Connect with us

ព័ត៌មានអន្ដរជាតិ

ស្រ្តីបារាំងម្នាក់ ឆ្លងវីរុសហាន់តា ពេលនេះធ្លាក់ខ្លួនឈឺធ្ងន់ ដំណាក់កាល ចុងក្រោយ 

បានផុស

នៅ

ស្រ្តីជនជាតិបារាំងម្នាក់ ដែលគេបញ្ជាក់ថា ឆ្លងវីរុសហាន់តា នៅលើនាវាទេសចរណ៍ MV Hondius ប៉ុន្តែត្រូវបានជម្លៀសចេញរួចហើយ និងកំពុងទទួលការព្យាបាលក្នុងមន្ទីរពេទ្យនៅទីក្រុងប៉ារីស នោះ ឥឡូវកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ឈានដល់ការប្រើសួតសិប្បនិម្មិត ដើម្បីជួយសង្គ្រោះជីវិត នៅដំណាក់កាលចុងក្រោយ។

គ្រូពេទ្យណែនាំទេសចរអាមេរិកម្នាក់ ក្រោយចុះពីនាវា MV Hondius (រូប៖ Reuters)

សារព័ត៌មាន NPR បានដកស្រង់សម្តីវេជ្ជបណ្ឌិត Xavier Lescure ឯកទេសផ្នែកជំងឺឆ្លង នៅមន្ទីរពេទ្យ Bichat ដែលនិយាយ នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ថា អ្នកជំងឺ (មិនបញ្ចេញឈ្មោះ) កំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ដំណាក់កាលចុងក្រោយ ព្រោះនាងខូចសួតធ្ងន់ធ្ងរ និងមានបញ្ហាទាំងបេះដូងទៀត។

លោកវេជ្ជបណ្ឌិតប្រាប់ថា ស្ត្រីរូបនោះ កំពុងត្រូវបានជួយសង្គ្រោះ ដោយឧបករណ៍ទ្រទ្រង់ជីវិត ដែលត្រូវបូមឈាម ឆ្លងកាត់សួតសិប្បនិម្មិត ដើម្បីផ្តល់អុកស៊ីសែនទៅក្នុងឈាម រួចបញ្ជូនត្រឡប់ ចូលទៅក្នុងរាងកាយវិញ។

វីរុសហាន់តា (រូប៖ Reuters)

យោងតាមគេហទំព័រ Clinikk, វីរុសហាន់តា គឺមានភាពកាចសាហាវ ជាពិសេសប្រភេទ HPS (Hantavirus Pulmonary Syndrome) ដែលរកឃើញនៅ អាមេរិក ដោយវាមានអត្រាស្លាប់ខ្ពស់ រហូតដល់ ៣៨% ទៅ ៤០% ឯណោះ។ នេះមានន័យថា អ្នកឆ្លង ១០ នាក់ អាចស្លាប់ជិត ៤ នាក់ ទៅហើយ។

យ៉ាងណា ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​មិនទាន់ទាញសញ្ញាអាសន្នណាមួយឡើយ ចំពោះវិបត្តិសុខភាពថ្មីនេះ ដោយអះអាងថា បច្ចុប្បន្ន មិនទាន់មានសញ្ញា អំពីការសាយភាយទ្រង់ទ្រាយធំជាសកល នៃវីរុសនេះនោះទេ។

ប្រមុខ WHO លោក Tedros Adhanom Ghebreyesus (រូប៖ Reuters)

ដោយឡែក បើយោងតាមក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា, វីរុសហាន់តា គឺជាវីរុស ដែលអាចបង្កជំងឺធ្ងន់ធ្ងរ លើមនុស្ស ហើយមនុស្ស អាចឆ្លងវីរុសនេះ តាមរយៈការប៉ះពាល់ជាមួយសត្វកកេរ​ ដូចជាកណ្តុរ កំប្រុក ស្កា និងសំពោចជាពិសេសទឹកនោម លាមក និងទឹកមាត់របស់វា។ ការឆ្លងតាមរយៈការខាំ ឬខ្វាចដោយសត្វកកេរ អាចកើតមាន ប៉ុន្តែកម្រណាស់។

យ៉ាងណា បច្ចុប្បន្ន មិនមានឱសថ ឬវ៉ាក់សាំងជាក់លាក់ណាមួយ សម្រាប់ការពារការឆ្លងវីរុសហាន់តាឡើយ មានតែការព្យាបាលថែទាំគាំទ្រ ទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម