សេដ្ឋកិច្ច
ការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ គ្រោងបញ្ចប់នៅខែមេសា
លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោគ្រោងបិទបញ្ចប់នៅខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

ព្រែកជីកហ្វូណនតេជោបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្តកែប។
លោក ផន រឹម បញ្ជាក់ថា កំណាត់ទី១ពីដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោដែលមានចម្ងាយ ២១ គីឡូម៉ែត្រ បានបញ្ចប់ដោយជោគជ័យ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីព្រែកតាកែវ(ទន្លេមេគង្គ)-ព្រែកពោធិ៍ (ទន្លេបាសាក់) នៃភូមិសាស្តរខេត្តកណ្តាល។
អ្នកនាំពាក្យរូបនេះបន្ថែមថា ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរឡើង ក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្តបណ្តុះបណ្ដាលការប្រើប្រាស់ឧបករណ៍បច្ចេកទេស DGPS និង Drone ទំនើប ជំនាន់ចុងក្រោយបង្អស់ ដែលទើបបំពាក់បន្ថែម ដល់ក្រុមការងារដើម្បីត្រៀមចុះបេសកកម្មប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោសម្រាប់កំណាត់ទី២។

ដំណើរការផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី នៃគម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងបញ្ចប់ការងារនេះក្នុងកំឡុងខែ មេសា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ពេលក្រុមការងារទៅដល់កន្លែងណានោះនៃដំណើរការចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ តែងបានសហការល្អជាមួយក្រុមការងារបច្ចេកទេស និងប្រឹងប្រែងសហការគ្នាអនុវត្តការងារឱ្យបានរលូន និងជួយយកអាស្រ័យគ្នាយ៉ាងល្អប្រសើរ ដែលបង្ហាញអំពីទឹកចិត្តគាំទ្រយ៉ាងពេញទំហឹងលើការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

គម្រោងព្រែកជីកហ្វូណនតេជោ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។
គម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវទឹក ៣ កន្លែង ស្ថិតនៅខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធិភាពក្នុងការទប់ស្កាត់ ការជ្រាបចូលនៃទឹកប្រៃ ទៅក្នុងបណ្ដាផ្លូវទឹកសាប និងអាចកំណត់បរិមាណ នៃអត្រាលំហូរទឹកសាប ដែលត្រូវហូរចេញទៅសមុទ្រ។
គម្រោងនេះ នឹងត្រូវប្រើពេលសាងសង់ ៤៨ ខែ នឹងគ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧ ពាន់លានដុល្លារ។
កំណាត់ទី១ ចម្ងាយ ២១ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រាសសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


