Connect with us

ព័ត៌មានអន្ដរជាតិ

សោកនាដកម្មបាក់រំលំអគារ នៅហ្វីលីពីន ស្លាប់៣ និង​បាត់ខ្លួន ១៧នាក់

បានផុស

នៅ

ហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងកាល​ពី​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៦ នៅក្នុងទីក្រុង Angeles ដែលស្ថិតនៅភាគខាងជើងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន បន្ទាប់ពីអគារខ្ពស់មួយកន្លែងកំពុងសាងសង់ បានបាក់រំលំដួលរលំទាំងស្រុង។ គិតត្រឹម​ព្រឹក​ថ្ងៃចន្ទ នេះ ក្រុមអ្នកជំនាញសង្គ្រោះ បានទាញយកសាកសព​ជនរងគ្រោះ ២នាក់បន្ថែមទៀត ចេញពីគំនរបាក់បែក ដែលធ្វើឱ្យចំនួនអ្នកស្លាប់ផ្លូវការកើនឡើងដល់ ៣ នាក់ហើយ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ផ្សាយ​របស់ Al Jazeera មន្ត្រីព័ត៌មាននៃនាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ លោកស្រី Maria Leah Sajili បានប្រាប់ឱ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងពីរនាក់នោះ មានម្នាក់នៅមានដង្ហើមនៅឡើយពេលទាញចេញមក ប៉ុន្តែជាអកុសលបានបាត់បង់ជីវិត នៅពេលក្រោយមកទៀត ចំណែកឯម្នាក់ទៀត បានគាំងបេះដូងស្លាប់ តាំងពីនៅក្នុងគំនរថ្មម្ល៉េះ។

ខណៈពេលនេះ ក្រុមសង្គ្រោះ កំពុងព្យាយាមយ៉ាងដុតដៃដុតជើង ដើម្បីយកសាកសពម្នាក់ទៀត ដែលមើលឃើញថាជាប់នៅក្រោមនោះ ប៉ុន្តែមិនទាន់រាប់បញ្ចូលក្នុងបញ្ជីអ្នកស្លាប់ផ្លូវការនៅឡើយទេ លុះត្រាតែទាញយកសាកសពចេញមកក្រៅបានជោគជ័យ។ អ្វីដែលធ្វើឱ្យគេនៅមានសង្ឃឹមគឺ បន្ទាប់ពីប្រើប្រាស់ឧបករណ៍ស្កែនកម្តៅ (Thermal Scans) ស្រាប់តែរកឃើញសញ្ញានៃការដកដង្ហើម និងចលនាបេះដូងនៅក្រោមគំនរថ្ម ដែលបញ្ជាក់ថា អាចមានមនុស្សរស់រានមានជីវិតបន្ថែមទៀតជាប់នៅទីនោះ។ តាមរបាយការណ៍បឋម អ្នកបាត់ខ្លួន មានចំនួន ១៧នាក់ ដែលភាគច្រើនជាកម្មករសំណង់កំពុងបំពេញការងារ។ ជាធម្មតា ការដ្ឋាននេះ មានកម្មករធ្វើការរហូតដល់ ៧០នាក់ ប៉ុន្តែសំណាងល្អដែលចំថ្ងៃចុងសប្តាហ៍ ទើបកម្មករភាគច្រើនបានត្រឡប់ទៅផ្ទះអស់។

ទាក់ទិននឹងកិច្ចប្រតិបត្តិការសង្គ្រោះនេះដែរ លោកស្រី Sajili បានពន្យល់ថា ការជួយសង្គ្រោះមនុស្សក្នុងអគារបាក់រំលំ គឺមានការប្រឈម និងគ្រោះថ្នាក់ខ្លាំងណាស់ ពីព្រោះការរំកិលថ្ម ឬការដើររបស់ក្រុមសង្គ្រោះតែបន្តិចបន្តួច អាចធ្វើឱ្យគំនរអគាររង្គើបាក់ថែម ដែលអាចសង្កត់អ្នកជាប់នៅខាងក្រោមឱ្យស្លាប់ ឬអាចស្រុតរលំសង្កត់លើក្រុមសង្គ្រោះខ្លួនឯងតែម្តង។ ហេតុទើបបានជាដំណាក់កាលនេះ គេត្រូវធ្វើការដោយដៃ និងប្រុងប្រយ័ត្នបំផុត។ លុះត្រាតែអស់សង្ឃឹមថាគ្មានអ្នករស់រានមានជីវិតហើយ ទើបគេសម្រេចប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីកាយកម្ទេច​ថ្ម និងស្វែងរកសាកសព។

បច្ចុប្បន្ន មូលហេតុនៃការបាក់រំលំអគារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ខណៈអភិបាលក្រុង កំពុងស្វែងរកខ្លួនម្ចាស់អគារ ដើម្បីមកសាកសួរ និងបញ្ជាក់ពីចំនួនកម្មករពិតប្រាកដ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម