Connect with us

ព័ត៌មានអន្ដរជាតិ

លោកស៊ី​ប្រាប់លោកត្រាំថា ស្ថិរភាពទំនាក់ទំនង​ចិន-អាមេរិក ត្រូវ​ឆ្លងកាត់​បញ្ហា​តៃវ៉ាន់ដាច់ខាត

បានផុស

នៅ

ក្រោមបរិបទនៃកិច្ចព្រមព្រៀងលក់អាវុធរាប់ពាន់លានដុល្លារ និងការផ្លាស់ប្តូរនៃសម្ព័ន្ធភាពសកល លោកប្រធានាធិបតី ស៊ី ជីនពីង បានផ្ញើសារទៅកាន់លោក ដូណាល់ ត្រាំ ថា វិថីឆ្ពោះទៅរកស្ថិរភាពនៃទំនាក់ទំនងរវាងចិន និងអាមេរិក គឺត្រូវឆ្លងកាត់បញ្ហាតៃវ៉ាន់ជាដាច់ខាត។

លោកត្រាំ និង​លោកស៊ី (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​របស់ BBC ក្នុងកិច្ចសន្ទនាតាមទូរសព្ទ​កាលពីថ្ងៃពុធ​ទី​៤​ខែ​កុម្ភៈ​ឆ្នាំ​២០២៦ លោកស៊ី បានចាត់ទុកកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះថាជា «បញ្ហាសំខាន់បំផុត» រវាងមហាអំណាចទាំងពីរ ដោយបានជំរុញ​ឲ្យ​ប្រធានាធិបតីអាមេរិកមាន «ការប្រុងប្រយ័ត្ន» ចំពោះការលក់អាវុធ។ ការព្រមាននេះ បានកើតឡើងបន្ទាប់ពី​អាមេរិកបានប្រកាសកញ្ចប់លក់អាវុធតម្លៃ ១១​ពាន់លានដុល្លារកាលពីខែធ្នូ ដែលទីក្រុងប៉េកាំងបានព្រមានថា នឹង«ជំរុញ​ឲ្យ​​មាន​ស្ថានភាពគ្រោះថ្នាក់កាន់តែ​លឿន» នៅច្រកសមុទ្រតៃវ៉ាន់។

លោកស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងប៉េកាំង «ត្រូវតែការពារ» អធិបតេយ្យភាពដែនដីរបស់ខ្លួន។ កិច្ចសន្ទនានេះក៏បានងាកទៅរកការសម្របសម្រួលផ្នែកសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ លោកប្រធានាធិបតី ត្រាំ បានបង្ហើបថា ប្រទេសចិនកំពុងពិចារណាបង្កើនការទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកពី ១២លានតោន ទៅ ២០លានតោន ព្រមទាំងមានការពិភាក្សាអំពីការទិញប្រេង និងហ្គាសពីអាមេរិកផងដែរ។ ដោយបានពិពណ៌នាថាជាការផ្លាស់ប្តូរមតិដ៏«ប្រសើរ» លោកត្រាំ បានលើកឡើងពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏រឹងមាំជាមួយលោកស៊ី ដោយបានសរសេរលើបណ្តាញសង្គម Truth Social ថា មេដឹកនាំទាំងពីរយល់ច្បាស់ពីសារៈសំខាន់ដ៏វិសេសក្នុងការរក្សាទំនាក់ទំនងដែល «ល្អបំផុត» មួយនេះ។

ជំនួបការទូតដ៏មមាញឹកនេះ មិនត្រឹមតែគ្របដណ្តប់លើបញ្ហាពាណិជ្ជកម្ម និងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជជែកដេញដោលអំពីសង្គ្រាមនៅអ៊ុយក្រែន ស្ថានភាពនៅអ៊ីរ៉ង់ និងវិបត្តិថ្នាំញៀនហ្វេនតានីល (fentanyl)។ អ្វីដែលគួរ​​ឲ្យ​កត់សម្គាល់នោះគឺ កិច្ចសន្ទនានេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោកស៊ី បានធ្វើកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក វ៉្លាឌីមៀរ ពូទីន ដើម្បីអបអរសាទរចំពោះការពង្រឹងចំណងមិត្តភាពរវាងទីក្រុងប៉េកាំង និងមូស្គូ។ ខណៈដែលលោកត្រាំ កំពុងត្រៀមខ្លួនសម្រាប់ទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិននាខែមេសាខាងមុខ ភាគីទាំងពីរបានបង្ហាញពីក្តីសង្ឃឹមដោយប្រយ័ត្នប្រយែងថា តាមរយៈការធ្វើការងារ «ក្នុងស្មារតីសមភាព» ពួកគេនឹងអាចដោះស្រាយការខ្វែងគំនិតគ្នា និងឆ្លើយតបទៅនឹងក្តីបារម្ភស្នូលរបស់គ្នាទៅវិញទៅមកបាន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម