ព័ត៌មានអន្ដរជាតិ
ភាពតានតឹនពាណិជ្ជកម្មអឺរ៉ុប-អាមេរិក កើនឡើងជាថ្មី ក្រោយរដ្ឋបាល ត្រាំ ស្នើដាក់ពន្ធ EU លើបញ្ហាពលកម្មដោយបង្ខំ
ភាពតានតឹងពាណិជ្ជកម្មអឺរ៉ុប-អាមេរិកបានកើនឡើងជាថ្មី ដោយគណៈកម្មការអឺរ៉ុបនៃសហភាពអឺរុប (EU) កាលពីថ្ងៃពុធ បានរិះគន់សហរដ្ឋអាមេរិកចំពោះគម្រោងដាក់ពន្ធបន្ថែមថ្មី ១០% លើទំនិញនាំចូលពីប្លុកនេះ ក្រោយរដ្ឋបាលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រកឃើញថា ទីក្រុងប្រ៊ុចសែលបានបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ។

លោក Olof Gill អ្នកនាំពាក្យរងរបស់គណៈកម្មការអឺរ៉ុប បាននិយាយសេចក្តីថ្លែងការណ៍ថា៖ «គណៈកម្មការនឹងវិភាគដោយប្រុងប្រយ័ត្ននូវការរកឃើញបឋមនៃការស៊ើបអង្កេត ហើយនឹងបន្តចូលរួមជាមួយរដ្ឋបាលអាមេរិក។ ទោះបីបែបនេះក្ដី សហភាពអឺរ៉ុបចាត់ទុកពន្ធគយដែលដាក់ក្រោមករណីនេះ ថាមិនសមហេតុផល»។
ដោយឡែក លោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មដ៏មានឥទ្ធិពលរបស់សភាអឺរ៉ុបឯណោះវិញ បាននិយាយថា អាមេរិក «កំពុងស្វែងរកមូលដ្ឋានច្បាប់ថ្មីយ៉ាងអន្ទះសារ ដើម្បីរក្សាគោលនយោបាយពន្ធគយរបស់ខ្លួន» បន្ទាប់ពីតុលាការកំពូលរបស់អាមេរិកខ្លួនឯងចាត់ទុកថាខុសច្បាប់។
លោក Lange បានបង្ហោះលើ X ថា៖ «ការចោទប្រកាន់សហភាពអឺរ៉ុបថាមិនបានធ្វើគ្រប់គ្រាន់ប្រឆាំងនឹងកម្លាំងដោយបង្ខំគឺជារឿងមិនសមហេតុផលខ្លាំង។ សហភាពអឺរ៉ុបបានអនុម័តច្បាប់ដ៏តឹងរ៉ឹងបំផុតលើពិភពលោក ប្រឆាំងនឹងផលិតផលដែលផលិតដោយប្រើពលកម្មដោយបង្ខំ»។ លោកបន្ថែមថា ស្ថានភាពនេះមើលទៅដូចជាការប៉ុនប៉ងស្វែងរកលេសផ្នែកច្បាប់ដើម្បីពន្ធ បន្ទាប់ពីពន្ធចាស់ត្រូវបានលុបចោល។
ក្រោយការប្រតិកម្មរបស់អឺរ៉ុប លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកឯណោះវិញ បាននិយាយកាលពីថ្ងៃពុធថា ទាំង EU និងសហរដ្ឋអាមេរិក សុទ្ធតែប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងភាគីទាំង២។
គួរគូសបញ្ជាក់ថា EU ស្ថិតក្នុងចំណោមប្រទេសចំនួន ៦០ ដែលការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានស្នើដាក់ពន្ធ ១០ ឬ ១២,៥% កាលពីអង្គារ ក្រោយបើកការស៊ើបអង្កេតតាមមាត្រា ៣០១ លើការអនុវត្តពាណិជ្ជកម្មមិនស្មើភាពក្រោមច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤។ ប្រទេសដែលត្រូវជាប់ពន្ធ ១០% ថ្មីរួមមាន EU កាណាដា អេក្វាឌ័រ ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងចក្រភពអង់គ្លេស។
ពេលប្រកាសពីសំណើដាក់ពន្ធ លោក Greer បាននិយាយថា ប្រទេសទាំងនោះបានបរាជ័យក្នុងការដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ ហើយការបរាជ័យនោះ «បង្កើតជាបញ្ហាមួយ ដែលកម្មករអាមេរិកត្រូវបង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលានដែលមិនស្មើភាពគ្នា»។
មែនទែនទៅ មានការលើកឡើងថា រដ្ឋបាល ត្រាំ បើកការស៊ើបអង្កេតជុំវិញបញ្ហាពលកម្មដោយបង្ខំ ដើម្បីអាចបន្តអនុវត្តពន្ធលើបណ្ដាប្រទេសផ្សេងៗ មុនពេលពន្ធបណ្តោះអាសន្ន ១០% ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធបណ្ដោះអាសន្ននោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយតុលាការកំពូលអាមេរិក បានសម្រេចថា ពន្ធដែលលោកដាក់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការនោះ គឺខុសច្បាប់ ហើយត្រូវលុបចេញ៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


