Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញរថយន្តរបស់ថៃធ្លាក់ចុះ ជុំវិញកម្សោយតម្រូវការ

បានផុស

នៅ

ការនាំចេញរថយន្តរបស់ប្រទេសថៃ​ក្នុងរយៈពេល ៤ ខែ​ ដើម​ឆ្នាំ ២០២៦ បាន​ធ្លាក់ចុះដោយសារតែកម្សោយតម្រូវការពីខាងក្រៅ ទោះបីជាផលិតកម្ម និងការលក់រថយន្តក្នុងស្រុកកើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញក្នុងឧស្សាហកម្មរថយន្តថៃ​បានព្រមានថា ថ្លៃដើមគ្រឿងបន្លាស់ខ្ពស់ និងកម្សោយអំណាចទិញរបស់អ្នកប្រើប្រាស់ អាចធ្វើឱ្យផលិតកម្ម​នាពេលអនាគតធ្លាក់ចុះ។

ក្លឹបឧស្សាហកម្មរថយន្តនៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បានរាយការណ៍ថា ការផលិតយានយន្ត ការលក់ក្នុងស្រុក និងការនាំចេញ ចាប់ពីខែមករាដល់ខែមេសា ឆ្នាំ២០២៦ បានបង្ហាញសញ្ញាចម្រុះសម្រាប់វិស័យនេះ។

៤ ខែដើមឆ្នាំ ​ថៃបានផលិតរថយន្តចំនួនជាង ៤៧៣ ០០០ គ្រឿង ដែលកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការលក់រថយន្តក្នុងស្រុកបានកើនឡើង ១៥,០២% ដល់ជាង​ ២៣០ ០០០ គ្រឿង។ ​ប៉ុន្តែ ការនាំចេញរថយន្តឯណោះវិញ​ បានធ្លាក់ចុះ ៣,៤៥% ដល់ជាង​ ២៨០ ០០០ គ្រឿង ខណៈ​តម្លៃសរុបនៃការនាំចេញរថយន្ត រួមទាំងម៉ាស៊ីន និងគ្រឿងបន្លាស់ បានធ្លាក់ចុះ ៦,១៦% ដល់ ២៦៧,៩០ ​ប៊ីលានបាត។

លោក Surapong Paisitpattanapong ទីប្រឹក្សាប្រធានក្លឹបឧស្សាហកម្មរថយន្តរបស់ FTI ​បាននិយាយថា ការវិនិយោគ និងវិស័យការងារ នៅតែគួរឱ្យព្រួយបារម្ភ ដែលធ្វើឱ្យអំណាចទិញរបស់អ្នកប្រើប្រាស់ចុះខ្សោយ។ សេដ្ឋកិច្ចពិភពលោកក៏បន្តប្រឈមមុខនឹងហានិភ័យពីជម្លោះអន្តរជាតិ និងសង្គ្រាមពាណិជ្ជកម្មផងដែរ។

​យ៉ាងណាមិញ​ លោកបាននិយាយថា កំណើនសេដ្ឋកិច្ច ២,៨% របស់​ថៃ​ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦ រួមជាមួយនឹងគម្រោងដែល​អនុម័តដោយក្រុមប្រឹក្សាវិនិយោគថៃ អាចជួយបង្កើតការងារ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចកាន់តែរឹងមាំ ដែលអាចជួយលើកសន្ទុះរបស់ឧស្សាហកម្មរថយន្តរបស់ប្រទេស៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម