Connect with us

សេដ្ឋកិច្ច

ការរុះរើព្រលានយន្តហោះភ្នំពេញជិតបញ្ចប់ មុនពេល អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី បើកដំណើរការនៅ​សប្ដាហ៍ក្រោយ

បានផុស

នៅ

ការរុះរើផ្ទេរប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍នៅអាកាសអន្តរជាតិភ្នំពេញទៅព្រលានយន្តហោះអន្តរជាតិតេជោហៀបនឹងបញ្ចប់ មុនពេលអាកាសយានដ្ឋានថ្មីបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥។ នេះបើយោងតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ ទី០២ ខែកញ្ញាថា ក្រុម​​ហ៊ុនអាកាស​ចរណ៍នៅអាកាសអន្តរជាតិភ្នំពេញកំពុងរុះរើបណ្ដើរៗ ក្នុងការផ្ទេរទៅអាកាស​យាន​ដ្ឋានអន្តរជាតិតេជោដែលនឹងបើកដំណើរការនៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីការធ្វើតេស្តសាកល្បងហោះហើរច្រើនដងទទួលបានជោគជ័យរួចមកហើយ។

លោកបញ្ជាក់ថា៖ «សម្ភារណាដែលមានការឯកភាពនៅក្នុងកិច្ចសន្យា ដែល​អាចយកទៅ​ប្រើ​ប្រាស់​​​​នៅព្រលានថ្មី​បាន​គេ​យកទៅ ប៉ុន្តែភាគច្រើនឥវ៉ាន់គេអត់យកទៅច្រើនទេ ដោយសារ​ឧបករ​ណ៍​សម្ភារដែលបំពាក់នៅព្រលានថ្មី គឺជាឧបករណ៍ថ្មីទាំងអស់ ការផ្ទេរប្រតិ​បត្តិការ​​សំដៅ​ទៅលើ​មនុស្ស​​ ការហាត់រៀន ដែលបុគ្គលិកកំពុង​ហ្វឹកហ្វឺននៅព្រលានថ្មី»។

បន្ទាប់ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មី រដ្ឋាភិបាលបានសម្រេចផ្ទេរការគ្រប់គ្រង​ព្រលានភ្នំពេញ​ ​ទៅឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយមានកងកម្លាំងការពារសន្តិសុខ ការពារទ្រព្យសម្បត្តិ​របស់​រដ្ឋ រួមទាំងការការពារល្បាត​ជុំវិញ និងទីតាំង ដីនៅកន្លែងនេះ នៅតែ​ជា​របស់​​រដ្ឋដដែល។

លោកបានថ្លែងបន្ថែមថា៖ «អាកាសយានដ្ឋានហ្នឹងជាកម្មសិទ្ធិរបស់រដ្ឋ ហើយរដ្ឋលេខា​ធិការ​ដ្ឋានអាកាសចរណ៍ស៊ីវិលជាអ្នកទទួលបន្ទុក ថែទាំបន្ត ហើយថ្ងៃក្រោយទៀត រដ្ឋចង់​ដាក់​ឱ្យ​ដំណើរការ ឬធ្វើអាជីវកម្មអ្វី ជាគោលការណ៍របស់រដ្ឋ យើងអត់ទាន់ដឹងថា នៅពេលខាង​មុខ​យើង​យក​ប្រើប្រាស់សម្រាប់អ្វីទេ ប៉ុន្តែមិនមែនសម្រាប់ព្រលានយន្តហោះទេ សម្រាប់អ្វីទៀត​យើង​អត់​ទាន់​ដឹងទេ យើងរង់ចាំមើលការសម្រេចចិត្តរបស់រដ្ឋាភិបាល»។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៥ថា រាជរដ្ឋាភិ​បាល​កម្ពុជា មិនដែលមានគម្រោង​លក់អាកាសយានដ្ឋានអន្តរ​ជាតិភ្នំពេញទៅ​ឱ្យឯកជននោះទេ បើទោះ​បី​ជា​ផ្ទេរប្រតិបត្តិការហោះហើរទៅព្រលានថ្មីហើយក៏ដោយ។

សម្ដេច ហ៊ុន ម៉ាណែត បន្ថែមថា៖ «គោលការណ៍ដែលយើងគ្រោង បច្ចុប្បន្ន គឺរក្សាកន្លែងនេះទុកស្ថានភាពបច្ចុប្បន្ន ហើយត្រៀមបម្រុងក្នុងករណីមានចុះចតបន្ទាន់ (Emergency Landing) ការគ្រប់គ្រងរបស់អាកាសចរណ៍ស៊ីវិល ពិតណាស់យើងអត់មានលទ្ធភាពទៅបំពាក់គ្រឿង Air Traffic Controller នៅព្រលាននេះទេ ទី២ ក៏ពាក់ព័ន្ធនឹងកិច្ចសន្យាក្នុងការគ្រប់គ្រង តែសម្រាប់បច្ចេកទេស កន្លែងនេះចុះឧត្ថម្ភាគចក្របាន ហើយបើសិនជាចាំបាច់ ក្នុងករណីមួយៗ ដែលមានអាសន្ន ទោះបីមិនមានកន្លែងបញ្ជា ក៏អ្នកបើកដែលឆែកជាមួយបច្ចេកទេសអាចប្រើជំនាញដែលគាត់ហ្វឹកហ្វឺនតាមភ្នែកដែលមើលបានអាចុះបណ្ដោះអាសន្នកន្លែងនេះ»។

គោលការណ៍ដែលគ្រោងមាន ៣ ទី១ រក្សាតម្លៃប្រវត្តិសាស្ត្រនៃទីតាំងនេះ គឺមិនអោយបាត់ដែលជាអតីតព្រលានយន្តហោះ ស្នាមព្រះហស្ដ សម្តេចព្រះបាទនរោត្តម សីហនុ ដែលបានបម្រើដល់វិស័យដឹកជញ្ជូនរាប់សិបឆ្នាំ។ ទី២ គឺជម្រើសផ្ដល់ផលប្រយោជន៍ដល់សាធារណៈជន ប្រជាពលរដ្ឋប្រើប្រាស់ជាអតិបរមា គឺនឹងប្រែក្លាយទៅជាកន្លែងមួយ ឬទ្រព្យសម្បត្តិអ្វីមួយដែលប្រជាពលរដ្ឋខ្មែរអាចប្រើប្រាស់។ ទី៣ ទ្រព្យសម្បត្តិទាំងអស់នេះ ត្រូវធានាជាសម្បត្តិរបស់រដ្ឋ មិនមានផ្ដល់ឱ្យឯកជនទេ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥​កម្ពុជា​ទទួល​បាន​អ្នក​ដំ​ណើរ​ជាតិ​ និងអន្តរជាតិតាមផ្លូវអាកាសចំនួនជាង ៣,៦៥ លាននាក់ កើនឡើង ២០% ធៀប​នឹងរយៈ​ពេល​ដូចគ្នា កាលពីឆ្នាំ ២០២៤។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានព្យាករណ៍ថា ការដឹកជញ្ជូនអ្នកដំណើរ​តាមផ្លូវអាកាស​នឹង​កើន​ដល់​​ចំនួន ៧,៥​លាននាក់ និងទំនិញចំនួន ៨០ពាន់តោន នៅក្នុងឆ្នាំ ២០២៥៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម