ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អត់ស្ដាប់សម្តី ត្រាំ! វាយបកអ៊ីរ៉ង់ភ្លាមៗ ផ្ទុះលាន់កក្រើកក្រុងធំៗចំនួន៣
ស្ថានការណ៍នៅមជ្ឈិមបូព៌ា បានធ្លាក់ចូលក្នុងភាពវឹកវរ និងតានតឹងជាអតិបរមាឡើងវិញ បន្ទាប់ពីកងទ័ពអាកាសអ៊ីស្រាអែល (IAF) បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា ទៅលើគោលដៅយោធាជាច្រើនកន្លែង នៅភាគខាងលិច និងភាគកណ្តាលនៃប្រទេសអ៊ីរ៉ង់ នាព្រឹកថ្ងៃចន្ទ ទី៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។

តាមការផ្សាយរបស់ Jerusalem Post និង BBC កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា នេះជាការវាយបកទៅលើរបបដឹកនាំអ៊ីរ៉ង់ ហើយភ្លាមៗនោះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មានសំឡេងផ្ទុះយ៉ាងខ្លាំងក្លា បានលាន់កក្រើកឡើងនៅក្នុងទីក្រុងធំៗចំនួនបី រួមមាន ទីក្រុងតេហេរ៉ង់ ទីក្រុង Tabriz និងទីក្រុង Isfahan ព្រមទាំងមានសេចក្តីរាយការណ៍ពីការផ្ទុះនៅក្បែរទីក្រុង Karaj ផងដែរ។ ផ្អែកលើស្ថានភាពគ្រោះថ្នាក់នេះ អាជ្ញាធរអ៊ីរ៉ង់ បានប្រកាសផ្អាករាល់ជើងហោះហើរទាំងអស់ ដែលត្រូវមកចុះចតនៅព្រលានយន្តហោះអន្តរជាតិ Imam Khomeini ក្នុងទីក្រុងតេហេរ៉ង់ រហូតមានការជូនដំណឹងជាថ្មី។
ព្រឹត្តិការណ៍វាយប្រហារគ្នាយ៉ាងទាន់ហន់នេះ បានធ្វើឱ្យទីផ្សារថាមពលពិភពលោកមានការរង្គោះរង្គើភ្លាមៗ ដោយតម្លៃប្រេងឆៅពិភពលោកប្រភេទ Brent បានហក់ឡើង ២,៦% រហូតដល់ ៩៥,៥០ដុល្លារក្នុងមួយបារ៉ែល ខណៈដែលប្រេងឆៅជួញដូរនៅអាមេរិកបានកើនឡើង ២,៥% ទៅដល់ ៩២,៧៥ដុល្លារ នៅក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនៅអាស៊ី។
ដើមចមដែលនាំឱ្យមានការសងសឹកគ្នាយ៉ាងក្តៅគគុកនេះ គឺបានចាប់ផ្តើមឡើងកាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា នៅពេលដែលអ៊ីរ៉ង់បានបើកការវាយប្រហារដោយបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ សំដៅទៅលើទីតាំងជាច្រើននៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ យោងតាមការអះអាងរបស់កងឆ្មាំបដិវត្តអ៊ីរ៉ង់ (IRGC) មីស៊ីលបាលិស្ទិក និងអាវុធធុនធ្ងន់ប្រមាណ ១០គ្រាប់ ត្រូវបានបាញ់សំដៅទៅលើមូលដ្ឋានទ័ពអាកាស Ramat David នៅក្នុងទីក្រុង Haifa។ វាជាការវាយប្រហារដ៏ធំលើកដំបូងបង្អស់ ចាប់តាំងពីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ដ៏ផុយស្រួយមួយ កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ដោយខាងភាគីអ៊ីរ៉ង់បញ្ជាក់ថា នេះជាការសងសឹក ដែលអ៊ីស្រាអែលនៅតែគឃ្លើនមិនព្រមបញ្ឈប់ការបាញ់ប្រហារលើទីក្រុងបេរូត នៃប្រទេសលីបង់។ យ៉ាងណាមិញ ខាងភាគីអ៊ីស្រាអែល បានអះអាងថា ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងនោះបានទាំងអស់ ដោយមិនបណ្តោយឱ្យរបូតសូម្បីតែមួយគ្រាប់មកធ្លាក់លើទឹកដីរបស់ខ្លួនឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ការសម្រេចចិត្តវាយបករបស់អ៊ីស្រាអែល បានធ្វើឡើងទាំងព្រងើយកន្តើយនឹងការអង្វរករពីសំណាក់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ មុនពេលទូរស័ព្ទទៅជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ លោក ត្រាំ បានប្រាប់បណ្តាញសារព័ត៌មាន Axios និងប្រព័ន្ធផ្សព្វផ្សាយនានាថា លោកនឹងជំរុញឱ្យអ៊ីស្រាអែលកុំសងសឹកវិញឱ្យសោះ។ លោក ត្រាំ បានលើកឡើងថា ការបាញ់ប្រហាររបស់អ៊ីរ៉ង់ មិនបានធ្វើឱ្យនរណាម្នាក់រងរបួសឡើយ ហើយភាគីទាំងពីរបានបាញ់គ្នាទៅវិញទៅមកឆ្អែតឆ្អន់ហើយ មិនចាំបាច់មានការវាយប្រហារបន្ថែមទៀតទេ។ លោកបានសង្កត់ធ្ងន់ថា អាមេរិកខិតជិតនឹងសម្រេចបាននូវកិច្ចព្រមព្រៀងចុងក្រោយដ៏ល្អមួយជាមួយអ៊ីរ៉ង់ទៅហើយ ហើយលោកមិនចង់ឱ្យកិច្ចព្រមព្រៀងនោះ ត្រូវរលាយសាបសូន្យទៅវិញឡើយ។ ទោះជាយ៉ាងនេះក្ដី ភ្លាមៗបន្ទាប់ពីលោក ត្រាំ បានថ្លែងសារទាំងនេះ កងទ័ពអាកាសអ៊ីស្រាអែល ក៏បានបើកការវាយប្រហារយន្តហោះចម្បាំងស្រោចលើទឹកដីអ៊ីរ៉ង់តែម្តង ដោយមិនខ្វល់ពីការទប់ស្កាត់របស់មហាអំណាចអាមេរិកឡើយ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


