Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ព្រមានថា កុំច្រឡំ! វីរុសហាន់តា និងជំងឺផ្តាសាយ ចេញរោគសញ្ញាស្រដៀងគ្នា ប្រយ័ត្នព្យាបាលមិនទាន់

បានផុស

នៅ

វេជ្ជបណ្ឌិតវៀតណាម បានបង្ហាញក្តីបារម្ភ និងទាញសញ្ញាព្រមាន ឲ្យគ្រប់គ្នាប្រយ័ត្នជាមួយ វីរុសហាន់តា ដោយកុំច្រឡំវាជាមួយនឹងជំងឺផ្តាសាយឲ្យសោះ ក្រែងហួសពេល ព្យាបាលមិនទាន់ ព្រោះជំងឺ២នេះ ចេញរោគសញ្ញា ស្រដៀងគ្នាបេះដាក់។ បើសង្ស័យ ត្រូវទៅធ្វើតេស្ត កុំទុកយូរ!

(រូប៖ Reuters)

តាមការផ្សាយរបស់ VN Express នៅថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត Nguyen Quoc Thai នៅមន្ទីរពេទ្យ Bach Mai បានព្រមានថា ក្នុងសេណារីយ៉ូដ៏គ្រោះថ្នាក់ វីរុសហាន់តា គឺចេញរោគសញ្ញា ដូចជំងឺផ្តាសាយអ៊ីចឹងដែរ ដូចជាគ្រុនក្តៅតិចៗ និងឈឺសាច់ដុំ ហើយវានឹងវិវឌ្ឍយ៉ាងឆាប់រហ័ស ទៅជាខ្សោយផ្លូវដង្ហើមស្រួចស្រាវ ដក់ទឹកក្នុងសួត សម្ពាធឈាមចុះទាបខ្លាំង និង គាំងបេះដូង តែម្តង។

លោកបន្តថា វាតម្រូវឲ្យមានការពិនិត្យតាមដានអាការៈ យ៉ាងដិតដល់ បើប្រហែស វានឹងបណ្តាលឲ្យអ្នកជំងឺឈឺធ្ងន់ ឈានដល់គ្រោះថ្នាក់ ដល់អាយុជីវិត។

(រូប៖ Reuters)

ស្របពេលជាមួយគ្នានោះដែរ លោកបញ្ជាក់ថា មេរោគហាន់តា ត្រូវបានបែងចែកជាពីរក្រុមធំៗ មួយជាក្រុម «Old World» ដែលឆ្លងរាលដាលខ្លាំង នៅអាស៊ី និងអឺរ៉ុប ហើយជារឿយៗ បង្កឲ្យមានជំងឺគ្រុនឈាម ជាមួយរោគសញ្ញាតម្រងនោម។

ចំណែកមួយទៀត ជាក្រុម «New World» ដែលឆ្លងខ្លាំងនៅតំបន់អាមេរិក បង្កឲ្យមានរោគសញ្ញាបេះដូង និងសួត ជាមួយអត្រាមរណភាពខ្ពស់ រហូតដល់ ៤០-៥០% ឯណោះ។

(រូប៖ Reuters)

យោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, វីរុសហាន់តា គឺជាវីរុស ដែលអាចបង្កជំងឺធ្ងន់ធ្ងរ លើមនុស្ស ហើយមនុស្ស អាចឆ្លងវីរុសនេះ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ​ ដូចជាកណ្តុរ កំប្រុក ស្កា និងសំពោចជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រណាស់។

ពាក់ព័ន្ធបញ្ហានេះដែរ អង្គការសុខភាពពិភពលោក (WHO) បានវាយតម្លៃថា ហានិភ័យនៃការរាលដាលជាសកល មានកម្រិតទាប ពីព្រោះវីរុសហាន់តា មិនងាយឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទេ។

យ៉ាងណា បច្ចុប្បន្ន មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយ សម្រាប់ការពារការឆ្លងវីរុសហាន់តាឡើយ មានតែការព្យាបាលថែទាំគាំទ្រ ទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម