សេដ្ឋកិច្ច
អ្នកឧកញ៉ា សុខ គង់ ផ្តើមចេញពីដើមទុនមាសមួយជីកន្លះ រហូតក្លាយជាមហាសេដ្ឋីនៅកម្ពុជា
អ្នកឧកញ៉ា សុខ គង់ ត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏ល្បីឈ្មោះមួយរូបនៅកម្ពុជា ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប និងក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ។ អ្នកឧកញ៉ា គឺជាបុគ្គលដែលហ៊ានប្រថុយធ្វើជំនួញ ចិត្តមុត សម្រេចចិត្តលឿន ដោយមិនទុកឱ្យកាសកន្លងផុតនោះទេ។

អ្នកឧកញ៉ា សុខ គង់ មានដើមកំណើតជាអ្នកស្រុកពាមជរ ខេត្តព្រៃវែង ដែលមានឪពុកម្តាយជាអ្នកនេសាទត្រី ក្នុងជីវភាពគ្រួសារជួបការលំបាក ដូចគ្រួសារដទៃទៀតដែរ នៅជំនាន់នោះ។ កើតនៅឆ្នាំ១៩៥៤ អ្នកឧកញ៉ា សុខ គង់ បានរំលឹកថា« ពីដើមខ្ញុំរៀននៅសាលារៀនស្ទឹងស្លូត ពួកខ្ញុំនេះរៀនមួយថ្ងៃកាត់មួយថ្ងៃកោរទេ ពេលទឹកឡើងទៅលិចផ្ទះលិចសាលា»។
អ្នកឧកញ៉ាបានបន្តទៀតថា« ពីដើមខ្ញុំមិនចេះរកស៊ីទេ បានម៉ែគាត់ប្រើឱ្យទៅលក់ត្រីសព្វបែបយ៉ាង ប៉ុន្តែចេះតែលក់ តែមិនចេះធ្វើ…ក្រោយមកឪខ្ញុំឃើញអ៊ីចឹង ក៏រុញខ្ញុំឱ្យមកថ្លឹងត្រីយកទៅលក់ ទាំងនៅភ្នំពេញផង និងស្វាយរៀងផង»។

ឈានចូលដល់ឆ្នាំ ១៩៧០ សុខ គង់ មានវ័យជាង ១០ឆ្នាំ ឪពុកក៏បានចូលបម្រើទ័ព ដើម្បីជួយរំដោះជាតិចេញពីភ្លើងសង្រ្គាម។ ជាបន្តបន្ទាប់មក សង្រ្គាមចេះតែអូសបន្លាយច្រើនខែច្រើនឆ្នាំ លោកឪពុក សុខ គង់ ក៏ត្រូវរបួសទាំងជើង ទាំងដៃ ក៏សម្រាកពីកងទ័ព។
អ្នកឧកញ៉ា សុខ គង់ បានបន្តថា «នៅពេលនោះ ខ្ញុំបានរកស៊ីក្នុងតំបន់រំដោះទិញថ្នាំលក់ថ្នាំពេទ្យ ជួនកាលក៏ជិះកង់ទៅដល់ស្រុកកំចាយមារ នៅជាយៗតំបន់រំដោះ»។

ក្រោយមកទៀត នៅអំឡុងឆ្នាំ ១៩៧៣ ប្រទេសមិនទាន់រំដោះបាននោះទេ ពោលគឺស្ថិតនៅក្នុងភ្លើងសង្រ្គាមនៅឡើយ។ ប៉ុន្តែយុវជន សុខ គង់ ជាមនុស្សមួយរូប ដែលមានឈាមជ័រជាអ្នករកស៊ី ក៏បានពង្រីកមុខរបរបន្ថែម ពោលគឺបង្កើតឱកាសនៅក្នុងបញ្ហា។
«ខ្ញុំនិយាយឱ្យចំនៅក្នុងឆ្នាំ ១៩៧៣ មិនទាន់បានរំដោះចេញទេ ខ្ញុំរកស៊ីអង្ករ រកស៊ីទិញក្រណាត់ខ្មៅ ប្រេងសាំង ថ្នាំពេទ្យ អំបិល និងជួញដូរជ្រូកជាដើម»។
អ្នកឧកញ៉ា សុខ គង់ បានបង្ហើបប្រាប់ថា ជំនាន់នោះជ្រូកលក់បានថ្លៃ ដោយលោកគិតក្នុងចិត្តថា រកតែមួយជើងចុងក្រោយទៀត នឹងឈប់ប្រកបរបរនេះ។ ប៉ុន្តែជាអកុសល មួយជើងចុងក្រោយ ដឹកជ្រូកចំនួន ២០ក្បាលចូលទៅវៀតណាម ក៏ត្រូវអាជ្ញាធរវៀតណាមឃាត់ និងឃុំខ្លួនលោកអស់រយៈពេល ៧ខែ ២៣ថ្ងៃ នៅក្នុងគុក។
កំលុងពេលនៅក្នុងគុកនេះ មានលោកតាម្នាក់ដែលជាប់ឃុំជាមួយគ្នា បានចាប់ដៃ សុខ គង់ ទៅមើល និងទស្សទាយថា លោកនឹងក្លាយជាអ្នកមាននៅថ្ងៃអនាគត។ ពេលនោះ យុវជន សុខ គង់ បានលាន់មាត់ថា «មានស្អី បើតាឯងគ្រូទាយពូកែមែន ម្តេចជាប់គុកដែរ»។

ក្រោយឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា ត្រូវបានរំដោះចេញពីរបបអាវខ្មៅ(ប៉ុលពត) យុវជន សុខ គង់ បានចាប់ផ្តើមចេញរកស៊ីជាថ្មីម្តងទៀត ដោយមិនមានប្រាក់ធ្វើដើមទុនឡើយ ពោលគឺនៅសល់តែមាស ១ជីកន្លះ ដើម្បីជាដើមទុន។
ស្នាក់នៅក្នុងផ្ទះតូចចង្អៀតមួយកន្លែងនៅម្តុំផ្សារស៊ីលិប ភ្នំពេញ សុខ គង់ និងភរិយា បានចាប់ផ្តើមប្រកបរបរកិនកៅស៊ូ ធ្វើសម្បកកង់ឡានលក់ទៅប្រទេសវៀតណាម ដោយដឹងថា ប្រទេសវៀតណាមកំពុងមានតម្រូវការខ្ពស់។ មុខរបរអ្នកទាំងពីរចេះតែពង្រីកខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ ទិញអស់ដើមទុន១ជី លក់បាន ១តម្លឹង មានការបញ្ជាទិញពីអតិថិជនកាន់តែច្រើនឡើងៗ។ ជាមួយគ្នានេះ លោក សុខ គង់ ក៏បានផលិតស្បែកជើងកង់ឡាន តបតាមការកម្មង់រាប់ម៉ឺនគូសម្រាប់កងទ័ពផងដែរ។

អ្នកឧកញ៉ា សុខ គង់ បានផ្តល់ជាទស្សនថា« យើងប្រកបមុខរបរអ្វីក៏ដោយ ត្រូវចុះជាប់វាជានិច្ច ដើម្បីរៀនសូត្រពីវាផង ធ្វើឱ្យវាទៅមុខផង។ ការងារណាដែលខ្ញុំធ្វើវាហើយ ខ្ញុំមិនបោះបង់វាទេ ត្រូវតែប្រឹងធ្វើឱ្យបាន ជូនកាលខ្ញុំនឹកឃើញម៉ោងបីទាបភ្លឺ ក៏ខ្ញុំឡើងធ្វើដែរ ខ្ញុំប្រឹងប្រែងតស៊ូណាស់ ធ្វើអានេះ មិនបាន ខ្ញុំទៅធ្វើអានោះ ធ្វើទាល់តែបាន »។
អ្នកឧកញ៉ា សុខ គង់ សង្កត់ធ្ងន់ថា ពីដើមឡើយគ្រូទាយក៏មិនជឿ ស្អីក៏មិនជឿ គឺជឿជាក់លើខ្លួនឯង គិតខ្លួនឯង ដើម្បីការងារអភិវឌ្ឍ។ ជាមួយគ្នានេះ អ្នកឧកញ៉ា បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវខិតខំធ្វើយ៉ាងណា ប្រឹងប្រែងទាំងអស់គ្នា បាន១រៀល យើងចាយតែ ៥កាក់ ៥កាក់ទៀត ទុកពេលមានតម្រូវផ្សេងៗ ចាំបាច់ត្រូវចេះសន្សំសំចៃ ដើម្បីអនាគតគ្រួសារដ៏យូរអង្វែង។
អ្នកឧកញ៉ា សុខ គង់ មានបុត្រចំនួន ៦នាក់ ស្រី០៣នាក់ និងប្រុស ០៣នាក់។ អ្នកឧកញ៉ា បានបញ្ជាក់ថា ទោះពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំហើយក្តី តែសេចក្តីស្នេហាចំពោះភរិយានៅតែមានភាពផ្អែមល្ហែម ពុំមានការប្រែប្រួលឡើយ។

បច្ចុប្បន្នអ្នកឧកញ៉ា សុខ គង់ គ្រប់គ្រងអាជីវកម្មធំៗក្នុងដៃ ដូចជា ក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប ក្រុមហ៊ុនសុខាអូតែល ដែលបាននិងកំពុងដឹកនាំប្រតិបត្តិគម្រោងវិនិយោគអភិវឌ្ឍលើភ្នំបូកគោ ឋានសួគ៌បូកគោ សណ្ឋាគាររេស៊ីដង់ភ្នំពេញ សណ្ឋាគារឆ្នេរសុខា និងសណ្ឋាគារសុខាសៀមរាប ជាដើម៕ អត្ថបទ៖ ទូន សុផល





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ