Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញថៃព្រមានថា កិច្ចព្រមព្រៀងរ៉ែកម្រអាមេរិក-ថៃ ប៉ះពាល់ដល់ទំនាក់ទំនងជាមួយចិន

បានផុស

នៅ

ជំហានដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ថៃ ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ​ជាមួយ​សហរដ្ឋអាមេរិក លើកិច្ចសហប្រតិបត្តិការរ៉ែដ៏កម្រ​កាលពីខែតុលា កំពុង​គំរាមកំហែង​ដល់ទំនាក់ទំនងរវាងថៃ និងចិន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារនេះ (២៣ ធ្នូ) ដោយស្រង់ការព្រមានរបស់អ្នកជំនាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មែនទែនទៅ សហរដ្ឋអាមេរិក និង​ចិនកំពុងមានជម្លោះគ្នាលើ​បញ្ហានៃការនាំចេញរ៉ែដ៏កម្ររបស់ចិន ដែលជាផ្នែកមួយនៃ​ភាពតានតឹងផ្នែកពាណិជ្ជកម្ម។ យោធា​អាមេរិកពឹងផ្អែកលើ​រ៉ែដ៏កម្រមួយ​ចំនួន សម្រាប់​ប្រើប្រាស់ក្នុងផលិតកម្ម​យន្តហោះចម្បាំង F-35។ ​សារព័ត៌មាន​ផ្សេងៗបាន​រាយការណ៍ថា កិច្ចព្រមព្រៀង​រ៉ែកម្ររវាងអាមេរិក និងប្រទេសផ្សេងៗក្រៅពីចិន ដូចជាជាមួយថៃ និងម៉ាឡេស៊ី ​អាច​ជួយផ្គត់ផ្គង់រ៉ែសំខាន់ៗទាំងនេះ ដើម្បីគាំទ្រដល់ឧស្សាហកម្មការពារជាតិ ការផលិតរថយន្ត និងបច្ចេកវិទ្យារបស់​អាមេរិក។

លោក Somjai Phagaphasvivat អ្នកវិភាគសេដ្ឋកិច្ចនយោបាយថៃ បាន​ប្រាប់បាងកកប៉ុស្តិ៍ថា​ ចិនទំនងជានឹងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះ​កិច្ចព្រមព្រៀងបែបនេះ ខណៈ​អាមេរិក​កំពុងស្វែងរកជម្រើសផ្សេងទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើ​ចិន​។

អនុស្សរណៈនៃការយោគយល់គ្នាអាមេរិក-ថៃ ​ផ្តល់សិទ្ធិអាទិភាពដល់សហរដ្ឋអាមេរិកក្នុងការចូលរួមនៅទូទាំងខ្សែ​ច្រវ៉ាក់ផ្គត់ផ្គង់រ៉ែសំខាន់ រាប់ចាប់តាំងពីការរុករក និងអភិវឌ្ឍន៍ រហូតដល់ការទាញយក​ ប៉ុន្តែមិនផ្តល់ឱ្យអាមេរិកនូវសិទ្ធិផ្តាច់មុខនោះ​ទេ។

លោក Somjai ​បាន​ថ្លែងយ៉ាងដូច្នេះថា៖ «សម្រាប់​ចិន បញ្ហានេះមិនត្រឹមតែជាបញ្ហាពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រទៀតផង ដោយសារ​រ៉ែកម្រ​មានសារៈសំខាន់ចំពោះប្រព័ន្ធអាវុធ និងបច្ចេកវិទ្យាឌីជីថល ​ដែលជាវិស័យប្រកួតប្រជែងដ៏សំខាន់រវាងមហាអំណាចទាំង២»។

​គួរគូសបញ្ជាក់ថា ​រ៉ែ​ដ៏​កម្រ​មាន​សារៈសំខាន់​សម្រាប់​ការផលិត​បច្ចេកវិទ្យា​ទំនើបៗ​ដូចជា​ស្មាតហ្វូន យានយន្ត​អគ្គិសនី និងយុទ្ធោបករណ៍។

លោក Somjai ​បានបន្តថា ការ​ចូលរួម​របស់​ថៃ​ជាមួយ​សហរដ្ឋអាមេរិក​ក្នុង​វិស័យ​នេះ​ ពាក់ព័ន្ធ​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សន្តិសុខ។

រដ្ឋាភិបាលចាំផ្ទះរបស់លោកនាយករដ្ឋមន្រ្តី អានុទីន ឆានវីរៈគុណ បាននិយាយថា MoU រ៉ែកម្រ គឺជាវិធីសាស្រ្តមួយ​ជំរុញការចរចាពាណិជ្ជកម្មជាមួយអាមេរិកពាក់ព័ន្ធពន្ធ។ ប៉ុន្តែក្រុមអ្នករិះគន់​បាន​លើកឡើងពីក្តីបារម្ភអំពីភូមិសាស្ត្រនយោបាយ និងការគំរាមកំហែងដែលអាចកើតមានចំពោះបរិស្ថាន។

សហព័ន្ធឧស្សាហកម្មថៃ (FTI) ឯណោះវិញ បានព្រមានថា អនុស្សរណៈនៃការយោគយល់គ្នាជាមួយសហរដ្ឋអាមេរិកអាចធ្វើឱ្យប្រទេសថៃប្រឈមនឹងហានិភ័យ​ភាពតានតឹង​ការទូតជាមួយចិន។

ប្រធាន FTI លោក គ្រៀងក្រៃ ធៀននុគុល មានការព្រួយបារម្ភថា វាអាចអូសទាញប្រទេសថៃឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាង​អាមេរិក និង​ចិន ដែលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចថៃ ខណៈ​ថៃកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពទំនាក់ទំនងការទូត​ជាមួយមហាអំណាចទាំង២​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម