Connect with us

សេដ្ឋកិច្ច

គណៈប្រតិភូអន្តរក្រសួង ចុះពិនិត្យទីតាំងបើក​ការដ្ឋានសាង​សង់​គម្រោង​ព្រែកជីក​ហ្វូណនតេជោ

បានផុស

នៅ

លោក ​ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ​នៅ​រសៀល​ថ្ងៃទី​០២ ​ខែមេសា ​២០២៦ ​បានដឹកនាំគណៈប្រតិភូអន្តរក្រសួងចុះពិនិត្យទីតាំង ​រៀបចំពិធីបើកការដ្ឋាន សាងសង់គម្រោងព្រែកជីកហ្វូណ​ន​តេជោ ​កំណាត់ទី២ (ព្រែកពោធិ៍ ខេត្តកណ្តាល-សមុទ្រ​ខេត្ត​កែប) ​ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ២០២៦ ក្រោមអធិបតីភាពសម្តេច​មហា​បវរ​ធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បេសកកម្មនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក​គណៈកម្មាធិការពិសេស និងជាប្រធានលេខាធិការដ្ឋាន, រដ្ឋមន្ត្រីក្រសួង​ធនធាន​ទឹក ​និង​ឧតុ​និយម​ សមាជិកគណៈកម្មាធិការពិសេស និងតំណាងអន្តរ​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ​ និងថ្នាក់​ដឹកនាំក្រុមហ៊ុន CRBC។

​សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ​ គឺជាគម្រោងប្រវតិ្តសាស្រ្តកែប្រែ​មុខមាត់​កម្ពុជា ក្នុងវិស័យ​នាវា​ចរណ៍​ និងការដឹកជញ្ជូនតាមផ្លូវទឹក។ ​

គម្រោងនេះនឹងបង្កើតបណ្តាញផ្លូវទឹកក្នុងស្រុកមួយដែលមានភាពប្រទាក់ក្រឡា និងតភ្ជាប់បាន​គ្រប់ជ្រុង​ជ្រោយ ព្រមទាំងចូលរួមបំពេញបន្ថែមចន្លោះប្រហោងមួយ​ចំនួននៅក្នុងប្រព័ន្ធ​ដឹកជញ្ជូន​តាម​ផ្លូវទឹក និងសមុទ្ររបស់កម្ពុជានាពេលបច្ចុប្បន្ន និងបង្កើនប្រសិទ្ធភាព កាត់បន្ថយចម្ងាយ និង​តម្លៃ​ដឹកជញ្ជូន ធានាភាពប្រកួតប្រជែង ធានាឯករាជ្យភាព និងសុវត្ថិភាពនៃការដឹកជញ្ជូន​តាមប្រព័ន្ធ​ផ្លូវទឹក និងតភ្ជាប់ត្រង់ពីបណ្តាញទន្លេមេគង្គទៅសមុទ្រ។ ​

​ផ្លូវទឹកប្រវត្តិសាស្រ្តមួយខ្សែនេះឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្តកែប ​ហើយត្រូវបានរចនាឡើងសម្រាប់នាវាដែលមានទម្ងន់ផ្ទុករហូតដល់ ៣ ០០០ DWTទៅ-មក និងជៀសគ្នាបានដោយសុវត្ថិភាព។​

គម្រោងព្រែកជីកនេះ សាងសង់ស្ទើទាំងស្រុង លើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកតាំងពីសម័យហ្វូណន ក្នុងនោះផ្លូវទឹកធម្មជាតិដែលមានស្រាប់មានប្រវែង ១៣៥ គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីប្រវែង ៧ គីឡូម៉ែត្រ និងផ្លូវទឹកជីកតម្រង់ប្រវែង ៣៨ គីឡូម៉ែត្រ។

កំណាត់ទី១ ចម្ងាយ ២៦ គីឡូម៉ែត្រ (ព្រែកតាកែវ ទៅទន្លេបាសាក់) នឹងត្រូវវិនិយោគ ១០០% ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី ២ ដែលមានចម្ងាយ ១៥៩ គីឡូម៉ែត្រ (ពីទន្លេបាសាក់ខេត្តតាកែវ រហូតដល់ខេត្តកែប) នឹងត្រូវវិនិយោគរួមគ្នា រវាងសហគ្រា​សសាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសារជីវកម្មស្ពាន និងថ្នល់ (CRBC)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម