សេដ្ឋកិច្ច
ក្រុមហ៊ុន ស៊ី ភី ប្រកាសទទួលទិញពោតពីកសិករសម្រាប់ផលិតចំណីសត្វ
ក្រុមហ៊ុនកែច្នៃចំណីសត្វដ៏ធំ ស៊ី.ភី.ខេមបូឌា បានប្រកាសថា នៅតែបន្តទិញពោតសម្រាប់ផលិតចំណីសត្វ ដោយផ្អែកទៅលើគុណភាពផលិតផល ដែលក្រុមហ៊ុនបានកំណត់ និងបរិមាណសមរម្យ ស្របតាមសមត្ថភាពផ្ទុកទំនិញក្នុងរោងចក្រ។

ក្រុមហ៊ុន ស៊ី.ភី.បានរៀបចំកន្លែងទទួលទំនិញនៅទីតាំងរោងចក្រផលិតចំណីសត្វ ៣ កន្លែង គឺរោងចក្រនៅភ្នំពេញ ខេត្តកំពត និងប៉ៃលិន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាប់ផ្ដើមបង្វែរនូវកសិផលដែលស្ថិតនៅតាមបណ្ដាខេត្តទាំង ៧ ជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ធ្វើផលិតកម្មចំណីសត្វក្នុងស្រុក នៅចំពេលដែលបញ្ហាព្រំដែនកម្ពុជា-ថៃ បន្តអូសបន្លាយ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា រាជរដ្ឋាភិបាលមានដំណោះស្រាយ២ សម្រាប់រយៈពេលខ្លី និងមធ្យម ពោលគឺកម្ពុជាចាប់ផ្ដើមបង្វែរនូវកសិផលដែលដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ ទៅជាធាតុចូលកសិកម្មនៃការកែច្នៃ ក្នុងស្រុក ជាពិសេសការកែច្នៃធ្វើផលិតកម្មចំណីសត្វ។

លោកបានថ្លែងបន្ថែមថា៖ «យើងឃើញករណីមួយគឺថា កន្លងមក រឿងពោត ដំឡូងមី ត្រូវបាននាំចេញទៅប្រទេសថៃ ដើម្បីបម្រើឱ្យឧស្សាហកម្មកែច្នៃចំណីសត្វនៅក្នុងប្រទេសថៃ ឥឡូវនេះ នៅពេលដែលព្រំដែនបិទ យើងក៏អាចបង្វែរធាតុចូលនេះ ទៅធ្វើជាផលិតកម្មចំណីសត្វនៅក្នុងស្រុកផងដែរ»។
បើតាមលោក ឃឹម ហ្វីណង់ កន្លងមកកម្ពុជាមានក្រុមហ៊ុនមួយចំនួនដូចជាក្រុមហ៊ុន CP ដែលបានព្យាយាមធ្វើចំណីសត្វក្នុងស្រុកដែរ។
លោក ឃឹម ហ្វីណង់បន្ថែមថា៖ «យើងបង្វែរទិសដៅនៃធាតុចូលរបស់យើងឱ្យត្រូវនឹងទិសដៅនៃការធ្វើផលិតកម្មចំណីសត្វនៅក្នុងស្រុក ហើយក្រសួងកសិកម្មបានធ្វើការរួចហើយជាមួយក្រុមហ៊ុន CP ទោះបីជាក្រុមហ៊ុន CP ជាក្រុមហ៊ុនថៃក៏ដោយ យើងមិនប្រកាន់ទេ គាត់ចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជា»។

លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃទី ១៤ ខែកក្កដា បានចុះពិនិត្យមើល ឡសម្ងួត និងឃ្លាំងស្តុកទុកពោតក្រហមធំៗស្ថិតនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូចជាមូលដ្ឋានស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
លោកបានស្នើសុំឲ្យម្ចាស់សីឡូ ទទួលទិញពោតក្រហម ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ សូមជួយបន្តទិញ ពោតក្រហម ឲ្យបានកាន់តែច្រើនពីកសិករ ឱ្យអស់ពីលទ្ធភាព និងស្របតាមតម្លៃទីផ្សារ ជាពិសេស នៅចុងខែកក្កដាខាងមុខនេះគឺដល់ការប្រមូលផលពេញធំ។ លោកស្នើឱ្យម្ចាស់សីឡូជួយទិញក្នុងតម្លៃពី ៥៣០ រៀល ឡើងទៅ គឺកសិករនឹងមិនខាតនោះទេ។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជានាំចេញគ្រាប់ពោតសម្រេចបានប្រមាណជាង ៥ ម៉ឺនតោន ធ្លាក់ចុះ ២០,៨០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។
របាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ផ្ទៃដីដាំដុះពោតក្រហមបានកើនពី ២៧ ម៉ឺន ៧ ពាន់ហិកតា នៅឆ្នាំ ២០២៣ ដល់ជាង ២៨ ម៉ឺនហិកតា នៅឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


