Connect with us

សេដ្ឋកិច្ច

កម្ពុជាស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិជាង ៣,៧ លាននាក់ ធ្លាក់ចុះ ០,៨% នៅក្នុងរយៈពេល ៧ ខែ

បានផុស

នៅ

នៅក្នុងរយៈពេល៧ ខែ ឆ្នាំ ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរ​អន្តរ​ជាតិ​ប្រមា​ណ ៣,៧ លាននាក់ មានការធ្លាក់ចុះ ០,៨% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងទេសចរណ៍ នៅក្នុងរយៈពេល ៧ ខែ ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ កម្ពុជា​ទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៣,៧ លាននាក់ ក្នុងចំណោមភ្ញៀវទេសចរជាង ៣,៧ លាន​​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី១ ចំនួនជាង ៩៤ ម៉ឺននាក់ ធ្លាក់ចុះ ១៧,៥% វៀតណាមចំនួន ៧១ ម៉ឺននាក់ ធ្លាក់ចុះ ៥,៧% ចិនជាង ៦៨ ម៉ឺននាក់ កើនឡើង ៤៨,២% អាមេរិកជាង ១៣ ម៉ឺននាក់ កើន ១,៦% និងឡាវ ចំនួន ជាង ១២ ម៉ឺននាក់ ធ្លាក់ចុះ​ជាង ៤៦,៥%។

លោក ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ មានប្រសាសន៍ថា វិស័យទេសចរណ៍បានរួមចំណែក​យ៉ាងសំខាន់​ដល់ការ​អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ជាពិសេស​លំហូរចូលយ៉ាងច្រើននៃភ្ញៀវទេស​ចរចិន​មកកម្ពុជានៅ​មុនវិបត្តិជំងឺកូវីដ-១៩ មានចំនួនប្រមាណ ២,៤ លាននាក់ នៅឆ្នាំ២០១៩។

កាលពីឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ៦,៧ លាន​នាក់ កើនឡើងប្រមាណ ២៣% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរចិន មាន​ចំនួន​ប្រមាណ ៨៥ ម៉ឺននាក់ កើនឡើង ៥៥%។

លោករដ្ឋមន្រ្ដីសង្ឃឹមថា តាមនិន្នាការនេះ ការកំណត់យកឆ្នាំ២០២៥ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ ក្នុងការជំរុញកំណើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើន​ការវិនិយោគក្នុងវិស័យទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ សំដៅ​រួម​ចំណែក​​ដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគ​វាស​នារួម កម្ពុជា-ចិន។

យោងនិន្នាការនៃស្ថិតិខាងលើ អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូប​ទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។

លោករដ្ឋមន្រ្ដីក្រសួងទេសចរណ៍បញ្ជាក់ថា ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងកម្ពុជា-ចិន ពិសេសតាមរយៈយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបាន​អនុវត្តន៍រួមគ្នា ពេញមួយឆ្នាំ២០២៤ កន្លងមក ក្រសួងទេស​ចរណ៍​បាន​សហ​ការ​ជាមួយមិត្តចិន បានរៀបចំឱ្យមានព្រឹត្តិការណ៍ និងកម្មវិធីដ៏សម្បូរបែបច្នៃប្រឌិត មានភាព​ទាក់​ទាញ និងរស់រវើក ដែលរួមមាន៖ ព្រឹត្តិការណ៍វប្បធម៌ផ្សារភ្ជាប់ទេសចរណ៍, ព្រឹត្តិការណ៍ពិព័រណ៌, ព្រម​ជាមួយការរៀបចំ និងចូលរួមកម្មវិធីមួយចំនួនទៀត ទាំងនៅប្រទេសកម្ពុជា និងនៅ​ប្រ​ទេស​ចិន។

សម្រាប់ឆ្នាំ២០២៥នេះ កម្ពុជាក៏នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងស្អិតរមួត ដូចនេះទៀត ក្នុងរយៈ​ពេលមួយឆ្នាំពេញ គិតចាប់ពីការប្រកាសបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» កាលពីខែឧសភា ឆ្នាំ២០២៥ រហូតដល់ខែឧសភា ឆ្នាំ​២០២៦ និងបន្តទៅឆ្នាំបន្ត​បន្ទាប់​ទៀតខាងមុខ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម