ព័ត៌មានអន្ដរជាតិ
ក្រៅពីសាច់គោ វៀតណាម នៅរកឃើញទំនិញក្លែងក្លាយផ្សេងទៀត ខ្លះដាក់បញ្ចូលគីមី
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះសាធារណជនក្នុងប្រទេសវៀតណាមកំពុងតែមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបណ្ដាញព័ត៌មានក្នុងស្រុកទម្លាយនូវករណីផលិត និងប្រើប្រាស់ទំនិញក្លែងក្លាយជាច្រើនដែលលាយបញ្ចូលគ្នាជាមួយនឹងសារធាតុគីមី ហើយដាក់នៅលើផ្សារស្របច្បាប់។

ផលិតផលដែលប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃដែលប៉ូលិសវៀតណាមបានរកឃើញទី១មានដូចជា៖ ទឹកពិសាបរិសុទ្ធដែលមានជាតិរ៉ែក្រោមស្លាកយីហោ Lavie ដែលមុខសញ្ញាបានសារភាពថា ជាមធ្យមក្នុងមួយថ្ងៃ ពួកគេបានផលិត និងលក់ទឹកម៉ាក Lavie ក្លែងក្លាយប្រមាណ ១០០ដបទៅកាន់ទីផ្សារ។ ទឹករ៉ែក្លែងក្លាយនេះត្រូវបានចម្រាញ់ចេញពីទឹកម៉ាស៊ីននៅក្នុងរោងចក្រកខ្វក់ ប៉ុន្តែនៅតែមានស្លាកសញ្ញា និងការវេចខ្ចប់ដូចគ្នាទៅនឹងផលិតផលពិតៗ។
ទី២ គឺសាច់ក្របីប្រមាណ១៤តោន បានលាយបញ្ចូលគ្នានូវសារធាតុគីមីដើម្បីបំលែងទៅជាសាច់គោ WAGYU ដ៏ប្រណិតរបស់ជប៉ុន។ សាច់ក្លែងក្លាយដ៏ច្រើននេះបានរត់ពន្ធទៅកាន់ទីក្រុង និងខេត្តធំៗជាច្រើននៅទូទាំងប្រទេស រួមមានទីក្រុងហាណូយ, ដាណាង, ញ៉ាត្រាង និងទីក្រុងហូជីមិញ។ ជាពិសេស វាក៏ត្រូវលក់ក្នុងទីផ្សារជាច្រើនកន្លែងដូចជា ភោជនីយដ្ឋាន BBQ / Hotpot និងហាងអាហារប៊ូហ្វេធំៗ, ហាងលក់សាច់លំដាប់ខ្ពស់ ព្រមទាំងតាមផ្សារទំនើបខ្លះៗដែរ។
ទី៣ ប្រេងឆាក្លែងក្លាយជាច្រើនដប ត្រូវបានអាជ្ញាធរ Hung Yen រកឃើញនូវកន្លែងផលិត ហើយបានប្រកាសថា ប្រេងទាំងនោះមានគុណភាពអន់ ដែលអាចធ្វើឲ្យអ្នកបរិភោគខូចសុខភាពបាន។
មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែផលិតផលអាហារបំប៉នសុខភាពក៏សុទ្ធតែក្លែងក្លាយ និងផ្ទុកនូវសារធាតុធ្វើឲ្យមនុស្សកើតជំងឺហារីកដែរ។ ជាក់ស្ដែង ចំពោះករណី DJ Ngan 98 ត្រូវបានកាត់ទោសពីបទផលិត និងជួញដូរថ្នាំសម្រករាងដែលផ្ទុកសារធាតុហាមឃាត់ នាំឲ្យពាល់ដល់សុខភាពអ្នកប្រើប្រាស់។ មុន DJ Ngan 98 ករណីបវរកញ្ញា Nguyen Thuc Thuy Tien ក៏ធ្លាប់បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីផលិតផល ស្ករគ្រាប់បន្លែ Kera ជាមួយនឹងពាក្យស្លោកថា «ស្ករគ្រាប់មួយចានស្មើបន្លែមួយចាន»។
មិនទាន់នោះទេ សូម្បីតែបំពង់ពន្លត់អគ្គីភ័យក្រោមយីហោ Dragon ក៏ជាផលិតផលក្លែងក្លាយ ថែមទាំងត្រូវបានកែច្នៃឲ្យមើលទៅដូចរបស់ពិតយ៉ាងល្អិតល្អន់បំផុត។ ជាមួយគ្នានោះ កាបូបម៉ាកល្បីៗ លក់ក្នុងតម្លៃត្រឹមតែពីរបីសែនដុង ឬទឹកអប់ល្បីៗ ស្បែកជើងផលិតនៅប្រទេសអ៊ីតាលីដ៏ល្បី ក៏សុទ្ធសឹងតែមាននៅក្នុងប្រទេសវៀតណាមទាំងអស់។
អ្វីដែលកាន់តែគួរឲ្យព្រួយបារម្ភបំផុតនោះគឺថា ទំនិញក្លែងក្លាយនាពេលបច្ចុប្បន្ននេះ លែងលាក់ខ្លួននៅក្រោមទីផ្សារងងឹតទៀតហើយ ប៉ុន្តែបានឈានជើងចូលទៅក្នុងពន្លឺដែលលេចឡើងជាចំហនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក ឬនៅក្នុងការផ្សាយបន្តផ្ទាល់ដែលផ្សព្វផ្សាយដោយបុគ្គលល្បីៗ។
សរុបមក បញ្ហាទំនិញក្លែងក្លាយមិនត្រឹមតែបង្កការខូចខាតផ្ទាល់ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអាជីវកម្មស្របច្បាប់ផងដែរ។ យីហោដែលចំណាយពេលរាប់ទសវត្សរ៍ក្នុងការសាងសង់ អាចនឹងត្រូវបំផ្លាញក្នុងរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ នៅពេលដែលទំនិញក្លែងក្លាយចូលទីផ្សារ។ អ្នកប្រើប្រាស់បាត់បង់ទំនុកចិត្ត អាជីវកម្មបាត់បង់ការលក់ ហើយយីហោវៀតណាមបាត់បង់កេរ្តិ៍ឈ្មោះនៅលើទីផ្សារអន្តរជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


