Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ និងអាមេរិក ព្រមព្រៀងគ្នាជួបចរចានៅប៉ាគីស្ថាន​​នា​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ

បានផុស

នៅ

រឿងរ៉ាវដ៏តានតឹងរវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានឈានមកដល់របត់ថ្មីមួយទៀតហើយ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាស​ថា ភាគីទាំងពីរនឹងចាប់ផ្តើមការចរចា​នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នាថ្ងៃសុក្រសប្ដាហ៍​នេះ។

(រូបថត៖ Anadolu)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu ចុះ​ផ្សាយ​ថ្ងៃ​ពុធ​ទី​៨​ខែ​មេសា​ឆ្នាំ​២០២៦ ការចរចានេះនឹងមានរយៈពេលប្រហែល​១៥​ថ្ងៃ ដោយមានប្រទេសប៉ាគីស្ថានជាអ្នកសម្របសម្រួល ហើយអ្វីដែលសំខាន់បំផុតនោះគឺ ភាគីទាំងពីរបានយល់ព្រមផ្អាកការវាយប្រហារគ្នាជាបណ្តោះអាសន្ន ក្នុងអំឡុងពេលពិភាក្សា។

ខាងភាគីអ៊ីរ៉ង់បានបញ្ជាក់ថា មូលហេតុដែលពួកគេយល់ព្រមចូលតុចរចារយៈពេល​២​សប្តាហ៍នេះ គឺដោយសារតែពួកគេយល់ថាខ្លួនបានសម្រេចគោលដៅនៅលើសមរភូមិរួចរាល់ហើយ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់បានសង្កត់ធ្ងន់ថា ការផ្អាកបាញ់គ្នា មិនមែនមានន័យថាសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុងនោះទេ។ ការដែលសង្គ្រាមអាចនឹងរលត់ទៅបាន លុះត្រាតែមានការព្រមព្រៀងលើលក្ខខណ្ឌដែលអ៊ីរ៉ង់ចង់បាន និងការរៀបចំលម្អិតនៃអ្វីដែលពួកគេហៅថាជាជ័យជម្នះ។

នៅក្នុងការចរចានេះដែរ អ៊ីរ៉ង់បានដាក់ចេញនូវសំណើចំនួន​១០​ចំណុច ដែលរួមមានការទាមទារ​ឲ្យ​មានការធានាមិ​ន​ឲ្យ​មានការវាយប្រហារនៅថ្ងៃក្រោយ ការដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ ការសងការខូចខាត ការដកទ័ពអាមេរិកចេញពីតំបន់ និងការរៀបចំឡើងវិញនូវបញ្ហានៅច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់។ ចំពោះបញ្ហាច្រកសមុទ្រនេះ អ៊ីរ៉ង់បានធានាថា ការធ្វើដំណើរឆ្លងកាត់នឹងមានសុវត្ថិភាពក្នុងអំឡុងពេល២សប្តាហ៍នៃការចរចា ប៉ុន្តែត្រូវស្ថិតក្រោមការត្រួតពិនិត្យពីកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។

ទោះបីជាយល់ព្រមចរចាក៏ដោយ ក៏អ៊ីរ៉ង់បានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា ពួកគេនៅតែមិនទុកចិត្តអាមេរិកទាល់តែសោះ។ ពួកគេបានព្រមានថា កងទ័ពអ៊ីរ៉ង់នៅតែត្រៀមខ្លួនជាស្រេចដើម្បីវាយបកវិញភ្លាមៗ ប្រសិនបើមានការរំលោភកិច្ចព្រមព្រៀងណាមួយកើតឡើង ដោយប្រើពាក្យថា ដៃនៅតែដាក់លើកៃកាំភ្លើងជានិច្ច។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលអ៊ីរ៉ង់ក៏បានអំពាវនាវ​ឲ្យ​ប្រជាជនរបស់ខ្លួនរក្សាភាពសាមគ្គីគ្នា ខណៈដែលការចរចានេះត្រូវបានគេចាត់ទុកថាជាផ្នែកមួយនៃការតស៊ូបន្តពីសមរភូមិ។

ចំណែកឯខាងភាគីសហរដ្ឋអាមេរិកវិញ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានមានប្រសាសន៍មុននេះដែរថា ទីក្រុងវ៉ាស៊ីនតោននឹងផ្អាកការវាយប្រហារលើអ៊ីរ៉ង់រយៈពេល២សប្តាហ៍។ លោកបានហៅការផ្អាកនេះថាជា ការឈប់បាញ់ពីសងខាង ដែលផ្សារភ្ជាប់ទៅនឹងការចរចា និងលក្ខខណ្ឌផ្សេងៗពាក់ព័ន្ធនឹងច្រកសមុទ្រ Hormuz។ ដូច្នេះ ពិភពលោកកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់ថា តើការចរចានៅប៉ាគីស្ថាននាថ្ងៃសុក្រ​សប្ដាហ៍​នេះ នឹងអាចនាំមកនូវសន្តិភាពពិតប្រាកដ ឬយ៉ាងណា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម