Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​ការទូត​អ៊ីរ៉ង់​៖ ច្រក​ Hormuz ​អាច​​បើក​វិញ ដរាបណា​ ​ស្ថិត​ក្រោម​លក្ខ​ខណ្ឌ​ថ្មី កំណត់​ដោយ​អ៊ីរ៉ង់និង​អូម៉ង់​

បានផុស

នៅ

មក​ទល់​ម៉ោង​នេះ ស្ថាន​ភាព​នៅ​មជ្ឈិម​បូព៌ា​មិន​ទាន់​​ធូរ​ស្រាល​នោះ​ទេ ដោយសារ​​ភាគី​​ជម្លោះ​នៅ​តែ​បន្ត​សង​សឹក​គ្នា​​នៅ​ទូ​ទាំង​តំបន់​​ រុញ​ច្រាន​ឱ្យ​ស្ថាន​ការណ៍​នាំ​ចេញ​ប្រេង​តាម​ច្រក​ហ័រ​មូស​នៅ​តែ​​ជាចំណុច​ក្តៅ​ ដោយ​​ភាគី​អ៊ីស្រាអែល​​​បន្ត​វាយ​​អ៊ីរ៉ង់​​​ជា​បន្ត​បន្ទាប់​។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់​ប្រចាំទីក្រុងមូស្គូ​ លើក​ឡើង​នៅ​​ពីថ្ងៃចន្ទ នេះ ថា​ ច្រក​សមុទ្រហ័រមូស(Hormuz)​ នឹង​បើក ប៉ុន្តែ​ស្ថិត​ក្រោម​លក្ខ​ខណ្ឌ​ថ្មី​ដែល​កំណត់​ដោយ​អ៊ីរ៉ង់និង​អូម៉ង់ រួមទាំង​ថ្លៃដឹកជញ្ជូន​ផងដែរ។

យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យ​ទ័រ ផ្សាយ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ សង្គ្រាម​រវាង​សហរដ្ឋអាមេរិកនិង​អ៊ីស្រាអែល​លើអ៊ីរ៉ង់​បាន​កាត់បន្ថយលំហូរ​ប្រេង​ឆ្លងកាត់​ច្រកសមុទ្រនេះ ដែល​មាន​ប្រេងមួយភាគប្រាំរបស់ពិភពលោកបានឆ្លងកាត់​​មុន​ពេល​មាន​ជម្លោះ។ នាវា​ដឹក​ប្រេងជាច្រើន​គ្រឿង​បាន​ចាកចេញពីឈូងសមុទ្រ​នាពេលថ្មីៗនេះ ប៉ុន្តែ​លំហូរប្រេង និង​ឧស្ម័នធម្មជាតិរាវនៅតែ​​រឹតត្បិត​យ៉ាង​ខ្លាំង​។

ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​រុស្ស៊ី​ លោក Kazem Jalali ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកអគ្គរដ្ឋ​ទូត​អ៊ីរ៉ង់​ប្រចាំ​ប្រទេស​រុស្ស៊ី​ លោក Kazem Jalali ប្រាប់​កាសែត​រុស្ស៊ី Izvestia ក្នុង​បទសម្ភាសន៍មួយចេញ​ផ្សាយនៅ​ថ្ងៃចន្ទ ថា​៖ « ជា​ការ​ពិតណាស់​! ច្រកសមុទ្រនេះ​[ហ័រមូស] នឹង​បើក​ចំហ ប៉ុន្តែជាមួយ​នឹង​លក្ខខណ្ឌថ្មី​ដែលនឹងត្រូវកំណត់ដោយ​អាជ្ញាធរអ៊ីរ៉ង់ និងអូម៉ង់។ យើង​យល់​ថាអ៊ីរ៉ង់ និង​អូម៉ង់ផ្តល់​សេវាកម្មមួយ​ចំនួនទាក់ទង​នឹងច្រកសមុទ្រនេះ​ ហើយថ្លៃសេវា​នឹង​ត្រូវ​គិតសម្រាប់សេវាកម្ម​ទាំងអស់​»។

អ៊ីរ៉ង់អះអាង​ថា កិច្ចព្រមព្រៀងសន្តិភាព​អចិន្ត្រៃយ៍​គួរតែអនុញ្ញាតឱ្យ​ប្រទេស​ខ្លួន​ទាមទារថ្លៃសេវា​ សម្រាប់កប៉ាល់ឆ្លង​កាត់ច្រក​សមុទ្រហ័រមូស​ ហើយ​វា​​នឹងប្រែប្រួលអាស្រ័យ​លើប្រភេទ​កប៉ាល់ ទំនិញ និង​លក្ខខណ្ឌ​បច្ចុប្បន្ន។

ជំហរ​នេះ​ត្រូវបានជំទាស់យ៉ាងខ្លាំង​ ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នៅចុង​ខែឧសភា សហរដ្ឋអាមេរិក​ព្រមាន​អូម៉ង់កុំ​ឱ្យ​ចូលរួម​ក្នុងកិច្ចខិតខំប្រឹងប្រែងណាមួយ​ជាមួយអ៊ីរ៉ង់​។

ដោយ​ឡែក ភាគី​អ៊ីស្រាអែល បាន​វាយប្រហារគោលដៅ​យោធា​ភាគខាងលិចនិងកណ្តាលអ៊ីរ៉ង់ សូម្បី​តែ​ លោក ត្រាំ​ បាន​ប្រាប់​នាយក​រដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់​យ៉ាហូ​ ឱ្យ​ចៀសវាង​ការវាយប្រហារ​បន្ថែមទៀត​ ធ្វើ​ឱ្យ​ស្ថាន​ការណ៍​កាន់​តែ​អាក្រក់​។​

ចំណែក ប្រទេសជប៉ុន ជា​អ្នក​នាំចូលប្រេង​ប្រហែល ៩៥% ពី​មជ្ឈិម​បូព៌ា​មុនសង្គ្រាម លើក​ឡើង​ថា ខ្លួន​មិនបាន​បង់ថ្លៃសេវា​ទេ បន្ទាប់ពីនាវា​ដឹកប្រេងឆៅដែល​ភ្ជាប់ជាមួយ​ជប៉ុនបានឆ្លងកាត់ផ្លូវទឹក​នេះ ​កាលពីខែឧសភា​៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម