ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ថា ភាពតានតឹងរវាងកម្ពុជា–ថៃ «នឹងល្អប្រសើរឡើងវិញ»
យោងតាមការចុះផ្សាយនាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៥នេះរបស់រ៉យទ័រ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោកជឿជាក់ថា ប្រទេសថៃនិងកម្ពុជា«នឹងល្អប្រសើរឡើងវិញ» បន្ទាប់ពីលោកបានព្យាយាមសម្រុះសម្រួលភាពតានតឹងជាថ្មីនៅក្នុងជម្លោះព្រំដែនរបស់ពួកគេ ទោះបីជាប្រទេសថៃនៅតែរក្សាការទាមទាររបស់ខ្លួនឲ្យកម្ពុជាចេញមុខសុំទោសក៏ដោយ។

ទីក្រុងបាងកកសប្តាហ៍នេះបានផ្អាកកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រុះសម្រួលដោយសហរដ្ឋអាមេរិក ដោយចោទប្រកាន់កម្ពុជាថា បានដាក់គ្រាប់មីនថ្មីដែលធ្វើឲ្យទាហានថៃរងរបួស។ យ៉ាងណាមិញ កម្ពុជាបានបដិសេធការចោទប្រកាន់នេះ។
ជម្លោះព្រំដែនដ៏យូរអង្វែងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងកាលពីខែកក្កដា ដែលនាំឲ្យមានការប៉ះទង្គិចគ្នាប្រដាប់អាវុធអស់រយៈពេល៥ថ្ងៃ បណ្តាលឲ្យមនុស្សយ៉ាងតិច៤៨នាក់បានស្លាប់ និងប្រជាជនប្រមាណ ៣០០ ០០០នាក់បានភៀសសឹក មុនពេលដែលលោកត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសម្រុះសម្រួលឲ្យមានបទឈប់បាញ់មួយ។
លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា «ខ្ញុំបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ហើយពួកគេកំពុងធ្វើបានល្អ។ ខ្ញុំគិតថាពួកគេនឹងល្អប្រសើរឡើងវិញ»។
ប៉ុន្តែនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល បានបញ្ជាក់នាថ្ងៃសៅរ៍នេះថា ប្រទេសថៃនឹងមិនអនុវត្តតាមកិច្ចព្រមព្រៀងនេះទេ រហូតទាល់តែកម្ពុជាទទួលស្គាល់ការចោទប្រកាន់ពីការបំពាន និងចេញមុខសុំទោសចំពោះឧបទ្ទវហេតុគ្រាប់មីន។
នៅក្នុងការបង្ហោះលើហ្វេសប៊ុក បន្ទាប់ពីបាននិយាយជាមួយលោកត្រាំ និងលោកអាន់វ៉ា លោក អនុទីន បានប្រាប់ថា ប្រទេសថៃរក្សាសិទ្ធិក្នុងការចាត់វិធានការណាមួយដែលចាំបាច់ ដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួន និងធានាសុវត្ថិភាពរបស់ប្រជាជនខ្លួន។
ខុសពីភាគីថៃដែលនៅតែរឹងរូស សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានសរសេរនៅលើហ្វេសប៊ុកនាថ្ងៃសៅរ៍ថា កម្ពុជានឹងបន្តអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ហើយសង្ឃឹមថា ភាគីទាំងពីរនឹងបន្តទៅមុខទៀតដោយយោងតាមគោលការណ៍និងយន្តការដែលបានព្រមព្រៀងគ្នា។
មន្ត្រីសេតវិមានម្នាក់បាននិយាយថា លោកត្រាំ ក៏បានទាក់ទងជាមួយប្រទេសម៉ាឡេស៊ីកាលពីថ្ងៃសុក្រផងដែរ។ លោកអាន់វ៉ា ក្រោយមកបានបង្ហោះនៅលើបណ្តាញសង្គម X ថា ទាំងកម្ពុជានិងថៃត្រៀមខ្លួនរួចជាស្រេចដើម្បី «បន្តជ្រើសរើសចន្លោះសម្រាប់ការសន្ទនា និងកិច្ចខិតខំប្រឹងប្រែងការទូត ជាមាគ៌ាប្រកបដោយប្រសិទ្ធភាពដើម្បីដោះស្រាយបញ្ហា»៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


