Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ចង់យកលុយបង្កកអ៊ីរ៉ង់ទៅប៉ះប៉ូវឱ្យគេ តែ​អ៊ីរ៉ង់ខឹងខ្លាំង និង​ព្រមានតបតវិញភ្លាមៗ

បានផុស

នៅ

រឿងរ៉ាវកំពុងតែឡើងកម្តៅខ្លាំង បន្ទាប់ពីមានព័ត៌មានលេចឮមកថា សហរដ្ឋអាមេរិកមានគម្រោងចង់យកទ្រព្យសម្បត្តិ និងប្រាក់កាសរបស់ប្រទេសអ៊ីរ៉ង់ ដែលខ្លួនបានបង្កកទុកនោះ ទៅចែកជូនបណ្តាប្រទេសជាសម្ព័ន្ធមិត្តនៅតំបន់ឈូងសមុទ្រពែរ្ស ដើម្បីយកទៅជួសជុលការខូចខាតផ្សេងៗ ដែលបង្កឡើងដោយសារសង្គ្រាម។ គម្រោងនេះ បានធ្វើឱ្យខាងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ផ្ទុះកំហឹងយ៉ាងខ្លាំង។ នេះ​បើយោងតាម​ការ​ចុះផ្សាយរបស់ The Strait Times នា​ថ្ងៃទី​៨ ខែ​មិថុនា ឆ្នាំ​២០២៦។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗនោះ លោក Kazem Gharibabadi ដែលជាអនុរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ បានចេញមុខមកបដិសេធ និងវាយបកទៅវិញយ៉ាងចាស់ដៃ។ លោកបានបង្ហោះសារនៅលើបណ្តាញសង្គម X ថា លុយកាក់របស់អ៊ីរ៉ង់ មិនមែនជាផលលាភ ដែលបានមកពីសង្គ្រាម សម្រាប់វ៉ាស៊ីនតោនយកទៅចែកគ្នាចាយ ហើយក៏មិនមែនជាមូលនិធិ សម្រាប់យកទៅបើកប្រាក់បៀវត្សរ៍ឱ្យក្រុមសម្ព័ន្ធមិត្តរបស់អាមេរិកនោះដែរ។ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលនៃប្រទេសជិតខាងទាំងនោះ គ្មានសិទ្ធិមកទាមទារប្រាក់សំណងការខូចខាតណាមួយពីអ៊ីរ៉ង់ឡើយ គឺមានតែត្រូវសងអ៊ីរ៉ង់វិញទើបត្រូវ ព្រោះប្រទេស​ទាំង​​នោះ​បើកដៃឱ្យគេប្រើទឹកដីមកឈ្លានពានអ៊ីរ៉ង់។

ប្រភពរឿងរ៉ាវនេះ បានផ្ដើមចេញពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលបានទម្លាយឱ្យដឹងកាល​ពី​ថ្ងៃទី​៦ ខែ​មិថុនា ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានបញ្ជាឱ្យក្រុមការងាររបស់លោក ចុះវាយតម្លៃទំហំខូចខាតទាំងថ្មី​ទាំងចាស់ និងការខូចខាតដែលអាចកើតមាននៅថ្ងៃអនាគត។ ការវាយតម្លៃនេះ គឺធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយប្រើមីស៊ីល និងដ្រូនទៅលើប្រទេសមួយចំនួននៅតំបន់ឈូងសមុទ្រ ដោយកាលណោះអ៊ីរ៉ង់អះអាងថា ខ្លួនមានបំណងកម្ទេចតែគោលដៅរបស់អាមេរិក និងអ៊ីស្រាអែលប៉ុណ្ណោះ។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ អ៊ីរ៉ង់ទើបតែបានបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសគុយវ៉ែត និងបារ៉ែន ដែលបណ្តាលឱ្យមានការខូចខាតទ្រព្យសម្បត្តិ និងធ្វើឱ្យប្រជាជនមានការភ័យខ្លាចយ៉ាងខ្លាំង។ តាមការប៉ាន់ស្មានពីអ្នកជំនាញ គ្រាន់តែថ្លៃជួសជុលប្រព័ន្ធថាមពលដែលរងគ្រោះដោយសារសង្គ្រាមនេះ អាចនឹងត្រូវចំណាយលុយរហូតដល់ទៅ ៥៨ពាន់លានដុល្លារឯណោះ។

ការវាយ​ប្រហារ​របស់​អ៊ីរ៉ង់​នៅ​គុយវ៉ែត (រូបថត៖ REUTERS)

យ៉ាង​ណាមិញ ខាងជំនាញការរដ្ឋរបស់អ៊ីរ៉ង់ បានព្រមានថា បើសិនជាអាមេរិកហ៊ានតែរឹបអូស ផ្ទេរ ឬបង្វែរលុយរបស់អ៊ីរ៉ង់ដោយគ្មានការយល់ព្រមទេនោះ វានឹងក្លាយជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយអ៊ីរ៉ង់នឹងមាន «វិធានការឆ្លើយតបដ៏សមស្របមួយ» ត្រឡប់ទៅវិញជាមិនខាន។

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ វិបត្តិនេះបានកើតឡើងចំពេលដែលអ៊ីរ៉ង់ និងអាមេរិក កំពុងតែអង្គុយចរចារកផ្លូវបញ្ចប់សង្គ្រាមជាមួយគ្នា។ នៅក្នុងកិច្ចចរចានោះ អ៊ីរ៉ង់បានទាមទារឱ្យអាមេរិក​បញ្ចេញ​លុយរាប់ពាន់លានដុល្លាររបស់ខ្លួន ដែលត្រូវបានបង្កក ព្រមទាំងសុំឱ្យដកទណ្ឌកម្មសេដ្ឋកិច្ច និងទទួលស្គាល់អំណាចគ្រប់គ្រងរបស់ខ្លួននៅលើតំបន់ច្រកសមុទ្រ Hormuz ផងដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម