ព័ត៌មានជាតិ
កសិករចាប់ផ្តើមប្រមូលផលពោតក្រហមជាបន្តបន្ទាប់ ខណៈតម្លៃឆ្នាំនេះអាចទទួលយកបាន
កសិករនៅតាមបណ្តាស្រុកមួយចំនួនបានចាប់ផ្តើមប្រមូលផលពោតក្រហមជាបន្តបន្ទាប់ ដើម្បីនាំចូលទៅកាន់ទីផ្សារ ដោះបន្ទុកជីវភាពគ្រួសារ ខណៈតម្លៃទីផ្សារឆ្នាំនេះក៏អាចទទួលយកបាន បើទោះបីទាបជាងឆ្នាំមុនបន្តិចបន្តួចក៏ដោយ ប៉ុន្តែក៏អាចសល់បានចំណូលខ្លះក្រៅពីទូទាត់ថ្លៃថែទាំ និងថ្លៃដឹកជញ្ជួចចូលទីផ្សារ។

កសិកររស់នៅក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ នេះប្រហាក់ប្រហែលគ្នាថា ដល់រដូវកាលប្រមូលផលម្តងៗ គឺជាពេលវេលាដែលពួកគាត់សប្បាយរីករាយព្រោះអាចមានចំណូលចូលដើម្បីដោះបន្ទុកជំពាក់គេផង និងបានដោះស្រាយជីវភាពគ្រួសារផង។
អ្នកស្រី សួន ស៊ីថាវ បានឲ្យដឹងថា អ្នកស្រីក្រោយពីបញ្ចប់មុខរបរជាពលករពីស្រុកថៃ បានបន្តមុខរបរកសិកម្មនៅក្នុងស្រុករហូត បើទោះបីអ្នកស្រីមានដីភូមិតិចតួចក៏ដោយក៏អ្នកស្រីអាចរកចំណូលបានសម្រាប់ដោះស្រាយជីវភាព និងមួយផ្នែកទៀតសម្រាប់ផ្គត់ផ្គង់កូនសិក្សា តាមរយៈផលដំណាំបន្តិចបន្តួច ចិញ្ចឹមមាន់ស្រែផង រួមនិងដំណាំពោតផង។

បើតាមអ្នកស្រី ស៊ីថាវ ដោយសារតែអ្នកស្រី ត្រូវតែរកចំណូលបន្ថែមទៀត អ្នកស្រីបានជួលដីបន្ថែម ចំនួន ៣ ហិកតា សម្រាប់ដាំពោតក្រហម។ អ្នកស្រី បានគូសបញ្ជាក់ថា ដី ៣ ហិកតា ដែលអ្នកស្រីជួលបន្ថែមនេះ គឺក្នុងតម្លៃតែ ១ លាន រៀលប៉ុណ្ណោះ ខណៈអ្នកភូមិ តែងតែជួលក្នុងមួយហិកតា ១ លានរៀល។
អ្នកស្រីបន្តថា «ជីវិភាពគ្រួសារខ្ញុំបានធូរស្រាលខ្លះហើយ ក្រោយពីខ្ញុំបានពង្រីកការដាំពោតលើទំហំដី ៣ ហិកតា ដែលជួលពីគេបន្ថែម ហើយថែមទាំងស្ថិតក្នុងតម្លៃថោក។ មិនតែប៉ុណ្ណោះពូជពោតដែលខ្ញុំដាំគឺនាំពីវៀតណាម ហើយទីផ្សារ ក៏ខាងវៀតណាមទទួលទិញដែរ តម្លៃក៏ប្រហាក់ប្រហែលនិងពូជពីថៃដែរ គឺមិនលើគ្នាទេ»។
ជាមួយគ្នានេះដែរ អ្នកស្រី ឃន ឃឿន បានប្រាប់ «កម្ពុជាថ្មី» ថា អ្នកស្រីបានដាំពោតក្រហម ពូជពីថៃបានលើផ្ទៃដី ៥ ហិកតា ក្នុងនោះ ដីផ្ទាល់របស់អ្នកស្រី ៣ ហិកតា ជួលពីអ្នកជិតខាងដែលនៅជាប់ព្រំគ្នាចំនួន ២ ហិកតាទៀត សរុបពោតអ្នកស្រី បានដាំលើផ្ទៃដី ៥ ហិកតា។ អ្នកស្រីថា ឆ្នាំនេះបានទិន្នផលហុចឲ្យបានល្អតាមការរំពឹងទុករបស់អ្នកស្រី តែឆ្នាំនេះត្រូវចំណាយលើការជួលដីផង និងថ្លៃថែទាំផង។
អ្នកស្រីបន្តថា រាល់ឆ្នាំបានសល់ខ្លះៗដែរ តែឆ្នាំនេះអាចនឹងសល់បានច្រើនជាងឆ្នាំកន្លងទៅ ព្រោះអ្នកស្រីផ្លែពោតតែងតែទុកធ្វើជាពូជដាំបន្តរាល់រដូវកាល បើទោះបីជាមិនបាននាំមកពីថៃ ក៏នៅតែមានគ្រាប់ពូជពោតក្រហមថៃ ដាំដុះបន្តគ្រប់រដូវកាល។

បើតាមអ្នកស្រី ឃន ឃឿន “ឆ្នាំនេះតម្លៃមិនខុសគ្នាប៉ុន្មានទេ បើធៀបពីឆ្នាំមុនៗ សម្រាប់ខ្ញុំអាចទទួលយកបានក្នុងតម្លៃចន្លោះ ពី ៤៥០ រៀល ទៅ ៥០០ រៀល ក្នុង ១ គីឡូក្រាម(ពោតស្នូល) ហើយបើតម្លៃពោតគ្រាប់បាន ៦០០ រៀលដែរ ក្នុងមួយគីឡូក្រាមដូច្នេះតម្លៃនេះមិនថោកប៉ុន្មានទេ”។
បើតាមមន្ត្រីកសិកម្មខេត្ត លោក ហេង សិទ្ធ បានឲ្យដឹងនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នេះថា សម្រាប់ដំណាំពោត ដែលកសិករ ធ្វើការដាំដុះនៅក្នុងខេត្តបាត់ដំបង មាននៅលើផ្ទៃដីសរុប ១៣ ម៉ឺនហិកតា។ ក្នុងនោះ តម្លៃពោតក្រហមរហូតមកដល់ពេលនេះនៅតែល្អ ដោយតម្លៃពោតស្នូល ក្នុងមួយគីឡូក្រាម លក់បានចន្លោះពី ៤៥០ រៀលទៅ ៥០០ រៀល ចំណែកលក់ជាគ្រាប់ក្នុងមួយគីឡក្រាម បាន ៦០០រៀល មិនថ្លៃហើយក៏មិនថោកដែរ គឺកសិករអាចទទួលយកបាន៕
អត្ថបទ÷សៅ សារិទ្ធ
-
កីឡា១០ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៤ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៨ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


