ព័ត៌មានអន្ដរជាតិ
បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយន្តហោះ Boeing ៩០ គ្រឿង
បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាម រួមទាំងក្រុមហ៊ុន Vietnam Airlines បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតយន្តហោះអាមេរិក ប៊ូអ៊ីង (Boeing) លើការទិញយន្តហោះសរុបចំនួន ៩០ គ្រឿង ក្នុងតម្លៃ ៣០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ (១៩ កុម្ភៈ)។

ការសម្រេចបញ្ជាទិញនេះ បានធ្វើឡើងនៅចំពោះមុខតំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងលោក តូ ឡាំ អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន។
បើតាមរ៉យទ័រ ក្រុមហ៊ុន Vietnam Airlines បានចុះហត្ថលេខាលើការទិញយន្តហោះប្រភេទ 737-8 តួខ្លួនតូច ចំនួន ៥០ គ្រឿង ក្នុងតម្លៃ ៨,១ ប៊ីលានដុល្លារ។ ក្រុមហ៊ុនបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួនរំពឹងថានឹងទទួលបានយន្តហោះទាំងនោះ នៅចន្លោះឆ្នាំ ២០៣០ និង ២០៣២ ដែលនឹងធ្វើឱ្យកងយន្តហោះរបស់ក្រុមហ៊ុនឡើងដល់ ១៥១ គ្រឿង ត្រឹមឆ្នាំ ២០៣០។
ទន្ទឹមនឹងនោះ Vietnam Airlines ក៏កំពុងចរចាជាមួយ Boeing លើលទ្ធភាពទិញយន្តហោះតួខ្លួនធំក្នុងតម្លៃ ១២ ប៊ីលានដុល្លារផងដែរ។
Vietnam Airlines និង Boeing បាននិយាយក្នុងសេចក្ដីថ្លែងការណ៍រួម នៅយប់ថ្ងៃទី ១៨ កុម្ភៈ នៅទីក្រុងវ៉ាស៊ីនតោន (ព្រឹកថ្ងៃព្រហស្បតិ៍ ១៩ កុម្ភៈ នៅក្រុងហាណូយ) ថា ការទិញយន្តហោះ 737-8 ឬ 737-Max ទាំង ៥០ គ្រឿង នឹងបើកផែនការបង្កើនផ្លូវហោះហើរក្នុងស្រុក និងក្នុងតំបន់របស់ក្រុមហ៊ុន Vietnam Airlines ចំពេលដែលតម្រូវការធ្វើដំណើរតាមផ្លូវអាកាស បន្តកើនឡើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។
លោក ដាំង ង៉ុក ហ័រ (Dang Ngoc Hoa) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vietnam Airlines បានថ្លែងថា៖ «ការវិនិយោគលើយន្តហោះ Boeing 737-8 ចំនួន ៥០ គ្រឿង គឺជាជំហានដ៏សំខាន់មួយក្នុងការកសាងកងយន្តហោះទំនើប និងសន្សំសំចៃប្រេងឥន្ធនៈ ខណៈកំពុងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងលើកកម្ពស់ស្តង់ដារសេវាកម្ម ដើម្បីបំពេញតាមស្តង់ដារអន្តរជាតិ»។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយទៀត Sun PhuQuoc Airways ដែលទើបបង្កើតថ្មី បានចុះហត្ថលេខាលើការទិញយន្តហោះ 787-9 Dreamliner ពី Boeing ចំនួន ៤០ គ្រឿង ក្រោមកិច្ចព្រមព្រៀងតម្លៃ ២២,៥ ប៊ីលានដុល្លារ។
គេមើលឃើញថា ការទិញយន្តហោះរបស់ Boeing នាពេលនេះ ជាផ្នែកមួយនៃផែនការពាណិជ្ជកម្មវៀតណាម ដែលស្វែងរកការកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ក្រោមសម្ពាធពន្ធរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានប្រកាសកាលពីខែតុលាថា សហរដ្ឋអាមេរិកនឹងរក្សាពន្ធលើទំនិញវៀតណាមភាគច្រើននៅត្រឹម ២០% ខណៈលុបចោលពន្ធលើផលិតផលមួយចំនួន។
ក្នុងសេចក្ដីថ្លែងការណ៍រវាង Vietnam Airlines និង Boeing ការទិញយន្តហោះ 737-8 នឹងជួយក្រុមហ៊ុនឱ្យទទួលបានភាពជឿជាក់ និងចំណុះផ្ទុកកាន់តែច្រើន ចំពេលដែលចរាចរណ៍ផ្លូវអាកាសរបស់វៀតណាមរំពឹងថានឹងកើនឡើងទ្វេដង ដោយអ្នកដំណើរប្រចាំឆ្នាំហក់ឡើងដល់ ៧៥ លាននាក់ ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។
យន្តហោះ Boeing 737-8 តួខ្លួនតូច អាចផ្ទុកអ្នកដំណើរបានរហូតដល់ ២០០ នាក់អាស្រ័យលើការកំណត់ជាមួយនឹងចម្ងាយហោះហើររហូតដល់ ៣ ៥០០ ម៉ាយល៍ (៦ ៤៨០ គីឡូម៉ែត្រ)។
បច្ចុប្បន្ន ក្រុមហ៊ុន Vietnam Airlines កំពុងដំណើរការយន្តហោះ 787 Dreamliners ផលិតដោយ Boeing ចំនួន ១៧ គ្រឿង ដែលបម្រើផ្លូវហោះហើរក្នុងតំបន់ និងអន្តរជាតិរវាងប្រទេសវៀតណាម និងអឺរ៉ុប៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


