Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គ្រោងសង់សហគមន៍ថ្មី ១៣កន្លែងនៅ West Bank ខណៈប៉ាឡេស្ទីនព្រមានថាជាការលេបទឹកដីជាកង់ៗ

បានផុស

នៅ

ស្ថានការណ៍នៅតំបន់វ៉ែសប៊ែង (West Bank) កាន់តែក្តៅគគុក បន្ទាប់ពីគណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តផែនការសាងសង់សហគមន៍ជ្វីហ្វ​ថ្មីចំនួន ១៣កន្លែងបន្ថែមទៀត នៅចំកណ្តាលទឹកដីដែលខ្លួនកំពុងកាន់កាប់។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាត់ការនេះ បានធ្វើឱ្យមន្ត្រីប៉ាឡេស្ទីនចេញមុខព្រមានទាំងកំហឹងថា វានឹងធ្វើឱ្យទឹកដីប៉ាឡេស្ទីនត្រូវហែកហួរជាកង់ៗ និងកាត់ផ្តាច់តំបន់ហ្សេរុយសាឡឹមខាងកើត ចេញពីសហគមន៍ប៉ាឡេស្ទីនទាំងស្រុង។

តាមការចុះផ្សាយរបស់​សារព័ត៌មាន Anadolu នាថ្ងៃទី​៣ ខែ​កក្កដា ឆ្នាំ​២០២៦ គម្រោងដំណាក់កាលដំបូងរបស់​អ៊ីស្រាអែល នឹងត្រូវចាប់ផ្តើមអនុវត្ត ក្នុងពេលប៉ុន្មានខែខាងមុខ ដោយរដ្ឋាភិបាលគ្រោងនឹងបោះទុនរាប់លានដុល្លារ ដើម្បីបង្កើតសហគមន៍ដំបូងពី៤ ទៅ ៦កន្លែង ព្រមទាំងផ្តល់ថវិកានិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទទួលស្គាល់សហគមន៍ខុសច្បាប់ចាស់ៗមួយចំនួន ឱ្យទៅជាស្របច្បាប់ថែមទៀតផង។ អាជ្ញាធរប៉ាឡេស្ទីន បានថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា វា​ជាល្បិចកលរបស់អ៊ីស្រាអែល ក្នុងការបង្កើតតថភាពភូមិសាស្ត្រថ្មីមួយនៅលើដី ដើម្បីលេបយកទឹកដីបន្ថែម និងរឹតបន្តឹងការគ្រប់គ្រងរបស់ខ្លួន។

មន្ត្រីប៉ាឡេស្ទីន បានបន្ថែមថា ការពន្លឿនគម្រោងពង្រីកទឹកដីយ៉ាងគំហុក​របស់អ៊ីស្រាអែលនៅពេលនេះ គឺធ្វើឡើងដើម្បីចំណេញនយោបាយក្នុងស្រុក ចំពេលដែលការបោះឆ្នោតជាតិរបស់អ៊ីស្រាអែល ជិតចូលមកដល់។ ទង្វើនេះ មិនត្រឹមតែជារំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាកំពុងតែបំផ្លាញក្តីសង្ឃឹម ក្នុងការបង្កើតរដ្ឋប៉ាឡេស្ទីនមួយ ដែលមានទឹកដីតជាប់គ្នាទៅថ្ងៃអនាគត។ បើតាមទិន្នន័យស្រាវជ្រាវ ការពង្រីកសហគមន៍របស់អ៊ីស្រាអែល បានហក់ឡើងក្នុងល្បឿនគួរឱ្យខ្លាច ដោយកាលពីចន្លោះឆ្នាំ២០១២ ដល់ ២០២២ មានការបង្កើតសហគមន៍​អ៊ីស្រាអែល​ត្រឹមតែ ៨កន្លែងក្នុងមួយឆ្នាំ ប៉ុន្តែចំនួននេះ បានហក់ឡើងដល់ ៦២កន្លែងក្នុងឆ្នាំ២០២៤ និងឡើងរហូតដល់ ៨៦កន្លែងក្នុងឆ្នាំ២០២៥ កន្លងទៅ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម