Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យលក់ដុំ និងរាយ​ថៃ​ សុំឱ្យរដ្ឋាភិបាលចេញជំនួយបន្ថែមលើសពី​ការចំណាយជាលុយ ជុំវិញបញ្ហាសេដ្ឋកិច្ច

បានផុស

នៅ

ចំពេលដែលស្ថានភាពសេដ្ឋកិច្ចបន្តតានតឹង វិស័យលក់ដុំ និងលក់រាយថៃ​បាន​អំពាវនាវសុំជំនួយបន្ថែមពីរដ្ឋាភិបាល​ក្នុងលក្ខណៈជាគោលនយោបាយរយៈពេលវែង ជាជាងការចំណាយជាលក្ខណៈប្រាក់ជំនួយរយៈពេលខ្លី។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នាថ្ងៃអង្គារ (២៤ កុម្ភៈ)នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីរាយការណ៍ជុំវិញបញ្ហានេះ ធ្វើឡើងខណៈដែលគណបក្សភូមិចៃថៃ ដែលឈ្នះការបោះឆ្នោតកាលពីដើមខែ ត្រៀមខ្លួនសម្រាប់ការដឹកនាំគណបក្សចម្រុះថ្មី ជាមួយ​នឹងការសន្យា​​សេដ្ឋកិច្ច ដែលដាក់ឱ្យប្រើប្រាស់នូវគម្រោង «ខុន ឡា គ្រឿង ផ្លឺស» (Khon La Khrueng Plus) ឡើងវិញ។ គម្រោង ខុន ឡា គ្រឿង ផ្លឺស សំដៅលើគំនិតផ្តួចផ្ដើមដែលរដ្ឋាភិបាលថៃ​ជួញចេញប្រាក់ ៥០% សម្រាប់រាល់ការចំណាយលើទំនិញ និងសេវាកម្មរបស់ពលរដ្ឋ។

យ៉ាងណាមិញ អាជីវករខាងលក់ដុំ និងរាយថៃបាន​យល់ឃើញថា គម្រោងបែបនេះ គ្រាន់តែជាយុទ្ធសាស្រ្តដោះស្រាយរយៈពេលខ្លីប៉ុណ្ណោះ ចំពេលដែលសេដ្ឋកិច្ចដើរអូសជើងរបស់ថៃ ត្រូវការដំណោះស្រាយរយៈពេលវែងដើម្បីដោះស្រាយ។ ​

លោក Somchai Pornrattanacharoen ទីប្រឹក្សាកិត្តិយសនៃសមាគមពាណិជ្ជកម្មលក់ដុំ និងលក់រាយថៃ បានថ្លែងថា៖ «ខ្ញុំបាននិយាយច្រើនដងហើយថា គោលនយោបាយប្រភេទនេះមិនគួរ​ប្រើប្រាស់ញឹកញាប់ពេកទេ ព្រោះវាគ្រាន់តែជាថ្នាំបំបាត់ការឈឺចាប់មួយ​ពេលៗប៉ុណ្ណោះ»​។

លោក​​បន្តថា រដ្ឋាភិបាល​ថ្មី​ទំនង​ជា​នឹង​​មនុស្សដដែលៗឱ្យធ្វើការថ្នាក់រដ្ឋមន្រ្តី​ ដែល​ធ្វើ​​ឱ្យ​លោកសង្ឃឹមតិច ថានឹង​មាន​​គោលនយោបាយ​ថ្មី​ណាមួយ ឬ​​​មាន​ការ​លម្អ​សេដ្ឋកិច្ច​គួរ​​ឱ្យ​កត់​សម្គាល់។ ជាជាង​ផ្តោត​លើ​គម្រោង​ជួយចេញប្រាក់ លោក​បាន​សង្កត់​ធ្ងន់​ថា រដ្ឋាភិបាល​គួរ​អនុវត្ត​គោលនយោបាយ​គោលដៅសំខាន់ៗ ​ដើម្បី​គាំទ្រ​ប្រតិបត្តិករ​អាជីវកម្ម​ខ្នាត​តូច និង​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ពួកគេ​ប្រឆាំង​នឹង​​ក្រុមហ៊ុន​ពហុជាតិ​ធំៗ។

លោក Somchai បាន​ស្នើថា រដ្ឋាភិបាល​គួរ​ដាក់​ចេញ​វិធានការ​ពន្ធ​ដើម្បី​ការពារ​អាជីវកម្ម​ក្នុង​ស្រុក ​ដោយ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ​លើស​ពី​ក្រុមហ៊ុន​ធំៗ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅ​តំបន់​ជាយក្រុង និង​ជនបទ។

ក្រៅពីនេះ លោក​បន្តថា អ្នក​លក់រាយ​តូចៗ​ដែល​លក់​តាម​អ៊ិនធឺណិត​ប្រឈម​​នឹង​ការចំណាយច្រើន​។ លោក​បាន​ជំរុញ​ឱ្យ​​រដ្ឋាភិបាល​បន្ថយ​ការចំណាយ​ប្រតិបត្តិការ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច ដូចជា​​ការ​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ថោក​ជាង ឬ​ផ្តល់​កន្លែង​ជួល​ដោយ​មិន​គិត​ថ្លៃ​ពិតប្រាកដ​ ដើម្បី​លក់​ផលិតផល។

ដោយឡែក លោក Milin Veraratanaroj ប្រធាន​ហាង Tang Ngee Soon Superstore ក្នុង​ខេត្ត អូប៊ុនថានី វិញ បាន​និយាយថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​នឹង​ត្រូវការ​ពេល​យូរ​ដើម្បី​ស្តារ​ឡើង​វិញ។ លោក​ជឿជាក់​ថា គម្រោង ខុន ឡា គ្រឿង ផ្លឺស នឹង​ជួយ​​ជំរុញ និង​ធ្វើ​​ឱ្យ​សេដ្ឋកិច្ច​មាន​ស្ថិរភាព​ក្នុង​អំឡុង​ពេល​ដ៏​លំបាក​នេះ។

យ៉ាងណាមិញ ដើម្បីជួយសេដ្ឋកិច្ចឱ្យឈប់ដើរអូសជើង លោក​​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នក​ស្រាវជ្រាវ​ទាំងអស់​ដើម្បី​កែលម្អ​ការ​លក់រាយ និង​ផលិតផល​កសិកម្ម​ក្នុង​ស្រុក​។ ក្នុង​វិស័យ​ទេសចរណ៍ លោក​បាន​អំពាវនាវ​​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ ​ដើម្បី​ធានា​បាន​នូវ​បទពិសោធន៍​​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព និង​រលូន​នៅ​ក្នុង​ប្រទេស​​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម