Connect with us

ព័ត៌មានអន្ដរជាតិ

ចារកម្ម​អ៊ុយក្រែន ប្រាប់​ថា សព្វាវុធ​ដែល​រុស្ស៊ី​ប្រើ​ធ្វើ​សង្គ្រាម​៤០%​មាន​ប្រភព​ចេញ​ពី​កូរ៉េខាងជើង

បានផុស

នៅ

មន្ត្រីចារកម្មយោធាកំពូលរបស់អ៊ុយក្រែន លោក Kyrylo Budanov បាន​ប្រាប់​ថា កូរ៉េខាងជើងឥឡូវនេះកំពុងផ្គត់ផ្គង់សព្វាវុធ​ប្រមាណ ៤០% ដែលកងកម្លាំងរុស្ស៊ីប្រើ​ប្រាស់​ក្នុងការលុកលុយជាបន្តបន្ទាប់​ទៅ​លើ​អ៊ុយក្រែន។

លោក Kyrylo Budanov (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​​តាម​ការ​ចុះ​ផ្សាយ​​​​កាល​ពី​ថ្ងៃ​ទី​១១​​ខែ​កក្កដា​របស់សារព័័ត៌មាន Bloomberg ថ្លែងនៅក្នុងវេទិកាសន្តិសុខក្នុងទីក្រុងកៀវ លោក Budanov បានបញ្ជាក់ថា ការគាំទ្រនេះបានក្លាយជារឿងសំខាន់សម្រាប់​សង្រ្គាមរបស់រុស្ស៊ី ជាពិសេសក្នុងការរក្សាប្រតិបត្តិការកាំភ្លើងធំនៅជួរមុខ។

យោងតាមលោក Budanov កូរ៉េខាងជើងបាននិងកំពុងបន្តចែកចាយនូវគ្រាប់កាំភ្លើងធំខ្នាត ១២២មិល្លិម៉ែត្រ និង ១៥២មិល្លិម៉ែត្រស្តង់ដារសូវៀត ក៏ដូចជាអាវុធសម្រាប់ប្រព័ន្ធ​បាញ់​រ៉ុកកែត​ជាច្រើនគ្រាប់។ បន្ថែម​ពី​នេះ ទីក្រុងព្យុងយ៉ាងត្រូវបានគេរាយការណ៍ថាបានផ្ទេរសព្វាវុធធុនធ្ងន់សំខាន់ៗទៅកាន់ប្រទេសរុស្ស៊ី រួមទាំងប្រព័ន្ធកាំភ្លើងធំ ១៧០មិល្លិម៉ែត្រ និង​​ប្រព័ន្ធ​បាញ់​រ៉ុកកែត ២៤០​មិល្លិម៉ែត្រ សរុប​ចំនួន ១២០​គ្រឿង ហើយ​នៅ​ចុង​ឆ្នាំ​​រំពឹង​ថា​នឹង​មាន​​ការ​ដឹក​ជញ្ជូន​​ទៅ​ឲ្យ​បន្ថែម​​ទៀត​ចំនួន ១៤៨​គ្រឿង​។

អ៊ុយក្រែនជឿថា ការរួមចំណែករបស់កូរ៉េខាងជើងមិនមែន​ត្រឹម​តែ​ចំពោះអាវុធ និងគ្រាប់រំសេវទេ។ លោក Budanov បានអះអាងថា ប្រទេសកូរ៉េខាងជើងក៏បានដាក់ពង្រាយបុគ្គលិកប្រមាណ ១២ ០០០​នាក់ទៅកាន់​រុស្ស៊ីផងដែរ ដែលភាគច្រើនទំនងជាពាក់ព័ន្ធនឹងតួនាទីដឹកជញ្ជូន ឬវិស្វកម្ម។ លោក​បាន​បន្ថែម​ថា កន្លង​មក​នេះ ទាហាន​កូរ៉េ​ខាង​ជើង​​ប្រហែល ៤ ០០០នាក់​ត្រូវ​បាន​សម្លាប់​​នៅលើ​សមរភូមិ។

ជាថ្នូរនឹងជំនួយយោធានេះ រុស្ស៊ី​បាន​ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កូរ៉េខាងជើង លទ្ធភាពទទួលបានបច្ចេកវិទ្យាយោធាដ៏រសើប និងជំនួយបច្ចេកទេសក្នុងការអភិវឌ្ឍមីស៊ីល។ ភាពជាដៃគូនេះត្រូវបានចាត់ទុកដោយអ៊ុយក្រែនថាជាកង្វល់ដ៏សំខាន់មួយ ព្រោះវាមិនត្រឹមតែជួយទ្រទ្រង់ការវាយលុករបស់រុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់អំណាចដល់សមត្ថភាពយោធារបស់កូរ៉េខាងជើងក្នុងការប្រឆាំងនឹងទណ្ឌកម្មអន្តរជាតិផងដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម