ព័ត៌មានអន្ដរជាតិ
ស៊ែប៊ី ទិញយន្តហោះចម្បាំង ៣ពាន់លានដុល្លារពីបារាំង ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី
ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសពីកិច្ចព្រមព្រៀងតម្លៃ ៣ពាន់លានដុល្លារ ដើម្បីទិញយន្តហោះចម្បាំងរបស់បារាំងចំនួន ១២គ្រឿង ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែកលើសព្វាវុធពីរុស្ស៊ី។

ការប្រកាសអំពីការទិញយន្តហោះចម្បាំង Rafale ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយក្នុងរដ្ឋធានី Belgrade ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron អំឡុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃទៅកាន់ប្រទេសស៊ែប៊ី ដែលជាផ្នែកនៃអ្វីដែលមន្ត្រីបារាំងបានហៅថាជាយុទ្ធសាស្រ្តនៃការនាំប្រទេសស៊ែប៊ីកាន់តែខិតទៅជិតសហភាពអឺរ៉ុប។
លោក Macron បានចាត់ទុកកិច្ចព្រមព្រៀងនេះថា «ជាប្រវត្តិសាស្ត្រ និងសំខាន់» ហើយបាននិយាយថា វាបង្ហាញពី «ភាពក្លាហានជាយុទ្ធសាស្ត្រ» របស់ប្រទេសស៊ែប៊ី។ លោកបន្តទៀតថា៖ «សហភាពអឺរ៉ុបត្រូវការប្រទេសស៊ែប៊ីដ៏រឹងមាំ និងប្រជាធិបតេយ្យនៅខាងខ្លួន ហើយស៊ែប៊ីត្រូវការអឺរ៉ុបដែលមានអធិបតេយ្យភាពរឹងមាំដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ កន្លែងរបស់ស៊ែប៊ីគឺនៅក្នុងសហភាពអឺរ៉ុប ហើយវាមានតួនាទីធ្វើជាគំរូសម្រាប់តំបន់ទាំងអស់»។
ប្រទេសស៊ែប៊ី កំពុងស្វែងរកសមាជិកភាពនៅក្នុងសហភាពអឺរ៉ុបជាផ្លូវការ ប៉ុន្តែនៅក្រោមការគ្រប់គ្រងបែបអត្ថាធិបតេយ្យកាន់តែខ្លាំងឡើងរបស់លោក Vucic បានធ្វើឲ្យមានការរីកចម្រើនតិចតួចនៅក្នុងវិស័យនីតិរដ្ឋ និងកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ ដែលជាលក្ខខណ្ឌចម្បងសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប។
ការលក់យន្តហោះចម្បាំង Rafale ទៅឲ្យស៊ែប៊ី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី បានបង្កជាការព្រួយបារម្ភមួយចំនួន ដែលមួយក្នុងចំណោមនោះគឺថារុស្ស៊ីអាចលួចចម្លងបច្ចេកវិទ្យាដែលបំពាក់នៅលើយន្តហោះ Rafale។
នៅពេលសួរនាំថាតើកិច្ចព្រមព្រៀងយន្តហោះចម្បាំងរួមបញ្ចូលការរឹតបន្តឹងលើការចែករំលែកបច្ចេកវិទ្យាយន្តហោះ Rafale របស់ស៊ែប៊ីដល់រុស្ស៊ីដែរឬក៏អត់ លោក Macron បានឆ្លើយតបថា កិច្ចព្រមព្រៀងនោះរួមមាន «ការធានាពេញលេញដូចជាកិច្ចព្រមព្រៀងការពារជាតិឯងទៀត» អ៊ីចឹងដែរ ដោយមិនបានបញ្ជាក់លម្អិតអ្វីទៀតឡើយ។
រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់យន្តហោះយោធាដល់ប្រទេសស៊ែប៊ីយូរណាស់មកហើយ ហើយស៊ែប៊ីវិញទៀតសោតក៏បានបដិសេធចូលរួមក្នុងការដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងទីក្រុងមូស្គូសម្រាប់ការឈ្លានពានអ៊ុយក្រែនផងដែរ។
លោក Vucic បានពណ៌នាការទិញយន្តហោះ Rafale ថាជាការអភិវឌ្ឍ «ដ៏ធំ» ហើយនិយាយថា៖ «វានឹងរួមចំណែកយ៉ាងច្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពប្រតិបត្តិការរបស់កងទ័ពរបស់យើង ដែលជាវិធីសាស្រ្តខុសប្លែកពីមុនទាំងស្រុង ហើយយើងរីករាយក្នុងការក្លាយជាផ្នែកមួយនៃសមាជិកយន្តហោះ Rafale»។

បន្ថែមពីនេះ ប្រធានាធិបតីស៊ែប៊ី បានច្រានចោលរាល់ការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិចអំពីលទ្ធភាព ដែលស៊ែប៊ីនឹងផ្ទេរបច្ចេកវិទ្យាទៅឲ្យរុស្ស៊ី ដោយសារតែទំនាក់ទំនងជិតស្និទ្ធរវាងសម្ព័ន្ធមិត្តទាំងពីរ។
លោក Vucic បាននិយាយថា៖ «ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ស៊ែប៊ីមានយន្តហោះរបស់លោកខាងលិច។ អ្នកចង់មានប្រទេសស៊ែប៊ីជាដៃគូ ហើយបន្ទាប់មកអ្នកបញ្ចេញការសង្ស័យ?»។
ប្រទេសស៊ែប៊ី ធ្លាប់ពិចារណាលើការទិញយន្តហោះ Rafale ថ្មីអស់រយៈពេលជាងពីរឆ្នាំមកហើយ ចាប់តាំងពីប្រទេសជិតខាងដែលជាគូប្រជែងរបស់ខ្លួនគឺ ប្រទេសក្រូអាស៊ី បានទិញយន្តហោះចម្បាំងប្រើរួចចំនួន ១២គ្រឿងនៃប្រភេទដូចគ្នានេះក្នុងតម្លៃប្រហែល ១,១ពាន់លានដុល្លារ។
ការទិញយកនេះជួយឲ្យស៊ែប៊ីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសរបស់ខ្លួន ដែលភាគច្រើនប្រើប្រាស់យន្តហោះចម្បាំង MiG-29 ផលិតដោយសូវៀត និងយន្តហោះប្រយុទ្ធយូហ្គោស្លាវីដែលមានអាយុកាលចំណាស់ៗ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


