Connect with us

ព័ត៌មានអន្ដរជាតិ

គុយវ៉ែត បណ្ដេញអ្នកការទូតអ៊ីរ៉ង់ពីប្រទេស ក្រោយរងការវាយប្រហារដោយមីស៊ីល និងដ្រូន

បានផុស

នៅ

ក្រសួងការបរទេសគុយវ៉ែត បានប្រកាសបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ចំនួនពីររូបចេញពីប្រទេស ដោយបញ្ជាឱ្យចាកចេញជា​បន្ទាន់​ ក្នុងរយៈពេល ២៤ម៉ោង ព្រមទាំងបង្គាប់ឱ្យកាត់បន្ថយចំនួនបុគ្គលិកស្ថានទូតអ៊ីរ៉ង់ផងដែរ។

ការ​វាយប្រហារ​របស់​អ៊ីរ៉ង់​នៅ​គុយវ៉ែត កាល​ពី​ថ្ងៃទី​៣ មិថុនា ២០២៦ (រូបថត៖ បណ្ដាញ​សង្គម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន The New Region ចុះផ្សាយ​កាល​ពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៦ វិធានការណ៍ដ៏ក្ដៅគគុកនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានការវាយប្រហារតាមអាកាសពីសំណាក់ប្រទេសអ៊ីរ៉ង់ទៅ​លើទឹកដីគុយវ៉ែត។ កាលពី​ថ្ងៃពុធ មីស៊ីលបាលិស្ទីក និងដ្រូនជាច្រើនគ្រឿង ត្រូវបានបាញ់សំដៅទៅកាន់ប្រទេសគុយវ៉ែត បារ៉ែន អេមីរ៉ាតអារ៉ាប់រួម និងអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយបកគ្នាយ៉ាងសាហាវរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងតំបន់។

ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការកើនឡើងកម្ដៅជម្លោះទ្រង់ទ្រាយធំ ដែលនៅក្នុងនោះ កងទ័ពអ៊ីរ៉ង់ និងអាមេរិក បានបើកការវាយប្រហារតបតគ្នាទៅវិញទៅមកពាស​ពេញតំបន់មជ្ឈិមបូព៌ា ដោយភាគីទាំងសងខាងសុទ្ធតែបានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក ចំពោះការបើកឆាកប្រយុទ្ធមុន។ ក្រោយមក ទីក្រុងតេហេរ៉ង់ បានចោទប្រកាន់ប្រទេសគុយវ៉ែត និងបារ៉ែន ថាជាអ្នកផ្ដល់ទីតាំងឱ្យសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បីវាយប្រហារលើអ៊ីរ៉ង់ ព្រមទាំងបានព្រមានសងសឹកថែមទៀតផង។

ឆ្លើយតបនឹងស្ថានការណ៍ដ៏តានតឹងនេះ អនុរដ្ឋមន្ត្រីការបរទេសគុយវ៉ែត លោក Hamad Sulaiman al-Mashaan បានកោះហៅទូត​ស្ដីទីរបស់អ៊ីរ៉ង់ប្រចាំគុយវ៉ែត ដើម្បីប្រគល់លិខិតតវ៉ាផ្លូវការប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ង់ ព្រមទាំងជូនដំណឹងពីការសម្រេចចិត្តកាត់បន្ថយចំនួនបុគ្គលិកស្ថានទូត និងបណ្ដេញមន្ត្រីទូតអ៊ីរ៉ង់ពីររូប ឱ្យចាកចេញពីទឹកដីគុយវ៉ែតក្នុងរយៈពេលយ៉ាងយូរ ២៤ម៉ោង។ ក្រសួងការបរទេសគុយវ៉ែត បានគូសបញ្ជាក់ថា ការសម្រេចចិត្តនេះ ធ្វើឡើង បន្ទាប់ពីអ៊ីរ៉ង់បានបន្តវាយប្រហារយ៉ាងសាហាវព្រៃផ្សៃដោយប្រើមីស៊ីល និងដ្រូន។

ការវាយប្រហារលើទឹកដីគុយវ៉ែតនេះ បានដៅ​គោលដៅលើតំបន់ស៊ីវិល និងទីតាំងសំខាន់ៗ រួមទាំងព្រលានយន្តហោះអន្តរជាតិគុយវ៉ែតផងដែរ ដែលបណ្តាលឱ្យជនបរទេសសញ្ជាតិឥណ្ឌាម្នាក់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស។ យោធាគុយវ៉ែត បានអះអាងថា កងកម្លាំងរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីលបាលិស្ទីករបស់សត្រូវចំនួន ១៣គ្រាប់ និងដ្រូនចំនួន ១៧គ្រឿង។ ជាមួយគ្នានោះ ក្រសួងការបរទេសគុយវ៉ែត បានច្រានចោលការចោទប្រកាន់របស់អ៊ីរ៉ង់ ដោយសង្កត់ធ្ងន់ថា គុយវ៉ែតមិនដែលអនុញ្ញាតឱ្យគេប្រើប្រាស់ទឹកដី ឬលំហអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពអរិភាពប្រឆាំងនឹងប្រទេសណាមួយឡើយ ហើយការចោទប្រកាន់របស់អ៊ីរ៉ង់ គឺគ្មានការពិត និងគ្មានភស្តុតាងទាល់តែសោះ ដោយគុយវ៉ែតមានសិទ្ធិពេញលេញ និងស្របច្បាប់ក្នុងការការពារខ្លួនឯង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម