ព័ត៌មានអន្ដរជាតិ
អាមេរិកស្នើដាក់ពន្ធថ្មី ១០-១២,៥% លើប្រទេស៦០ រួមទាំងកម្ពុជា ជុំវិញពលកម្មដោយបង្ខំ
រដ្ឋបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានស្នើដាក់ពន្ធបន្ថែមថ្មីក្នុងអត្រា ១០% ឬ ១២,៥% លើប្រទេសចំនួន ៦០ ជុំវិញពិភពលោក រួមទាំងកម្ពុជា និងបណ្ដាសមាជិកអាស៊ានផ្សេងទៀត ក្រោយពីកំណត់ថា ប្រទេសទាំងនោះបរាជ័យក្នុងការទប់ស្កាត់ពាណិជ្ជកម្មទំនិញពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ ដែលបង្ខូចពាណិជ្ជកម្មអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) បានដាក់សំណើនេះឡើង បន្ទាប់ពីបើការស៊ើបអង្កេតតាមមាត្រា ៣០១ លើការអនុវត្តពាណិជ្ជកម្មមិនស្មើភាព។ សំណើនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ត្រាំ ដើម្បីអនុវត្តគោលនយោបាយពន្ធ ដែលតុលាការកំពូលអាមេរិកបានចាត់ទុកថាខុសច្បាប់កាលពីខែកុម្ភៈ ឆ្នាំនេះ។
USTR បាននិយាយថា ការិយាល័យបានកំណត់ថា ខ្លួននឹងដាក់ពន្ធ ១០% ទាក់ទងនឹងការស៊ើបអង្កេតពលកម្មដោយបង្ខំលើទំនិញនាំចូលពីប្រទេសកាណាដា អេក្វាឌ័រ សហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ម៉ិកស៊ិក ប៉ាគីស្ថាន អាហ្សង់ទីន បង់ក្លាដែស កម្ពុជា អែលសាល់វ៉ាឌ័រ ហ្គាតេម៉ាឡា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី តៃវ៉ាន់ និងចក្រភពអង់គ្លេស។
ទីភ្នាក់ងារពាណិជ្ជកម្មដដែលបាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែម ១២,៥% លើប្រទេសចំនួន ៤៥ ផ្សេងទៀត ដែលខ្លួនបានស៊ើបអង្កេតលើបញ្ហាដូចគ្នា។
តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការបរាជ័យរបស់ដៃគូពាណិជ្ជកម្មសំខាន់ៗបំផុតរបស់យើង ដើម្បីដោះស្រាយការនាំចូលទំនិញដែលផលិតដោយប្រើកម្លាំងពលកម្មដោយបង្ខំ គឺមិនអាចទទួលយកបានទេ»។ លោកបន្តថា៖ «ការណ៍នេះ បង្កើតជាបញ្ហាមួយ ដែលកម្មករអាមេរិកត្រូវបង្ខំឱ្យប្រកួតប្រជែងទូទាំងពិភពលោកលើទីលានដែលមិនស្មើភាពគ្នា»។
USTR បាននិយាយថា ទីភ្នាក់ងារក៏កំពុងស្នើយន្តការក្នុងវិស័យវាយនភណ្ឌមួយ ដែលនឹងអនុញ្ញាតឱ្យមានការនាំចូលសម្លៀកបំពាក់ និងវាយនភណ្ឌមួយចំនួនចូលទៅសហរដ្ឋអាមេរិក ក្នុងអត្រាពន្ធគយទាប។ យ៉ាងណាមិញ អត្រាពន្ធ និងបរិមាណទំនិញ មិនត្រូវបានដាក់បង្ហាញនៅឡើយ។
គួរគូសបញ្ជាក់ថា ការប្រកាសចុងក្រោយរបស់ USTR ធ្វើឡើង មុនពេលពន្ធបណ្តោះអាសន្ន ១០% របស់រដ្ឋបាល ត្រាំ ផុតកំណត់នៅថ្ងៃទី ២៤ ខែកក្កដា ខាងមុខ។ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធនោះនៅថ្ងៃទី ២០ ខែកុម្ភៈ ក្រោយតុលាការកំពូលសហរដ្ឋអាមេរិក បានលុបចោលពន្ធដែលលោក ត្រាំ បានដាក់កាលពីឆ្នាំមុន ក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិ (IEEPA) ឆ្នាំ ១៩៧៧ ដែលរួមបញ្ចូលទាំងពន្ធបដិការ។
ជុំវិញការស៊ើបអង្កេតកម្លាំងពលកម្មដោយបង្ខំ USTR បាននិយាយថា ផលិតផលជាច្រើននឹងត្រូវបានលើកលែងពីពន្ធបន្ថែមថ្មី ដោយរួមមានផលិតផលថាមពល រ៉ែកម្រ លោហធាតុមួយចំនួនទៀត សាច់គោ កាហ្វេ ផ្លែឈើ និងបន្លែមួយចំនួន ថ្នាំពេទ្យ សារធាតុគីមីសរីរាង្គ និងគ្រឿងបន្លាស់យន្តហោះ។USTR បាននិយាយថា ខ្លួននឹងទទួលយកមតិយោបល់សាធារណៈលើពន្ធដែលបានស្នើឡើង និងវិធានការផ្សេងទៀតរហូតដល់ថ្ងៃទី ៦ ខែកក្កដា៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


