Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ព្រមបើកច្រក Hormuz វិញ២សប្តាហ៍ ធ្វើឲ្យតម្លៃប្រេងពិភពលោក ធ្លាក់ចុះខ្លាំង

បានផុស

នៅ

ទោះសង្គ្រាមមិនទាន់ចប់ជាស្ថាពរ ប៉ុន្តែពិភពលោកក៏ទទួលបានដំណឹងល្អមួយដែរនៅព្រឹកថ្ងៃពុធទី៨ខែមេសាឆ្នាំ២០២៦ ដោយទីក្រុងតេហេរ៉ង់ ឯកភាពបើកច្រកសមុទ្រ Hormuz ធ្វើឲ្យតម្លៃប្រេងជាសកល ធ្លាក់ចុះមកវិញក្រោយអាមេរិក យល់ព្រមឈប់បាញ់អ៊ីរ៉ង់ ២សប្តាហ៍។

កប៉ាល់ដឹកទំនិញនៅច្រកសមុទ្រ Hormuz (រូប៖ Reuters)

តាមការផ្សាយរបស់ CNN, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រកាសថា ក្នុងរយៈពេល២សប្តាហ៍នេះ ច្រក Hormuz នឹងបើកឡើងវិញសម្រាប់ការធ្វើនាវាចរណ៍ដោយសុវត្ថិភាព ប៉ុន្តែបើមានការវាយប្រហារជាបន្ត នោះច្រកនេះនឹងបិទវិញដដែល។

លោកបញ្ជាក់ថា ការបើកច្រកនេះនឹងត្រូវធ្វើឡើង តាមរយៈការសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធរបស់អ៊ីរ៉ង់ និងដោយការពិចារណាឲ្យបានហ្មត់ចត់លើកម្រិតបច្ចេកទេសផ្សេងៗ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi (រូប៖ Reuters)

ដំណឹងនៃបទឈប់បាញ់និងការបើកច្រកនេះ ធ្វើឲ្យតម្លៃប្រេងសកលធ្លាក់ចុះខ្លាំង ពោលគឺតម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ៥,៨% មកនៅត្រឹម ១០៣.៤២ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងជួញដូរនៅសហរដ្ឋអាមេរិក ធ្លាក់ចុះជិត ៨,៥% មកនៅត្រឹម ១០៣.២៥ ដុល្លារ។

ទន្ទឹមនោះ តម្លៃប្រេងឆៅ West Texas Intermediate (WTI) បានធ្លាក់ចុះជាង ១៥% នៅក្នុងការជួញដូរក្រៅម៉ោង មកនៅត្រឹមតិចជាង ៩៥ ដុល្លារប៉ុណ្ណោះក្នុងមួយបារ៉ែល។

ទោះបីជាយ៉ាងណាក៏ដោយ តម្លៃនេះនៅតែមានកម្រិតខ្ពស់ជាងឆ្ងាយណាស់ បើធៀបទៅនឹងពេលមុនផ្ទុះសង្គ្រាមកាលពីថ្ងៃទី២៨ខែកុម្ភៈ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម