Connect with us

ព័ត៌មានជាតិ

​​ព័ត៌មានសំខាន់ៗ​ជុំវិញ​ព្រែក​ជីក​ហ្វូណន​តេ​ជោ ​បើកការដ្ឋាន​សាងសង់ដំណាក់កាលទី ២ ស្អែកនេះ

បានផុស

នៅ

ព្រែក​ជីក​ហ្វូណន​តេជោ នឹង​បើកការដ្ឋាន​សាងសង់ដំណាក់កាលទី ២ នៅថ្ងៃ​ស្អែកនេះ ក្រោម​អធិបតីភាព​សម្តេ​ចធិបតី ហ៊ុន ម៉ាណែត។

គម្រោងប្រវត្តិសាស្ត្រនេះនឹង​នាំ​ផលប្រយោជន៍យ៉ាង​ច្រើន​ កាត់បន្ថយថ្លៃដើមដឹកជញ្ជូន និង​ជំរុញ​ដល់ការ​អភិវឌ្ឍ​​សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មានសំខាន់ៗជុំវិញដំណើរការ​សាងសង់​ព្រែកជីកហ្វូណនតេជោ ដែលនឹងបើកការដ្ឋានសាងសង់នៅថ្ងៃ​ស្អែកនេះមាន​ដូចតទៅ៖

១. ទិដ្ឋភាពទូទៅនៃគម្រោង

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទីមួយក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់​​ប្រទេស​កម្ពុជា ដែលតភ្ជាប់ប្រព័ន្ធទន្លេមេគង្គទៅកាន់ផ្លូវសមុទ្រ និងដើរតួជាច្រករបៀងដ៏សំខាន់ក្នុងការដឹកជញ្ជូនពី រាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរ ជំរុញ​ការអភិវឌ្ឍឧស្សាហកម្ម និងគាំទ្រដល់​ចក្ខុវិស័យយុទ្ធសាស្ត្ររបស់​កម្ពុជាក្នុងការ​ក្លាយជា​ប្រទេសមានចំណូល​ខ្ពស់នៅឆ្នាំ ២០៥០។

២. ការបែងចែកកំណាត់សាងសង់

គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៧២,៦ គីឡូម៉ែត្រ និង​ដំណើរការ​សាងសង់​ចែកចេញជា ២ កំណាត់៖

កំណាត់ទី១៖ មាន​ប្រវែង ២១ គីឡូម៉ែត្រ ចាប់ពី​ព្រែកតាកែវ​នៃ​ទន្លេមេគង្គ ដល់​ព្រែកពោធិ៍​នៃ​ទន្លេ​បាសាក់ បាន​បោះ​បង្គោលនិយាមការ​​ចំនួន ១៥៥ បង្គោល។ ការវាស់វែងព្រំប្រទល់ដី និង​ដោះ​ស្រាយ​ផល​ប៉ះពាល់​សម្រាប់​កំណាត់​នេះ បាន​បញ្ចប់​រួចរាល់នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥។ គម្រោងកំណាត់ទី១ នេះ ត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ ក្រោម​អធិបតីភាព​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

កំណាត់ទី២៖ មាន​ប្រវែង ១៥១,៦ គីឡូម៉ែត្រ និងបាន​បោះបង្គោលចំនួន ១៧៦៥ បង្គោល។ កំណាត់​នេះ​នឹង​ត្រូវ​សាង​សង់​​​​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation ដោយ​មាន​ក្រសួង​សាធារណការ និងដឹកជញ្ជូនជាម្ចាស់គម្រោង។ ពិធីបើកការដ្ឋានសាងសង់កំណាត់ទី២ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃសៅរ៍ ទី ១១ ខែ​មេសា ឆ្នាំ ២០២៦ ក្រោម​អធិបតីភាពសម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត។

៣. លក្ខណៈបច្ចេកទេស និងហេដ្ឋារចនាសម្ព័ន្ធ

-ផ្លូវ​នាវាចរណ៍មាន​ជម្រៅប្រមាណ ៤,៧ ម៉ែត្រ (ធៀបនឹង​នីវ៉ូទឹកសមុទ្រជាមធ្យម) និង​មាន​ទទឹង​បាតក្រោម​​ប្រឡាយ ៦០ ម៉ែត្រ។
-សមត្ថភាព​ផ្ទុក អាចអនុញ្ញាតឲ្យនាវាចំណុះ ៣ ០០០ តោន ធ្វើនាវាចរណ៍បាននៅរដូវប្រាំង និង​ចំណុះ ៥ ០០០ តោន នៅរដូវវស្សា។
-ហេដ្ឋារចនាសម្ព័ន្ធអមគម្រោង មានសន្ទះផ្លូវ​នាវាចរណ៍ចំនួន ២ កន្លែង (ស្ថិតនៅខេត្តតាកែវ និង​ខេត្តកែប) ស្ពាន​ចំនួន ៦ កន្លែង ទីតាំង​បោះ​យុថ្កា​ចំនួន ៥ កន្លែង បំពង់​បន្ទេរ (ស៊ីហ្វុង) ចំនួន ២៩ កន្លែង និង​ទ្វារ​ទឹក​ចំនួន ៦៩ កន្លែង។
-ការធ្វើនាវាចរណ៍មិនចាំបាច់ចូលចត និងឆ្លងកាត់ដោយស្វ័យប្រវត្តិ ព្រម​ទាំង​មានការទូទាត់កម្រៃសេវាភ្លាមៗដោយប្រព័ន្ធស្វ័យប្រវត្តិកម្ម។

៤. កម្លាំងប្រតិបត្តិការ និងការដ្ឋាន

-គ្រឿងចក្រនិងឧបករណ៍បច្ចេកទេសចំនួន ៣ ២៤០ គ្រឿង ជាមួយ​​បុគ្គលិកនិងកម្មករសរុបចំនួន ៧ ៦៨៨ នាក់ នឹង​ពាក់ព័ន្ធ​សម្រាប់​ដំណើរការសាងសង់។
-នៅតាមបណ្ដោយផ្លូវគម្រោងទាំងមូល មាន​ការដ្ឋានសរុបចំនួន ១១ ត្រូវបានបង្កើតឡើង ហើយ​ដែល​ស្នាក់ការ​នីមួយៗ​អាចផ្ទុកបុគ្គលិកគ្រប់គ្រងបានចំនួន ២៥ នាក់ និងកម្មករចំនួន ៤០០ នាក់។

តើគម្រោងនេះផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចអ្វីខ្លះដល់កម្ពុជា?

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ នឹង​ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចសំខាន់ៗ​ជាច្រើន​ដល់​កម្ពុជា ដែល​នឹង​បង្កើតជាច្រករបៀងផ្លូវទឹកដ៏សំខាន់ ​ត​ភ្ជាប់​ការដឹកជញ្ជូនពីរាជធានីភ្នំពេញទៅកាន់តំបន់ឆ្នេរសមុទ្រកម្ពុជា ក៏ដូចជាតភ្ជាប់ផ្លូវទឹក​ក្នុងប្រទេស​ទៅនឹងផ្លូវសមុទ្រនៃបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

តាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនិងសកម្មភាព​សេដ្ឋកិច្ច​ នឹង​​ជួយជំរុញដល់ការធ្វើឧស្សាហកម្ម និង​ការរីកចម្រើន​នៃហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងជួយតភ្ជាប់បន្ថែមនូវតំបន់សេដ្ឋកិច្ចច្រក​របៀងត្រី​និងស្រូវ និង ច្រករបៀងឧស្សាហកម្មនិងរ៉ែនៃទន្លេមេគង្គលើ។

គម្រោងប្រវត្តិសាស្ត្រនេះ​ ក៏​នឹង​ដើរ​តួនាទីយ៉ាងសំខាន់​ក្នុងការគាំទ្រដល់​ចក្ខុវិស័យអភិវឌ្ឍន៍​ជាយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងការប្រែ​ក្លាយខ្លួនទៅជា​ប្រទេសដែល​មាន​ចំណូល​ខ្ពស់នៅក្នុងឆ្នាំ ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម