ព័ត៌មានអន្ដរជាតិ
UN ស៊ើបអង្កេត ក្រោយអ៊ីស្រាអែល បាញ់សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ជាង១០០នាក់ ពេលចាំបើកជំនួយ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃព្រហស្បតិ៍ទី២៩ខែកុម្ភៈ បានថ្កោលទោសការសម្លាប់ពលរដ្ឋប៉ាឡេស្ទីនជាង១០០នាក់ ដែលកំពុងរង់ចាំបើកជំនួយនៅតំបន់ហ្គាហ្សាភាគខាងជើង ហើយចាប់ផ្តើមស៊ើបអង្កេតជាបន្ទាន់ លើករណីនេះ។

អ្នកនាំពាក្យប្រមុខ UN គឺលោក Stephane Dujarric បានប្រាប់ទៅ Reuters ថា “លោកអគ្គលេខាធិការ បានថ្កោលទោសចំពោះឧបទ្ទវហេតុនៅភាគខាងជើងហ្គាហ្សា ដែលក្នុងនោះមានមនុស្សជាង១០០នាក់ ត្រូវបានគេសម្លាប់ពេលពួកគេកំពុងស្វែងរកជំនួយសង្គ្រោះជីវិត។ ជនស៊ីវិលដែលកំពុងអស់សង្ឃឹមនៅហ្គាហ្សា ត្រូវការជំនួយជាបន្ទាន់ រួមទាំងអ្នកនៅភាគខាងជើងដែលរងការឡោមព័ទ្ធផងដែរ ព្រោះ UN មិនអាចដឹកជំនួយចូលទីនោះជាងមួយសប្តាហ៍មកហើយ”។
តាមការបញ្ជាក់ពីមន្ត្រីប៉ាឡេស្ទីន, កងកម្លាំងអ៊ីស្រាអែល បានបើកការបាញ់ប្រហារទៅលើ ប្រជាជនប៉ាឡេស្ទីនដែលកំពុងរង់ចាំជំនួយនៅលើឆ្នេរសមុទ្រហ្គាហ្សា ដោយបានសម្លាប់មនុស្សចំនួន១០៤នាក់ និងរបួសជាង៧៦០នាក់ផ្សេងទៀត។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យយោធាអ៊ីស្រាអែល អះអាងថា កងទ័ពបាញ់នោះ គឺដើម្បីតែការពារខ្លួនប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋហ្គាហ្សា វាយប្រហារពួកគេនិងលុកលុយរថយន្តជំនួយ ដែលចូលទៅដល់តំបន់ ហ្គាហ្សាស្រ្ទីប ពេលព្រឹកព្រលឹម។
លោក Dujarric និយាយថា មិនមានវត្តមានមន្ត្រី UN នៅកន្លែងសោកនាដកម្មទេ ហើយច្បាស់ណាស់ ឧប្បត្តិហេតុនោះនឹងត្រូវស៊ើបអង្កេត មិនអាចបណ្តោយឲ្យកន្លងផុតទទេៗឡើយ។ ស្របពេលជាមួយគ្នានោះដែរ លោក Guterres បានរំលឹកឡើងវិញ នូវការអំពាវនាវរបស់លោកសុំឲ្យមានបទឈប់បាញ់មនុស្សធម៌ជាបន្ទាន់ និងការដោះលែងចំណាប់ខ្មាំងទាំងអស់ដោយគ្មានលក្ខខណ្ឌ។

សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែល បានបើកការវាយលុកផ្លូវអាកាសនិងដីគោកទ្រង់ទ្រាយធំនៅតំបន់ហ្គាហ្សា បន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស ឆ្មក់ចូលសម្លាប់មនុស្សប្រហែល១២០០នាក់នៅភាគខាងត្បូងប្រទេស និងចាប់២៥៣នាក់ធ្វើជាចំណាប់ខ្មាំង ប៉ុន្តែមានអ្នកខ្លះត្រូវបានដោះលែងមកវិញហើយ។
ចំណែក ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្ហាញតួលេខថា មនុស្សជាង៣ម៉ឺននាក់ហើយ ត្រូវបានសម្លាប់នៅក្នុងទឹកដីនេះ ចាប់តាំងពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣មក ខណៈជាង៧ម៉ឺននាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ពលរដ្ឋហ្គាហ្សា ខ្លះជិះទូក ខ្លះហែលទឹក ចូលសមុទ្រ ប្រថុយជីវិតទៅយកជំនួយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


