ព័ត៌មានអន្ដរជាតិ
អាជីវកម្មថៃទាមទារដំណោះស្រាយចំពោះកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ប្រមាណ ១ ឆ្នាំ ក្រោយពលករខ្មែរសម្រុកចេញ
ក្រុមអាជីវកម្មថៃមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានទាមទារឱ្យរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុណ ត្រូវតែចាត់វិធានការដោះស្រាយជាបន្ទាន់លើកង្វះខាតកម្លាំងពលកម្មធ្ងន់ធ្ងរ ប្រមាណ ១ ឆ្នាំក្រោយពលករចំណាកស្រុកខ្មែរសម្រុកចាកចេញពីប្រទេសថៃដោយសារភាពតានតឹងព្រំដែន។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

កង្វះខាតពលករចំណាកស្រុកឱ្យធ្វើការតាមវិស័យផ្សេងៗ បានធ្វើឱ្យវិស័យសំខាន់ៗផ្សេងៗចូលទៅក្នុងហានិភ័យ ដោយបន្ថែមសម្ពាធសម្រាប់សេដ្ឋកិច្ចថៃ ដែលកំពុងកាន់តែដុនដាបដោយសារតែកំណើនតម្លៃថាមពល។
អនុប្រធានសភាពាណិជ្ជកម្មថៃ លោក Wiboon Suphakarnpongkul បានថ្លែងក្នុងនាមគណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ ថា អាជ្ញាធរថៃគួរតែពន្លឿនការបន្តលិខិតអនុញ្ញាតការងារ ជាពិសេសសម្រាប់ពលករកម្ពុជា ដើម្បីការពារកម្មករពីការបាត់បង់ងារស្របច្បាប់របស់ពួកគេ ហើយបញ្ចៀសការរំខានដល់វិស័យផលិតកម្ម និងកសិកម្ម ក្នុងអំឡុងពេលដ៏សំខាន់សម្រាប់សេដ្ឋកិច្ចថៃ។
លោកបានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា បច្ចុប្បន្ន មានពលករចំណាកស្រុកប្រហែល ៣,៩ លាននាក់កំពុងធ្វើការនៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពលករកម្ពុជាបានធ្លាក់ចុះជាគំហុក មកត្រឹមប្រហែល ១៩៤ ០០០ នាក់ ពីប្រហែល ៥៥០ ០០០ នាក់។
មែនទែនទៅ ពលករកម្ពុជារាប់ម៉ឺននាក់បានសម្រុកវិលត្រឡប់មកប្រទេសកំណើតវិញពេលមានភាពតានតឹងព្រំដែនកម្ពុជា-ថៃ ជាពិសេសក្រោយជម្លោះប្រដាប់អាវុធរវាងប្រទេសទាំង២ផ្ទុះឡើងនៅខែកក្កដា។ គិតត្រឹមពាក់កណ្ដាលខែសីហា ឆ្នាំមុន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ពលរដ្ឋខ្មែរវិលចូលស្រុកវិញមានជាង ៩១ ម៉ឺននាក់ ក្នុងចំណោមពលរដ្ឋ និងពលករដែលរស់នៅ និងធ្វើការនៅប្រទេសថៃមានជាង ១,២ លាននាក់។

លោក Wiboon បានប្រាប់ថា កម្មករកម្ពុជាមានសារៈសំខាន់ណាស់សម្រាប់ការប្រមូលផលផ្លែឈើនៅភាគខាងកើតថៃ ដែលចាប់ផ្តើមនៅចុងខែមេសា និងមានរយៈពេលប្រហែល ៥ ខែ ប៉ុន្តែលិខិតអនុញ្ញាតរបស់ពួកគេជាច្រើនបានផុតកំណត់ ឬជិតផុតកំណត់ហើយ ខណៈការបន្តសុពលភាពត្រូវបានពន្យារពេលដោយសារក្តីបារម្ភអំពីសន្តិសុខ។
មន្រ្តីសភាពាណិជ្ជកម្មថៃដដែលបានបន្តថា ឧស្សាហកម្មផ្លែឈើនៅភាគខាងកើតប្រទេស មានតម្លៃប្រហែល ២០០ ប៊ីលានបាត/ឆ្នាំ ហើយកង្វះខាតកម្លាំងពលកម្ម នឹងធ្វើឱ្យឧស្សាហកម្មនេះប្រឈមមុខនឹងហានិភ័យគុណភាពទាប និងខកពេលប្រមូលផល។
លើសពីនោះ លោក Wiboon បន្ថែមថា វិបត្តិកម្លាំងពលកម្មក៏អាចរំខានដល់ការដឹកជញ្ជូនអង្ករនាំចេញផងដែរ។
វិស័យឯកជនកំពុងស្នើការបន្តលិខិតអនុញ្ញាតរយៈពេលខ្លីពី ៣ ទៅ ៦ ខែសម្រាប់កម្មករកម្ពុជា រួមជាមួយនឹងផែនការរយៈពេលវែង ដើម្បីពង្រីកការផ្គត់ផ្គង់កម្លាំងពលកម្មតាមរយៈកិច្ចព្រមព្រៀងថ្មីជាមួយប្រទេសដូចជា ស្រីលង្កា បង់ក្លាដែស និងឥណ្ឌូណេស៊ី ជាដើម៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


