
Bay of Lights ជាគម្រោងអភិវឌ្ឍទីក្រុងជាមួយទំហំទឹកប្រាក់វិនិយោគប្រមាណ ១៦ ពាន់លានដុល្លាអាមេរិក ដើម្បីកែប្រែមុខមាត់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការបង្កើតទីក្រុងអនាគតមួយដែលលាតសន្ធឹងលើផ្ទៃដី ៩៣៤ ហិកតាតាមបណ្តោយឆ្នេរសមុទ្ររាម។
ចក្ខុវិស័យរបស់គម្រោង Bay of Lights គឺប្រែក្លាយខេត្តព្រះសីហនុក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយទីក្រុងនេះនឹងមិនត្រឹមតែជាកន្លែងរស់នៅ និងធ្វើការ ប៉ុន្តែនឹងក្លាយទៅជាចំណុចចាប់ផ្ដើមថ្មីមួយ ដែលបង្ហាញពីអនាគត ការច្នៃប្រឌិត និងសក្តានុពលរបស់តំបន់ឆ្នេរសមុទ្រកម្ពុជា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


